ប្រធានបទ៖ ក្រោយជ្រមុជទឹកគ្រីស្តបរិស័ទបានទទួលជីវិតថ្មី ហេតុអ្វីបានជាពួកគេនៅតែជួបបញ្ហាក្នុងជីវិត?

បកស្រាយដោយ៖ លោកបូជាចារ្យ អេមេល្សដាល ហ្វ្រង់ស្វ័រ (ព្រះសហគមន៍ភូមិភាគភ្នំពេញ)
បូ. ហ្វ្រង់ស្វ័រ៖ “គ្រីស្តបរិស័ទម្នាក់ដែលដើរតាមព្រះគ្រីស្ត ដោយទទួលអគ្គសញ្ញាជ្រមុជទឹករួចហើយក្តីក៏នៅតែរងទុក្ខលំបាក មិនអាចជៀសផុតនោះទេ! ប្រសិនបើយើងគិតថាការទទួលពិធីជ្រមុជទឹកដើម្បីរួចផុតពីទុក្ខលំបាក សូមកុំជឿលើព្រះយេស៊ូ ហើយក៏កុំទទួលអគ្គសញ្ញាជ្រមុជទឹកអី!”។ ជាមនុស្សលោកម្នាក់ ឬក៏ជាគ្រីស្តបរិស័ទម្នាក់ គឺនៅតែរងទុក្ខលំបាកក្នុងជីវិតមិនអាចជៀសផុតឡើយ ព្រោះយើងជាមនុស្សទន់ខ្សោយងាយធ្លាក់ចូលក្នុងការល្បួងផ្សេងៗរាប់រយជំពូក។ ព្រះយេស៊ូបានត្រាស់ហៅយើងឲ្យមកទទួលពិធីជ្រមុជទឹក ដើម្បីទទួលបានជីវិតថ្មី ដោយផ្ញើជីវិតទាំងស្រុងលើទ្រង់ ដែលបានលាក់ទុក ឬកត់ត្រាក្នុងអង្គព្រះយេស៊ូ។
ត្រង់ចំណុចនេះបានប្រាប់យើងឲ្យមានសង្ឃឹមជានិច្ចរហូតដល់ពេលស្លាប់ និងក្រោយការស្លាប់ត្បិតមនុស្សគ្រប់គ្នា និងមានជីវិតរស់ឡើងវិញរួមជាមួយព្រះយេស៊ូគ្រីស្ត។ សួរថាតើយើងមានជីវិតថ្មីយ៉ាងដូចម្តេច? ចម្លើយនោះគឺ ពេលយើងបានទទួលពិធីជ្រមុជទឹកយើងបានផ្លាស់ប្តូររបៀបរស់នៅខុសពីមុន ដែលគិតតែអំពីខ្លួនឯង មកបើកចិត្តគំនិតចេះគិតគូពីបងប្អូននៅជុំវិញខ្លួនដែលកំពុងតែជួបការលំបាក។ កាលពីមុនដែលដឹង ឬក៏ស្គាល់ថាព្រះជាម្ចាស់ជានណា? ជាអ្វី? ជួយសង្គ្រោះមនុស្សយ៉ាងដូចម្តេច និងរបៀបណា? តែពេលនេះបានដឹងបានស្គាល់ នឹងបានយល់ច្បាស់ពីព្រះទ័យប្រណីសណ្តោសរបស់ទ្រង់ចំពោះបងប្អូនទាំងអស់ ដោយមិនប្រកាន់ថាអ្នកនោះល្អ ឬអាក្រក់នោះឡើយ អ្វីកាន់តែពិសេសនោះគឺ ខ្ញុំមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយព្រះជាម្ចាស់ទៀតផង។
កន្លងមកខ្ញុំរស់នៅក្នុងភាពងងឹតមិនយល់អ្វីទៅជាពន្លឺនៃជីវិត? តែក្រោយពីទទួលអគ្គសញ្ញាជ្រមុជទឹករួច បានជួយបំភ្លឺខ្ញុំឲ្យយល់ពីអត្ថន័យនៃជីវិតរួមរស់ជាមួយព្រះជាម្ចាស់ ដែលផ្តោតសំខាន់លើការចេះជួយយកអាសារអ្នកដទៃ ទោះជាខ្លួនខ្ញុំផ្ទាល់ដែលជាគ្រីស្តបរិស័ទនៅតែមានទុក្ខលំបាកផ្ទាល់ខ្លួនក៏ដោយ។ ប៉ុន្តែដោយសារពិធីជ្រមុជទឹកធ្វើឲ្យខ្ញុំមានកំលាំងអាចឆ្លងកាត់ទុក្ខលំបាកទាំងនេះបាន ទោះបីជួបបញ្ហាទុក្ខលំបាកយ៉ាងណាក៏ដោយ ខ្ញុំនៅតែរួមរស់ជាមួយព្រះយេស៊ូនៅលើឈើឆ្កាង ពេលណាខ្ញុំសម្លឹងមើលព្រះយេស៊ូនៅលើឈើឆ្កាង ខ្ញុំបាននឹកឃើញពីទុក្ខលំបាករបស់ខ្លួន។ តួយ៉ាងយើងគ្រប់គ្នាបានដឹងថា ព្រះយេស៊ូជាព្រះបុត្រារបស់ព្រះជាម្ចាស់បានបោះបង់ដំណែងនេះ មករស់នៅជាមនុស្សសាមញ្ញហើយទទួលរងទុក្ខរួមជាមួយមនុស្សទូទៅ។ ចំណុចនេះជួយខ្ញុំបានស្រាលពីទុក្ខព្រួយដែលបានជួបនសព្វថ្ងៃ ដោយមានអំណរសប្បាយ និងរស់នៅក្នុងសុភមង្គលរួមជាមួយបងប្អូន។ បងប្អូនជាទីស្រឡាញ់! ពិតណាស់ នៅក្នុងលោកនេះគ្មាននណាម្នាក់អាចរួចផុតពីទុក្ខលំបាកនោះឡើយ ប៉ុន្តែដោយសារវត្តមានរបស់ព្រះយស៊ូនៅក្នុងលោកនេះបានធ្វើឲ្យទុក្ខលំបាកទាំងនោះស្រាលជាងមុន ជួយឲ្យមនុស្សលោករស់នៅដោយអំណរសប្បាយក្នុងទុក្ខព្រួយរៀងៗខ្លួន។
ដូច្នេះបងប្អូនត្រូវយល់ និងចងចាំជានិច្ចថា ការទទួលពិធីជ្រមុជទឹកមិនមែនដើម្បីរួចផុតពីទុក្ខលំបាកនោះទេ តែដើម្បីទទួលបានជីវិតអស់កលជានិច្ច ហើយរួមរស់ជាមួយព្រះយេស៊ូដោយមានទំនាក់ទំនងយ៉ាងជិតស្និត ផ្លាស់ប្តូររបៀបរស់នៅថ្មីក្នុងពន្លឺរបស់ព្រះគ្រីស្តយេស៊ូ។ អាមែន
ដោយ ឆាក លាំង
Daily Program
