តើ «ប័ណ្ណសមធម៌» សម្រាប់ជនក្រីក្រ ពិតជាងាយស្រួលប្រើប្រាស់ និងមានប្រសិទ្ធភាពកម្រិតណា?
ប័ណ្ណសមធម៌ ឬដែលប្រជាពលរដ្ឋទូទៅចំណាំហៅថាម៉ត់មាត់ថា «ប័ណ្ណក្រីក្រ» គឺជាឯកសារផ្លូវការមួយសន្លឹកសម្រាប់បញ្ជាក់អត្តសញ្ញាណ និងកម្រិតជីវភាពមិនធូរធាររបស់គ្រួសារក្រីក្រ។ តាមរយៈប័ណ្ណនេះ ពលរដ្ឋអាចទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ឬទទួលបានការបន្ធូរបន្ថយតម្លៃសេវាសុខាភិបាល។ ទោះជាយ៉ាងណា សំឡេងឆ្លុះបញ្ចាំងពីសង្គមជុំវិញភាពងាយស្រួល និងប្រសិទ្ធភាពជាក់ស្តែងនៃការប្រើប្រាស់ប័ណ្ណនេះ នៅតែមានទស្សនៈខុសៗគ្នា រវាងអាជ្ញាធរ គ្រូពេទ្យ និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ផ្ទាល់។
ទាក់ទិននឹងដំណើរការនៃការទទួលបានប័ណ្ណសមធម៌ លោកស្រី ពេជ្យ កែវមុន្នី ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់និរោធ បានពន្យល់ថា ប្រជាពលរដ្ឋក្រីក្រត្រូវទៅកាន់សាលាឃុំ ឬសង្កាត់ ដើម្បីឱ្យមន្ត្រីធ្វើការសម្ភាសន៍ និងរាយនាមសមាជិកគ្រួសារ។
លោកស្រីចៅសង្កាត់បានបញ្ជាក់បន្ថែមថា៖ «ការចាត់ថ្នាក់គ្រួសារក្រីក្រ គឺផ្អែកលើស្ថានភាពជាក់ស្តែង ដូចជា ផ្ទះសម្បែង ស្ថានភាពរស់នៅ ស្ថានភាពជំងឺ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ ដោយមានការផ្តល់ពិន្ទុខ្ពស់ (៨) មធ្យម (៤) និងទាប (០) ហើយមន្ទីរផែនការជាអ្នកកំណត់អត្តសញ្ញាណ»។ លោកស្រីបានអះអាងទៀតថា បច្ចុប្បន្នប័ណ្ណនេះមានតម្លៃណាស់ ហើយអ្នកជំងឺកាន់ប័ណ្ណនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យថ្នាក់ជាតិ បន្ទាប់ពីមានការអនុវត្តគណនេយ្យភាពសង្គម។
ការអះអាងនេះ ក៏ត្រូវគ្នានឹងការបញ្ជាក់របស់លោក មាឃ មី ដែលជាគ្រូពេទ្យម្នាក់ ដោយលោកបានលើកឡើងថា ប័ណ្ណសមធម៌មានប្រយោជន៍ខ្លាំងណាស់ក្នុងការសម្រាលបន្ទុកហិរញ្ញវត្ថុរបស់អ្នកជំងឺក្រីក្រ ព្រោះអ្នកកាន់ប័ណ្ណនេះមិនតម្រូវឱ្យបង់ថ្លៃសេវាព្យាបាលឡើយ ខុសពីអ្នកដែលគ្មានប័ណ្ណ។
ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើបទពិសោធន៍ផ្ទាល់របស់ប្រជាពលរដ្ឋមួយចំនួន ការប្រើប្រាស់ប័ណ្ណសមធម៌នៅតែប្រឈមនឹងភាពរញ៉េរញ៉ៃ និងការរើសអើងសេវា។
លោក ឡាញ់ សុខវិសាល ពលរដ្ឋរស់នៅខេត្តកណ្តាល បានសម្តែងការមិនជឿជាក់លើប្រសិទ្ធភាពជាក់ស្តែងឡើយ ដោយលោកបានលើកឡើងថា៖ «ប្រជាជនជាច្រើនបានប្រាប់ខ្ញុំថា បើទៅពេទ្យរដ្ឋគេទទួលដែរ តែមិនសូវយកចិត្តទុកដាក់ ហើយថ្នាំសង្កូវវិញកម្របានថ្នាំល្អណាស់ ចំណែកឯពេទ្យឯកជនវិញគឺគេមិនទទួលយកប័ណ្ណនេះដាច់ខាត»។
ស្របពេលជាមួយគ្នានេះ អ្នកស្រី ហេង សុភាព ជាសាច់ញាតិអ្នកជំងឺមកពីខេត្តរតនគីរី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង បានរៀបរាប់ទាំងក្តុកក្តួលអំពីការរង់ចាំសេវាយ៉ាងយឺតយ៉ាវថា៖ «គ្រូពេទ្យប្រាប់ឱ្យខ្ញុំចាំបន្តិច ព្រោះពិបាករករៀបចំសៀវភៅបញ្ជីអ្នកមានប័ណ្ណ។ ប្រសិនបើខ្ញុំដឹងថា មានប័ណ្ណហើយត្រូវទទួលសេវាក្រោយគេបែបនេះ ខ្ញុំសុខចិត្តបង់ថ្លៃព្យាបាល ដើម្បីឱ្យកូនខ្ញុំបានព្យាបាលឆាប់រហ័ស»។
ទោះបីជាមានកង្វល់ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនៅតែបន្តជំរុញ និងពន្លឿនការផ្តល់ប័ណ្ណសមធម៌នេះដល់ជនក្រីក្រ រួមទាំងអ្នកសុំទានផងដែរ ដើម្បីឱ្យពួកគាត់ទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ។
ប័ណ្ណសមធម៌គឺជា ឆ្នាំងបាយ និងជាបង្អែកសុខភាពដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ប៉ុន្តែ ដើម្បីឱ្យគោលនយោបាយដ៏ល្អនេះមានប្រសិទ្ធភាពពេញលេញ អាជ្ញាធរពាក់ព័ន្ធ និងក្រសួងសុខាភិបាល ចាំបាច់ត្រូវពង្រឹងការគ្រប់គ្រង អាកប្បកិរិយាមន្ត្រីសុខាភិបាល និងកាត់បន្ថយនីតិវិធីស្មុគស្មាញ ដើម្បីធានាថាអ្នកក្រីក្រទទួលបានសេវាថែទាំស្មើភាព និងទាន់ពេលវេលា៕
