ដំណាំក្រូចវល្លិ៍ ប្រភពចំណូលរាប់ពាន់ដុល្លារក្នុងមួយខែ និងកំពុងមានតម្រូវការទីផ្សារខ្ពស់
វិស័យកសិកម្មនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ ស្ថានភាពបច្ចុប្បន្នបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា ផលិតផលកសិកម្មនៅតែមានតម្រូវការខ្ពស់ជានិច្ច ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ហើយរហូតមកទល់ពេលនេះ ផលិតផលកសិកម្មក្នុងស្រុកមិនទាន់មានការផ្អាកការបញ្ជាទិញណាមួយឡើយ។
ក្នុងចំណោមដំណាំហូបផ្លែកំពុងមានប្រជាប្រិយភាព ផ្លែតណ្ហា ឬគេស្គាល់ទូទៅថា «ក្រូចវល្លិ៍» កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំង ជាពិសេសនៅតាមបណ្តាហាងកាហ្វេ និងភោជនីយដ្ឋាននានា។ ដំណាំប្រភេទនេះនៅពេលទទួលបានផលហើយ គឺមិនខ្វះទីផ្សារនោះទេ។ ក្រៅពីមានទីផ្សារល្អ ផ្លែឈើប្រភេទនេះថែមទាំងមានអត្ថប្រយោជន៍ច្រើនចំពោះសុខភាព ដោយជាប្រភពនៃវីតាមីនសេ និងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺមហារីកទៀតផង។
ការដាំដុះក្រូចវល្លិ៍មិនមានភាពស្មុគស្មាញ ឬលំបាកនោះឡើយ។ បច្ចុប្បន្ន ដំណាំនេះមានការបញ្ជាទិញច្រើននៅលើទីផ្សារ រហូតធ្វើឱ្យប្រជាកសិករផលិតទិន្នផលផ្គត់ផ្គង់ស្ទើរតែមិនទាន់តម្រូវការ។ លោក សំ តុលា ដែលជាគ្រូបង្រៀនមួយរូប ហើយបានឆ្លៀតពេលទំនេរមកដាំដំណាំក្រូចវល្លិ៍ បានរៀបរាប់ឱ្យដឹងថា កាលពីឆ្នាំ២០១៦ ដំបូងឡើយលោកបានដាំដំណាំនេះត្រឹមតែប្រមាណ ៣០០ គុម្ពប៉ុណ្ណោះ។ ប៉ុន្តែដោយសារតែផ្លែឈើនេះផ្តល់ទិន្នផលច្រើន លក់បានតម្លៃខ្ពស់ និងមានទីផ្សារល្អ លោកក៏បានសម្រេចចិត្តពង្រីកការដាំដុះជាបន្តបន្ទាប់រហូតដល់ ១ ៣០០ គុម្ព លើផ្ទៃដី ១ ហិកតាកន្លះ នាពេលបច្ចុប្បន្ន។
លោក សំ តុលា បានបញ្ជាក់ពីលក្ខណៈបច្ចេកទេស និងផលចំណេញនៃការដាំដុះដូចខាងក្រោម៖
ដើមទុន និងផ្ទៃដី៖ លើផ្ទៃដីដាំដុះ ១ ហិកតាកន្លះ លោកបានចំណាយទុនវិនិយោគប្រមាណ ៨ ០០០ ដុល្លារអាមេរិក។
រយៈពេលប្រមូលផល៖ គិតចាប់ពីថ្ងៃដាំរហូតដល់ទទួលបានផល ប្រើពេលប្រហែលពី ៨ ទៅ ៩ ខែ។ ក្នុងមួយឆ្នាំ ដំណាំនេះឱ្យផលប្រហែល ៨ ខែ។
ទិន្នផល និងតម្លៃ៖ ក្នុងមួយខែៗ លោកអាចប្រមូលផលបានចន្លោះពី ២ ទៅ ៣ តោន ដោយលក់បានក្នុងតម្លៃចន្លោះពី ៨ ០០០ ដល់ ៩ ០០០ រៀល ក្នុងមួយគីឡូក្រាម។
លោក សំ តុលា បាននិយាយថា៖ «ពីដំបូងឡើយយើងដាំប្រហែលជា៣០០គុម្ពទេ ប៉ុន្តែយើងឃើញថាទិន្នផលវាផ្តល់ផ្លែច្រើន និងទីផ្សារក៏ល្អ។ យើងក៏បានធ្វើការដាក់ដាំបន្ថែមទៀត បច្ចុប្បន្ននេះយើងដាំបានប្រហែលជា១ហិចតាកន្លះ»។
អ្នកដាំក្រូចវល្លិ៍រូបនេះបានបន្តទៀតថា បច្ចុប្បន្នទីផ្សារក្រូចវល្លិ៍គឺមានទូលំទូលាយណាស់ បើទោះបីជាប្រមូលផលក្នុងមួយថ្ងៃបានរហូតដល់ ១ តោន ក៏មានអ្នកទទួលទិញអស់ដែរ។ មុខរបរមួយនេះបានបង្ហាញឱ្យឃើញថា ការកែប្រែប្រៀបទំនេរមកដាំដំណាំដែលមានតម្រូវការទីផ្សារខ្ពស់ អាចបង្កើតជាប្រភពចំណូលបន្ថែមរាប់ពាន់ដុល្លារក្នុងមួយខែៗយ៉ាងកាក់កប៕
