ក្រសួងកសិកម្ម ជំរុញឱ្យប្រជាកសិករប្រើប្រាស់ពូជស្រូវក្នុងស្រុក ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រាក់ចំណូល
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការជំរុញប្រជាកសិករឱ្យប្រើប្រាស់ពូជស្រូវក្នុងស្រុកសម្រាប់ធ្វើការដាំដុះ ដោយសារតែពូជទាំងនោះជួយកាត់បន្ថយថ្លៃដើមបានខ្ពស់ ឆាប់ប្រមូលផល ធន់នឹងការប្រែប្រួលអាកាសធាតុ មានប្រូតេអ៊ីនខ្ពស់ និងជួយបង្កើនជីវភាពប្រជាកសិករឱ្យកាន់តែប្រសើរឡើង។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យស្រូវអង្ករ ដោយផ្តោតលើខ្សែច្រវាក់តម្លៃទាំងមូល ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ការកែច្នៃ វេចខ្ចប់ និងការធ្វើពាណិជ្ជកម្មទាំងក្នុង និងក្រៅស្រុក។
លោកបានបន្តថា ក្រសួងកសិកម្មបានផលិតពូជស្រូវក្នុងស្រុកមួយចំនួនដូចជា ពូជស្រូវផ្ការំដួល ពូជស្រូវសែនក្រអូប ពូជស្រូវស្រង៉ែថ្មី និងពូជស្រូវចំប៉ីស៧០ ជាដើម ដែលសុទ្ធសឹងជាពូជមានលក្ខណៈអំណោយផលល្អ មិនរើសដីដាំដុះ ធន់នឹងអាកាសធាតុ ឆាប់បានប្រមូលផល និងមានប្រូតេអ៊ីនខ្ពស់។ ក្នុងនោះ ពូជស្រូវដែលបន្សុទ្ធដោយអ្នកវិទ្យាសាស្ត្រកម្ពុជា រួមមានពូជស្រូវផ្ការំដួល និងពូជស្រូវសែនក្រអូប ធ្លាប់ទទួលបានពានរង្វាន់លំដាប់ពិភពលោកចំនួន ៥ដងមកហើយ ដែលបង្ហាញពីស្តង់ដារគុណភាពអង្ករដ៏ល្អ និងជាពូជមិនប្រកាន់អាកាសធាតុដែលទទួលស្គាល់ដោយកសិករ។ លើសពីនេះ ក្រសួងក៏បានរៀបចំសហគមន៍ដើម្បីផ្គត់ផ្គង់ស្រូវដែលមានគុណភាពខ្ពស់ និងកាត់បន្ថយថ្លៃដើមឱ្យបានជាអតិបរិមាផងដែរ។
ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពូជស្រូវ លោកបណ្ឌិត អន ឈួន អនុប្រធានការិយាល័យរុក្ខជម្រើសវិទ្យា បានឱ្យដឹងថា ពូជស្រូវសែនក្រអូប ០១ ត្រូវបានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ផ្សព្វផ្សាយ និងចែកចាយទៅគ្រប់មន្ទីរជំនាញទូទាំង ២៥ រាជធានី-ខេត្ត ចាប់តាំងពីឆ្នាំ២០១៩ មកម៉្លេះ។
លោកបណ្ឌិត អន ឈួន បានបញ្ជាក់ថា៖ «អ៊ីចឹងមានន័យថាពូជស្រូវសែនក្រអូប ០១ហ្នឹង ត្រូវបានកសិករដាំដុះគឺស្ទើរតែគ្រប់ខេត្តនៅក្នុងតំបន់ដែលដាំដុះស្រូវ ក្នុងប្រទេសកម្ពុជាយើង។ ប៉ុន្តែទិន្នន័យទាក់ទងនឹង តើពូជស្រូវហ្នឹងត្រូវបានប្រជាជនប៉ុន្មានគ្រួសារ ឬក៏ប៉ុន្មានហិចតាធ្វើការដាំដុះនោះ គឺយើងអត់មានទិន្នន័យទាំងអស់នេះទេ»។ លោកបានបន្ថែមជាឧទាហរណ៍ថា នៅខេត្តពោធិ៍សាត់ តាមទិន្នន័យឆ្នាំ២០២២-២០២៣ មានប្រជាជនប្រហែល ៤ភាគរយ បានដាំដុះពូជស្រូវបន្សុទ្ធមួយនេះ ខណៈខេត្តផ្សេងៗទៀតមិនទាន់មានទិន្នន័យជាក់លាក់លើទំហំផ្ទៃដីដាំដុះនៅឡើយ។
ឧកញ៉ា សុង សារ៉ន បានថ្លែងថា វេទិកាស្រូវអង្ករកម្ពុជានេះ ឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីធ្វើឱ្យខ្សែច្រវាក់ផលិតកម្មស្រូវអង្ករកម្ពុជាកាន់តែប្រសើរឡើង។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖
ផ្សព្វផ្សាយសក្តានុពល សមត្ថភាពផលិតកម្ម ការកិនកែច្នៃ និងភាពប្រកួតប្រជែងនៃវិស័យស្រូវអង្ករកម្ពុជាទៅកាន់ពិភពលោក។
ចែករំលែកពីនិន្នាការទីផ្សារ បច្ចេកវិទ្យាដាំដុះ និងទស្សនវិស័យ គោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល។
បង្កើតវេទិការពិភាក្សាស្វែងរកធាតុចូល និងអនុសាសន៍ដើម្បីលើកកម្ពស់វិស័យស្រូវអង្ករ។
ពង្រឹង និងពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យឆ្លើយតបនឹងការប្រែប្រួលបរិយាកាស ព្រមទាំងលក្ខខណ្ឌតម្រូវលើផ្នែកបរិស្ថាន ការទទួលខុសត្រូវសង្គម និងអភិបាលកិច្ចល្អ (ESG) របស់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារសហគមន៍អឺរ៉ុបដែលចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២៦ តទៅ។
ជាការឆ្លើយតប លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តពង្រីកភាពជាដៃគូរវាងរដ្ឋ ស្ថាប័នស្រាវជ្រាវ និងវិស័យឯកជន ដើម្បីជំរុញការបង្កើតថ្មី តាមរយៈការស្រាវជ្រាវ និងវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលដៅបង្កើតផលិតផល បរិមាណ គុណភាព និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យបន្តវិនិយោគលើប្រព័ន្ធដឹកជញ្ជូន ឃ្លាំងស្តុកទុក និងរោងចក្រកែច្នៃ ដើម្បីបង្កើនតម្លៃបន្ថែមសម្រាប់ផលិតផលស្រូវអង្ករ ជាពិសេសសម្រាប់វាយលុកទីផ្សារថ្មីៗ។ ការវិនិយោគទាំងនេះ មិនត្រឹមតែជួយដល់ការផ្គត់ផ្គង់ទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់អធិបតេយ្យភាព និងសន្តិសុខស្បៀងអាហារជាតិទៀតផង៕
