ការតាមដានវដ្តសេដ្ឋកិច្ច មានសារៈសំខាន់សម្រាប់ម្ចាស់អាជីវកម្មក្នុងការបត់បែន
ការតាមដានអំពីវដ្តសេដ្ឋកិច្ច មានសារៈសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ក្នុងការត្រៀមខ្លួនឆ្លើយតបនឹងការផ្លាស់ប្តូរអាជីវកម្ម និងការរស់នៅរបស់ខ្លួន ឱ្យសមស្របទៅតាមបរិបទនៃការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចពិភពលោក និងសេដ្ឋកិច្ចក្នុងប្រទេស។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បានឱ្យដឹងថា ការតាមដានវដ្តសេដ្ឋកិច្ចមានសារៈសំខាន់ណាស់សម្រាប់ជីវភាពរស់នៅ ហើយក៏កាន់តែសំខាន់សម្រាប់អ្នកធ្វើអាជីវកម្ម ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងបត់បែនទៅតាមស្ថានភាពនៃការផ្លាស់ប្តូរនីមួយៗ។
លោកបណ្ឌិត ជ័យ តិច បានឱ្យដឹងថា៖ «ការតាមដានវដ្តសេដ្ឋកិច្ចមានសារៈសំខាន់ណាស់ ក្នុងប្រតិបត្តិការអាជីវកម្ម ការជួលបុគ្គលិក និងការដាក់ចេញនូវតម្លៃការផ្សព្វផ្សាយ។ ជាឧទាហរណ៍ ដូចអ្វីដែលយើងបានដឹង លក្ខណៈពិភពលោកគឺវិបត្តិសេដ្ឋកិច្ច និងវិបត្តិហិរញ្ញវត្ថុនោះ តែងតែកើតមានរយៈពេល ១១ ឆ្នាំម្តង»។
លោកបណ្ឌិត ជ័យ តិច បន្ថែមថា ដើម្បីរៀបចំបត់បែនទៅតាមស្ថានភាពនៃការផ្លាស់ប្តូរនេះ អ្នកធ្វើអាជីវកម្មក៏ត្រូវតែពិនិត្យលើតម្លៃ ទំហំនៃប្រតិបត្តិការ និងទំហំបុគ្គលិក ឱ្យសមស្របទៅនឹងបរិបទនៃការវិវត្តន៍សេដ្ឋកិច្ច។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងដែរថា ការតាមដានវដ្តនៃសេដ្ឋកិច្ច មានប្រយោជន៍ទៅលើការសម្រេចចិត្ត សម្រាប់អាជីវករ និងសម្រាប់និស្សិត គឺការចេះដឹងតាមដានពីសភាពការបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចរបស់ជាតិ និងសេដ្ឋកិច្ចអន្តរជាតិទុកជាចំណេះដឹង។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «សម្រាប់បងប្អូនអាជីវករ គឺគាត់អាចសម្រេចចិត្តនៅពេលដឹងពីដំណើរសេដ្ឋកិច្ចជាតិរបស់ខ្លួន ថាតើវិវត្តន៍ដល់ចំណុចណា។ សម្រាប់ប្រជាពលរដ្ឋទូទៅគឺអាចយល់ និងផ្តល់ជាគំនិតយោបល់ផ្សេងៗក្នុងការពិភាក្សា និងការយល់ក្នុងការសម្រេចចិត្តទាំងក្នុងប្រទេស និងក្រៅប្រទេសជាដើម»។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ប្រជាពលរដ្ឋ និងអាជីវករត្រូវទទួលបានព័ត៌មានជាក់លាក់អំពីសេដ្ឋកិច្ច ជៀសវាងការដឹងតាមប្រភពមិនច្បាស់លាស់ ដែលធ្វើឱ្យដំណើរការអាជីវកម្មប្រែប្រួល ឬក៏វិវត្តនៅទៅរកស្ថានភាពមិនល្អ។
លោកបណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ «ចំពោះមន្ត្រីរាជការ និងស្ថាប័នដែលមានការសម្រេចចិត្ត មានសារៈសំខាន់ ដែលរួចចំណែកក្នុងការធ្វើគោលនយោបាយ កសាងជាតិសំខាន់ៗ ជាពិសេសស្ថាប័នសេដ្ឋកិច្ចរបស់កម្ពុជាយើង ឬស្ថាប័នដែលមានការពាក់ព័ន្ធក្នុងការសម្រេចចិត្ត ដូចជាធនាគារជាតិ ក្រសួងពាណិជ្ជកម្ម ស្ថាប័នបរិស្ថាន កសិកម្ម ទេសចរណ៍ នវានុវត្តជាដើម គឺសុទ្ធតែត្រូវការព័ត៌មានអំពីសេដ្ឋកិច្ច»។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ការយល់ដឹងពីវដ្តសេដ្ឋកិច្ច ក៏កាត់បន្ថយការរិះគន់ ការបង្អាប់ និងការវាយប្រហារ ក៏អាចធ្វើឱ្យថ្នាក់ដឹកនាំធ្វើការសម្រេចចិត្ត និងការវិនិយោគសាធារណៈត្រឹមត្រូវ ទាន់ពេលវេលា។ សេដ្ឋកិច្ចក៏ធ្វើឱ្យប្រជាជាតិមួយមានមុខមាត់ និងកិត្តិយស៕
