ជាក់ស្តែងមួយរយៈចុងក្រោយនេះ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប យើងសង្កេតឃើញថា វិស័យកសិកម្មមានសន្ទុះកើនឡើង ជាពិសេសការដាំបន្លែ និងការចិញ្ចឹមសត្វ។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនេះដែរ យុវជនម្នាក់បានចាប់របរចិញ្ចឹមឃ្មុំដោយទទួលបានប្រាក់ចំណូលប្រចាំខែខ្ពស់។ លោក លី ហួរ ជាប្រជាពលរដ្ឋម្នាក់នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានឱ្យដឹងថា លោកបានចិញ្ចឹមឃ្មុំជាមួយអ៊ំរបស់លោកនៅខេត្តរតនគិរី រយៈចំនួន៤ឆ្នាំមកហើយ។ បន្ទាប់ពីទទួលបានជំនាញច្បាស់លាស់ពីការចិញ្ចឹមឃ្មុំនេះ លោកបានសម្រេចចិត្តមកចិញ្ចឹមនៅស្រុកកំណើតរបស់លោកវិញជាមួយនឹងធុងសម្រាប់ចិញ្ចឹមឃ្មុំចំនួន ១០០ សម្រាប់ជំហានដំបូង។