អង្គការសហប្រជាជាតិ​ចោទប្រកាន់ទីក្រុងមូស្គូ លុបបំបាត់អត្តសញ្ញាណ​អ៊ុយក្រែន​នៅ​តំបន់ខ្លួនគ្រប់គ្រង

អង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍មួយ​ដែលផ្សព្វផ្សាយកាលពីថ្ងៃពុធ បានថ្លែងថា រុស្ស៊ីបានបង្កើតបរិយាកាសភ័យខ្លាច​នៅក្នុងតំបន់គ្រប់គ្រងនៅប្រទេស​អ៊ុយក្រែន ដែល​កង​កម្លាំង​របស់ខ្លួន បានបង្កើតជំរុំប្រមូលផ្តុំ ការធ្វើទារុញកម្ម និងព្យាយាម​លុបបំបាត់​អត្ត​សញ្ញាណ​​អ៊ុយក្រែន ជាពិសេសនៅលើក្មេងៗ ។

យោងតាមរបាយការណ៍​ដែលលើកឡើង​នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្នងការជាន់​ខ្ពស់​​​នៃសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិ និងមានមូលដ្ឋានលើកិច្ចសម្ភាសន៍​ចំនួន ២៣០០ ដង​​ជាមួយ​ជន​រងគ្រោះ និងសាក្សីនានា បានឲ្យដឹងថា ៖ “ប្រទេសរុស្ស៊ីបាន​បង្កើត​បរិយាកាស​​ភ័យ​ខ្លាចដ៏គួរឲ្យថប់បារម្ភ​នៅក្នុងតំបន់ខ្លួនគ្រប់គ្រងនៅអ៊ុយក្រែន ដែលប្រព្រឹត្តិការ​រំលោភ​​ក្នុង​ទ្រង់ទ្រាយធំទៅលើសិទ្ធអន្តរជាតិ​ខាងមនុស្សធម៌ និងសិទ្ធមនុស្ស។”

សេចក្តីប្រកាសបញ្ជាក់ថា រុស្ស៊ីដាក់ឲ្យប្រើប្រាស់ភាសាខ្លួន បញ្ចូលជាសញ្ជាតិរុស្ស៊ី ច្បាប់ ប្រព័ន្ធ​​យុត្តិធម៌ និងកម្មវិធីសិក្សារុស្ស៊ី និងលុបបំបាត់​វប្បធម៌ និងអត្តសញ្ញាណអ៊ុយក្រែន។ កុមារ​ត្រូវបានដាក់គោលដៅជាពិសេស ជាមួយនឹងការផ្លាស់ប្តូរកម្មវិធីសិក្សា​របស់​អ៊ុយក្រែន ដាក់​កម្មវិធីរ​បស់រុស្ស៊ី។ តួយ៉ាង សេចក្តីផ្តើមនៅក្នុង​សៀវភៅសិក្សាពន្យល់អំពីភាពត្រឹមត្រូវ​នៃ​ការ​ឈ្លានពានរបស់រុស្ស៊ី តួនាទីរបស់យុវជន​ក្នុង​អង្គការរុស្ស៊ីនានា និងបង្រៀនពួកគេអំពីទឹក​ចិត្ត​ស្នេហាជាតិរុស្ស៊ី។

ចំណែកសហគមន៍អឺរ៉ុប កាលពីថ្ងៃទី២០ ខែមីនា បានព្រមព្រៀងគ្នាដើម្បីដាក់ពិដានតម្លៃ​សម្រាប់​​ការនាំចូលផលិតផលកសិកម្មរបស់អ៊ុយក្រែនខ្លះ  ដោយការប្រើប្រាស់ពន្ធគយ លើ​ផលិត​ផល​នា​នាដូចជា ពងទា សត្វបសុបក្សី ស្ករ ពោត និងទឹកឃ្មុំ ប៉ុន្តែមិនបានរាប់​បញ្ជូល​ស្រូវ​​សាលី​​នោះទេ។ កិច្ចព្រមព្រៀងត្រូវសម្រេច​នៅក្នុងរាត្រីរវាងរដ្ឋសមាជិកសហគមន៍អឺរ៉ុប និង​​សភា​អឺរ៉ុប ដើម្បី​បន្តមួយឆ្នាំទៀត ចាប់តាំងពីខែមិថុនា មុនការលើកលែងជាទូទៅនូវពន្ធ​គយ​​ដែល​​ព្រមព្រៀង​​តាំងពីឆ្នាំ២០២២ ជាមួយអ៊ុយក្រែន​ដើម្បីគាំទ្រទីក្រុងគៀវ បន្ទាប់បីការ​ឈ្លានពាន​​​របស់​រុស្ស៊ី។

នៅប្រទេសអាឡឺម៉ង រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកលយ អូស្ទីន បានសន្យាកាលពីថ្ងៃ​ទី​១៩ ខែមីនាថា ប្រទេសអាម៉េរិកនឹងមិនបណ្តោយឲ្យអ៊ុយក្រែនចាញ់សង្រ្គាមនោះទេ ប្រឈម​មុខ​​នឹង​រុស្ស៊ី។ លោកបាននិយាយសង្ឃឹមថា  នឹងឆាប់ទទួលបានភ្លើងបៃតង់ពី​សភាអាម៉េរិក​សម្រាប់​​​ជំនួយ​អាម៉េរិកដល់អ៊ុយក្រែន។ លោកលយ អូស្ទីនបានថ្លែងដែរថា សហរដ្ឋអាម៉េរិក​គាំទ្រ​អ៊ុយក្រែន​ដោយ​សារ​​តែវាជាអំពើល្អ និងដោយសារ​​តែអាម៉េរិកព្រួយបារម្ភអំពីសេរីភាព នៅ​ពេលដែលវាត្រូវបាន​ទទួល​រង​ការគំរាមកំហែង។ ប៉ុន្តែ​អាម៉េរិកក៏គាំទ្រអ៊ុយក្រែន​ដោយសារ​តែ​វាចាំបាច់សម្រាប់​សន្តិសុខ​​ផ្ទាល់ខ្លួនរបស់អាម៉េរិកផងដែរ។”។

អ៊ុយក្រែនបានទទ្ទឹងរង់ចាំដោយអត់ធ្មត់​នូវជំនួយអាម៉េរិក​ដែលមានទឹកប្រាក់ប្រមាណ ៥៥ពាន់​លាន​អឺរ៉ូ ដែលត្រូវបានរាំងស្ទះនៅសភាអាម៉េរិក​នដោយសារហេតុផលនៃ​ការជំទាស់​របស់​អ្នក​តំណាង​​​រាស្រ្តគណបក្ស​សាធារណរដ្ឋ។ ប្រមុខការទូតអ៊ុយក្រែន​ធ្លាប់បានបញ្ជាក់ថា អ៊ុយក្រែន​បាន​ប៉ះ​ទង្គិច​ជាមួយនឹងការរាំងខ្ទប់មិនចេះចប់មិនចេះហើយនេះ។

ប៉ុន្តែលោកលយ អូស្ទីន ចង់បង្ហាញទំនុកចិត្តថា លោកនឹងបន្តវាយតម្លៃថា សភាទាំងពីរ​របស់​អាម៉េរិក នឹងគាំទ្រយ៉ាងទូលំទូលាយ​នូវសកម្មភាព​ជួយដល់អ៊ុយក្រែន ហើយដូច្នេះ​លោកមាន​សុទិដ្ឋិនិយម​សម្រាប់លទ្ធភាពនៃសកម្មភាពនាពេលអនាគត។

ចំណែកប្រទេសអឺរ៉ុប មិនអាចជំនួសអវត្តមាននៃជំនួយអាម៉េរិកបានទេ។ ប្រទេសអាឡឺម៉ង ដែល​ជាអ្នកចូលរួមទី១​នៃការគាំទ្រខាងយោធាដល់អ៊ុយក្រែន បានប្រកាសកាលពីថ្ងៃអង្គារ​នូវ​កញ្ចប់ថវិកាបន្ថែម​ចំនួន ៥០០ អឺរ៉ូ ជួយដល់អ៊ុយក្រែន។

 

Daily Program

Livesteam thumbnail