៧ មករា ឆ្នាំនេះ ក្រៅពីចាំរឿង៤៧ឆ្នាំមុន យើងក៏ត្រូវចាំព្រឹត្តិការណ៍២១ថ្ងៃនៅខែធ្នូ ថ្មីៗ!
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៦ មិនមានអ្វីធំដុំទេ ប៉ុន្តែកុំភ្លេចឲ្យសោះថា វាគឺជាថ្ងៃដែលកម្ពុជាយើងរស់ឡើងវិញ ជាថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឬរបបអាវខ្មៅប៉ុលពត ហើយក៏កុំភ្លេចព្រឹត្តិការណ៍២១ថ្ងៃពីថ្ងៃទី ០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ថ្មីៗ។
៤៧ ឆ្នាំមុនយើងដឹងថា យើងត្រូវបានរំដោះពីរបបវាលពិឃាត ឃើញបាយ ហូបមិនបាន ឃើញអ្វីៗតែមិនអាចទៅណាបាន ហើយឃើញពណ៌គ្រប់យ៉ាងតែយើងអាចត្រឹមដឹងត្រឹមពណ៌ខ្មៅ ប៉ុន្តែ២១ថ្ងៃដែលយើងទើបតែឆ្លងកាត់ថ្មីៗនេះ ក៏ជាព្រឹត្តិការណ៍ដែលយើងមិនគួរបំភ្លេចជាដាច់ខាត។
របបប្រល័យពូជសាសន៍ខ្មែរក្រហមជាប្រវត្តិសាស្រ្តដែលគួរឲ្យសោកសង្រេងទៅហើយ ប៉ុន្តែជិតដល់៤៧ ឆ្នាំក្រោយនេះ យើងបានជួបរឿងសោកសង្រេងមួយថ្មីនៅក្នុងសម័យប្រវត្តិសាស្រ្តទំនើប គឺការលុកលុយទន្ទ្រានដោយខុសច្បាប់មកដល់ដែនអធិបតេយ្យភាពកម្ពុជាពីសំណាក់ភាគីថៃ ដែលបានប្រើប្រាស់ចលនាជាតិនិយមជ្រុលនៅក្នុងប្រទេសខ្លួនមកធ្វើទុកបុកម្និញពលរដ្ឋស្លូតត្រង់នៅកម្ពុជាពីព្រោះតែមហិច្ឆិតានយោបាយ ។
៤៧ឆ្នាំថ្មីកន្លងទៅសង្គមយើងរស់ហើយ និងកំពុងតែវឌ្ឈនភាពទៅមុខ ប៉ុន្តែ ព្រឹត្តិការណ៍២១ ថ្ងៃកន្លងទៅ វាគឺជាសក្ខីកម្មដែលយើងចាំបាច់ត្រូវតែទំនើបកម្ម និង អភិវឌ្ឈន៍បន្ថែមទៀត ជាពិសេសគឺខឿនការពារជាតិ និង ដែនអធិបតេយ្យភាពកម្ពុជា ។
មុនព្រឹត្តិការណ៍៧មករាឆ្នាំ១៩៧៩ ខ្មែរយើងជួបប្រទះនូវទុក្ខវេទនានៃសង្គ្រាមស៊ីវិលដោយខ្មែរសម្លាប់ខ្មែរ ប៉ុន្តែយើងបានឈ្នះហើយឈានទៅរួបរួមគ្នាដោយសន្តិភាពនៅចុងឆ្នាំ១៩៩៨ រហូតដល់ ពេលដែលថៃបើកការឈ្លានពានកម្ពុជាយើងនៅខែកក្កដា ហើយកាន់តែធ្ងន់ធ្ងរទៅទៀតនោះ គឺការឈ្លានពានដោយប្រើប្រតិបត្តការណ៍យោធាតាមគ្រប់មធ្យោបាយទាំងទ័ពជើងគោក អាកាស និង ជើងទឹក ។
ទោះបីជាពេលនេះជាដំណាក់ការគោរពបទឈប់បាញ់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កងទ័ពថៃបានចូលទន្រ្ទានទឹកដី១៤ ចំណុច ដែលភាគច្រើនគឺក្រោយពេលដែល អនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ២៧ ខែធ្នូ ឆ្នាំ២០២៥ ។ កងកម្លាំងយោធាថៃ បានកំពុងតែអនុវត្តនូវប្រតិបត្តិការដែលប្រើប្រាស់កងទ័ពដែលមិនមានសីលធម៌ ពោលគឺឆក់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋស៊ីវិល រំលោភលើដែនអធិបតយ្យភាពកម្ពុជា លំនៅស្ថានប្រជាពលរដ្ឋ ក៏ដូចជាវត្តអារ៉ាម ដូច្នេះវាគឺជាពេលវេលាដ៏លំបាក ។
មកដល់ពេលនេះកងកម្លាំងយោធាថែនៅតែបន្តទន្ទា្រនដែនអធិបតេយ្យភាពកម្ពុជា ហើយមជ្ឈដ្ឋានអន្តរជាតិក៏ដឹងរឿងនេះដែរ ។នៅក្នុងស្ថានភាពបែបនេះទើបព្រឹត្តិការណ៍ ខួប ៤៧ ឆ្នាំនៅថ្ងៃនេះមិនមានមិទ្ទិញធុំដុំឡើយ គឺមានត្រឹមតែសារថ្នាក់ដឹកនាំ និង សកម្មភាពរួមសាមគ្គីដែលចាំបាច់សម្រាប់យើងត្រូវតែយកចិត្តទុកដាក់និងចងចាំ ហើយប្រើប្រាស់វាជាស្មារតីពង្រឹងខ្លួនឯង តាមរយៈការអប់រំ សេដ្ឋកិច្ច នយោបាយ ការអភិវឌ្ឈន៍កដូចជា យោធា៕