សុខភាពគឺជាគ្រឹះនៃអ្វីៗទាំងអស់! កុំអោយសុខភាពទ្រុឌទ្រោមហើយបានយើងប្រឹងស្តារ

ពេលណាដែលគិតអំពីថាមពលនិងសក្តានុពលមនុស្សយើងម្នាក់ៗមិនអាចមិននិយាយឬបំភ្លេចកត្តាសុខភាពបានឡើយ។ សុខភាពគឺជាមូលដ្ឋានគ្រឹះកំណត់គ្រប់យ៉ាង បើសុខភាពខ្សោយថាមវ័ន្តនិងថាមពល ក៏ដូចជាការទទួលខុសត្រូវលើការងារក៏វាខ្សោយទៅតាមនោះដែរ ។

ដើម្បីឲ្យយើងខ្លាំងមានសក្តានុពលការងារនិងការទទួលខុសត្រូវខ្ពស់ទាមទារ ចំណេះ ជំនាញ ចរិតលក្ខណៈ វិន័យ ផ្នត់គំនិត ទំនាក់ទំនង សេដ្ឋកិច្ច សីលធម៌ ឱកាសនិងបរិយាកាសដោយខានមិនបាន ប៉ុន្តែបើយើងមានកត្តាទាំងនេះហើយ តែយើងខ្សោយសុខភាពគឺដឹងតែពិបាកទៅមុខវែងឆ្ងាយណាស់ ។

នៅពេលនេះព្រោះតែភ្លេចគិតរឿងសុខភាពនេះជាចំបងមនុស្សជាច្រើនអ្នកបានក្លាយជាជនបរាជ័យពីព្រោះតែមើលស្រាលសុខភាព ហើយបណ្តែតបណ្តោយឲ្យសុខភាពទ្រុឌទ្រោម ឬចុះខ្សោយរហូតដល់ប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃ និង រំខាន រង់ចាំតែថ្ងៃបញ្ចប់មកដល់។​

ព្រោះតែចង់បានឧត្តមភាព និង ឈានទៅជោគជ័យគឺគិតតែខំប្រឹងបង្កើនចំណេះ ជំនាញ ពង្រឹងទំនាក់ទំនងប្រឹងរកលុយ ហើយធ្វើខ្លួនឲ្យចុះនៅក្នុងសង្គម ដោយទុកសុខភាពជាចំណែកចុងក្រោយ ប៉ុន្តែចុងក្រោយគឺបានត្រឹមតែសោកស្តាយ ។

ពីព្រោះតែកត្តាទាំងនោះអ្នកខ្លះខំធ្វើការលើសកម្រិតភ្លេចការសប្បាយ បោះបង់ការកំសាន្ត មើលស្រាលការហូបចុក ភ្លេចការហាត់ប្រាណ ហើយយកពេលទៅប្រឹងការងារ ពេលទៅកសាងបណ្តាញ ទទួលទានគ្រឿងស្រវឹងទទួលទានអានេះទទួលទានអា នោះប៉ះពាល់ដល់សុខភាព ។​

សព្វថ្ងៃនេះមានមនុស្សជាច្រើនកំពុងតែស្ថិតនៅក្នុងស្ថានភាពស្តាយក្រោយនេះ ហើយធ្លាក់ខ្លួនមានបញ្ហាសុខភាពធ្ងន់ធ្ងរ ។ ខ្លះស្រ្តូកពិការភាព ខ្លះបាត់បង់ជីវិតតាំងពីវ័យក្មេង ហើយខ្លះខូចតម្រង់នោម ទាំងវ័យដែលចាប់ផ្តើមការងារ ជីវិតចាប់ផ្តើមជោគជ័យ ខ្លះខូចថ្លើម ដំបៅក្រពះព្រោះតែបញ្ហាផ្សេងៗ ដូច្នេះ សូមកុំមើលស្រាលសុខភាព​។​

មនុស្សយើងគ្រប់គ្នាគួរតែយកសុខភាពទាំងកាយទាំងចិត្តជាគោល ហើយជាមូលដ្ឋានដំបូងមុននឹងឈានទៅសក្តានុពលផ្សេងៗទៀត ដូច្នេះគួរតែព្យាយាមលៃលកពេលវេលាហាត់ប្រាណ ពេលវេលាត្រួតពិនិត្យសុខភាព ពេលវេលាសម្រាកឲ្យបានគ្រប់គ្រាន់ ពេលវេលាកំសាន្តបំបាត់ស្រ្តេចបំបាត់ការតប់ប្រម៉ល់ផ្សេងៗ​ ដែលមានប្រយោជន៍មានគុណតម្លៃដល់សុខភាព ។​

សរុបទៅយើងទាំងអស់គ្នាត្រូវតែចងចាំថា អ្វីក៏សំខាន់ដែរប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយសុខភាពគឺត្រូវតចាត់ទុកថា ជាមូលដ្ឋានចំបងបំផុតនៃជោគជ័យរបស់យើង ។ ចំណេះដឹង វិន័យ ផ្នត់គំនិត និងទំនាក់ទំនង និង កត្តាផ្សេងៗវាសំខាន់ហើយ តែយ៉ាងណាវាគ្រាន់តែជាកម្លាំងបន្ថែមដែលធ្វើឱ្យមនុស្សអាចបង្ហាញសក្តានុពលពេញលេញតែប៉ុណ្ណោះ ។ ដើម្បីជោគជ័យយើងត្រូវតែរក្សាតុល្យភាពរវាងសុខភាព​និងចំណេះដឹង វិន័យ ផ្នត់គំនិត និងទំនាក់ទំនង៕

Daily Program

Livesteam thumbnail