អាកាសយានដ្ឋានកម្ពុជាតម្លៃ១ ១០០លានដុល្លារ! គួរប្រើប្រាស់ឲ្យសមតម្លៃ
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកដំណើរការសាកល្បងដើម្បីទទួលជើងហោះហើរចំនួនបីព្រមគ្នាតែម្តងក្នុងរយៈពេលមួយម៉ោងបានដោយជោគជ័យ នៅមុនពេលដែលអាកាសយានដ្ឋាននេះគ្រោងនឹងដាក់អោយដំណើរការនៅក្នុងថ្ងៃទី១៦ ខែតុលា ខាងមុខនេះ។
លទ្ធផលនៃដំណើរការសាកល្បងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរដែលបានហោះហើរដោយ ក្រុមហ៊ុនអាកាសចរណ៍ ចំនួនបី គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។ ក្រុមហ៊ុន Cambodia Airways ហោះមកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ, និងក្រុមហ៊ុន China Eastern Airlines ហោះមកពីអាកាសយានដ្ឋានអន្តជាតិគុនមីង នៃសាធារណរដ្ឋប្រជាមានិតចិន គឺប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ។
ផ្អែកតាមលទ្ធផលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេសនិងការផ្ដល់សេវាកម្មផ្ទៃដី ស្របតាមស្តង់ដាអន្តរជាតិចែងដោយ អង្គការអាកាសចរស៊ីវិលអន្តរជាតិ និងបទប្បញ្ញត្តិ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុននឹងចាប់ផ្តើមដំណើរការទទួលជើងហោះហើរជាតិ និងអន្តរជាតិជាច្រើន។ ដូច្នេះយើងខ្ញុំសង្ឃឹមថា ស្ថាប័នពាក់ព័ន្ធនឹងប្រើប្រាស់អាកាសយានដ្ឋានថ្មីនេះឲ្យចំគោលដៅ និងមានប្រសិទ្ធភាពដើម្បីជាទុននៅក្នុងការអភិវឌ្ឈន៍និងកសាងខឿនផ្សេងៗនៃសេដ្ឋកិច្ច ជាពិសេសគឺ ទំនើបកម្មវិស័យដឹកជញ្ជូនផ្លូវអាកាស ជំរុញនិងទាក់ទាញភ្ញៀវទេសចរ ដែលជាច្រកបើកចំហរ សម្រាប់ជំរុញពាណិជ្ជកម្ម និង វិនិយោគទុនបរទេសផងដែរ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានកសាងឡើងក្រោមទុនវិនិយោគជាទឹកប្រាក់ចំនួន ១.១០០ លាន ដុល្លារដោយ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ ចំណត ដែលមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ ក្នុងឆ្នាំ២០៤០ខាងមុខ។
ក្រៅពីនោះវាមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០ ០០០តោនក្នុងឆ្នាំ២០២៤ និង២៦ ០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខដោយអាច អាចទទួលជើងហោះហើរបានចំនួន ៦៥ ៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២.៧០០ ជើងក្នុងឆ្នាំ ២០៤០។ ដូច្នេះវិសាលភាពរបស់វាធំធេងណាស់ ដូច្នេះនៅក្នុងនាមជាពលរដ្ឋខ្មែរគឺពិតជាមោទនភាព ប៉ុន្តែទន្ទឹមនឹងនោះ ក៏យើងខ្ញុំសង្ឃឹមថា ពលរដ្ឋខ្មែរនឹងទទួលបានចំណែកផលប្រយោជន៍ ឬក៏បានផលពីគម្រោងនេះដ៏ពិតប្រាកដ៕