ពេលសម្រាកភ្ជុំបិណ្ឌឆ្នាំនេះ! សូមបន្តកុំប្រហែសរឿងគ្រោះថ្នាក់ចរាចរណ៍
នៅពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីរបស់ប្រជាពលរដ្ឋនៅកម្ពុជានៅចុងសប្តាហ៍នេះ សូមលើកកម្ពស់និងប្រុងប្រយ័ត្នជាបន្តទៀតចំពោះគ្រោះថ្នាក់ចរាចរណ៍។ ឆ្នាំណាក៏ដូចជាឆ្នាំណាដែរ ឱ្យតែរដូវបុណ្យទានឈប់សម្រាក គឺដឹងតែមានគ្រោះថ្នាក់ចរាចរណ៍ច្រើន។
នៅក្នុងឆ្នាំនេះ គួរបំបែកកំណត់ត្រានៃគ្រោះថ្នាក់ចរាចរណ៍នៅពេលសម្រាកភ្ជុំបិណ្ឌឱ្យបានទៅមើលយើងទាំងអស់គ្នា។ ការបំបែកឯកទគ្គកម្មជាប្រក្រតី គឺគេបំបែកពីតិចទៅច្រើន ប៉ុន្តែសម្រាប់គ្រោះថ្នាក់ចរាចរណ៍និងបញ្ហាអវិជ្ជមាន គួរបំបែកពីច្រើនមកតិច។
តាមការកត់ត្រាដោយក្រសួងមហាផ្ទៃ កាលពីរដូវបិណ្ឌភ្ជុំឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បានបង្កការផ្តាច់ជីវិតមនុស្ស ៦៨ នាក់ របួស ១៣៦ នាក់ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ចំនួន ១០៣ ករណី ដែលបានកត់ត្រាកាលពីអំឡុងពេលឈប់សម្រាកសម្រាប់ពិធីបុណ្យនេះ។ ដូច្នេះ នៅពេលសម្រាកភ្ជុំបិណ្ឌក្នុងឆ្នាំ២០២៦ ដែលមកដល់នៅចុងសប្តាហ៍នេះ គួរនាំគ្នាបញ្ចុះឱ្យតិចជាងនេះ ទាំងករណីស្លាប់ របួស និងគ្រោះថ្នាក់។
ជាទូទៅ តាមកំណត់ត្រារបស់សមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយសារការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិ វ៉ាជែងមិនប្រកាន់ស្តាំ បត់ក្នុងស្ថានភាពគ្រោះថ្នាក់ ស្រវឹង និងកត្តាយានយន្តជាដើម។
នៅពេលនេះ គ្រោះថ្នាក់ចរាចរណ៍ត្រូវបានចាត់ទុកជាបញ្ហានិងជាប្រភពនៃសោកនាដកម្មដ៏គួរឱ្យព្រួយបារម្ភមួយ ដូច្នេះហើយយើងគួរតែកាត់បន្ថយ។
តើយើងត្រូវកាត់បន្ថយយ៉ាងដូចម្តេច? តាមអ្វីដែលក្រសួងបានកត់ត្រា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍គឺយើងបានឃើញដូចរៀបរាប់ខាងលើ ដូច្នេះនៅពេលឈប់សម្រាកនៅចុងសប្តាហ៍នេះនិងដើមសប្តាហ៍ក្រោយ យើងគួរបើកបរកុំលើសល្បឿនកំណត់។ នៅពេលកាន់ចង្កូត មិនថាយើងជិះម៉ូតូ ឬរថយន្ត ឬយានអ្វីនោះទេ គឺគួរលើកកម្ពស់ការគោរពសិទ្ធិគ្នា កុំវ៉ាជែងរំលោភច្បាប់ចរាចរណ៍។ នៅពេលបញ្ជាយានបត់ឆ្វេងឬស្តាំ គឺត្រូវពិនិត្យស្ថានភាពនិងឧបសគ្គគ្រប់ទិស។
ក្រៅពីនោះ កត្តាសំខាន់មួយដែរ គឺកុំទទួលទានគ្រឿងស្រវឹងច្រើនពេកហួសពីការគ្រប់គ្រង ពីព្រោះគ្រឿងស្រវឹងនេះជាប្រភពដែលធ្វើឱ្យខួរក្បាលស្ពឹកស្រពន់ ហើយមុនបញ្ជាយានទៅផ្លូវឆ្ងាយ គួរពិនិត្យយានយន្តឱ្យបានគ្រប់ជ្រុងជ្រោយ តាំងពីកង់ ប្រព័ន្ធហ្វ្រាំង ចង្កូត និងម៉ាស៊ីន។
សរុបមក ចំពោះការធ្វើដំណើរនៅក្នុងពេលឈប់សម្រាកភ្ជុំបិណ្ឌប្រពៃណីជាតិនាពេលខាងមុខនេះ យើងខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នានឹងមានសុវត្ថិភាព ហើយអាចរីករាយនឹងថ្ងៃឈប់សម្រាកដោយមិនមានគ្រោះមហន្តរាយណាមួយកើតឡើងឡើយ។ សូមបើកបរយានយន្តដោយសុខសុវត្ថិភាពទាំងអស់គ្នា!
