សង្ឃឹមថា ពលរដ្ឋនឹងកក់ក្តៅពេលសម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខ
សង្ឃឹមថា អាជ្ញាធរដែនដីជាពិសេសរាជធានីភ្នំពេញ និងទីប្រជុំជនយកចិត្តទុកដាក់រឿងសុវត្ថិភាពលំនៅដ្ឋានប្រជាពលរដ្ឋ ហើយពលរដ្ឋក៏ត្រូវស្វ័យប្រុងប្រយ័ត្នខ្លួនឯងផងដែរ នៅពេលឈប់សម្រាកពេលបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយសុវត្ថិភាពទាំងអស់គ្នា ។
សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្រាកតែ ៣ ថ្ងៃទី គឺពីថ្ងៃទី ១៣ ដល់ ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញនៅក្នុងថ្ងៃសម្រាកនេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានណែនាំរួចហើយអោយអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវបែងចែកកម្លាំងចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកបានសង្កត់ធ្ងន់ថា នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ពោលគឺត្រូវជួយមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ ត្រូវបែងចែកកម្លាំង ចុះល្បាតជាប្រចាំនៅក្នុងមូលដ្ឋានដើម្បីមើលថែទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ក្រៅពីនេះកម្លាំងសមត្ថកិច្ចក៏ត្រូវបានទទួលបទបញ្ជាអោយសម្របសម្រួលលើការគ្រប់គ្រងចរាចរណ៍ ចេញនិងចូលរាជធានីភ្នំពេញផងដែរ ខណៈដែលស្ថានភាពចរាចរណ៍ក៏ជាបញ្ហាប្រឈមមួយ ជាពិសេសគឺចាប់ពីថ្ងៃទី ១២ ខែតុលា នេះតទៅ ដោយសារតែ នៅថ្ងៃនេះ ក្រុមហ៊ុន និងស្ថាប័នខ្លះជាពិសេសគឺឯកជន បានអនុញ្ញាតអោយប្រជាពលរដ្ឋឈប់សម្រាក ដូច្នេះ អ្នកខ្លះក៏ចេញទៅតាំងពីព្រលឹម ហើយអ្នកខ្លះទៀតអាចចេញទៅនៅពេលល្ងាច ដើម្បីសម្រាក បានយូរ។
ក្រៅពីសមត្ថកិច្ចជួយ ពលរដ្ឋក៏កក់ក្តៅ ប៉ុន្តែទន្ទឹមនឹងនោះយើងជាពលរដ្ឋកុំអង្គុយឫដេកអាង តែលើសមត្ថកិច្ចទាំងស្រុងនោះ ។ ផ្ទះគឺជារបស់យើង ទ្រព្យសម្បត្តិក៏ជារបស់យើង ដូច្នេះដើ ម្បីសុវត្ថិភាពយើងជាប្រជាពលរដ្ឋក៏ត្រូវតែលើកកំពស់ការប្រុងប្រយ័ត្នផ្ទាល់ខ្លួនរបស់យើងផងដែរ ។
មុននឹងចេញដំណើរគឺសូមយកចិត្តទុកដាក់បិទភ្លើង បិទទ្វារបង្អូចចាក់សោរអោយបានរឹងមាំ អោយបានច្រើនជាន់ ហើយក៏គួរតែផ្តាំផ្ញើនឹងអ្នកជិតខាង ដើម្បីជាភ្នែកជាច្រមុះពេលដែលយើងមិននៅ ហើយពេលចេញទៅនោះ រាល់ការធ្វើដំណើរសូមបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ យោគយល់ អធ្យាស្រ័យអោយគ្នាទៅវិញទៅមុខ ។
សរុបមកវិញសមត្ថកិច្ចត្រូវគោរពបទបញ្ជា និងយកចិត្តទុកដាក់បំពេញការងារនិងភារកិច្ច ខណៈដែលពលរដ្ឋគឺត្រូវតែចូលរួមគោរពច្បាប់ និងយកចិត្តទុកដាក់គោរពអ្នកដទៃដែរ ហើយ ដើម្បីសុវត្ថិភាពខ្លួនឯងក៏ត្រូវតែយកចិត្តទុកដាក់ពង្រឹងការពារខ្លួនឯងផងដែរ។ សូមរីករាយ នៅថ្ងៃភ្ជុំបិណ្ឌដែលជាពេលជួបជុំគ្រួសារញាតិសណ្តាន តាមគន្លងប្រពៃណី៕