វត្តមានប្រធានាធិបតី និងស្ត្រីទីមួយ អាចជួយច្រើនដល់វិស័យទេសចរណ៍កម្ពុជា ប៉ុន្តែប្រយ័ត្នភ្លេចខ្លួន!

វត្តមានប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងស្ត្រីទីមួយនៅកម្ពុជា ពិតជាជួយច្រើនដល់ការស្ដារមុខមាត់នៃប្រទេសកម្ពុជា ជាពិសេសវិស័យទេសចរណ៍ និងវិស័យផ្សេងៗនៃសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែប្រយ័ត្នភ្លេចខ្លួន ពីព្រោះបច្ចាមិត្តរបស់យើងចាំតែចាប់កំហុស និងបង្អាប់យើងទេ។

មកដល់ពេលនេះ កម្ពុជាត្រូវបានគេលាបពណ៌ថាជាទឹកដីនៃស្កែមអនឡាញ ដែលជាដែនដីមិនមានសុវត្ថិភាព អសន្តិសុខ និងសម្បូរអំពើហិង្សា។ ប៉ុន្តែ សកម្មភាពដែលកើតចេញពីចិត្ត និងសកម្មភាពជាក់ស្ដែងរបស់លោក ម៉ាក្រុង និងស្ត្រីទីមួយនៅលើទឹកដីនៃកម្ពុជា តាំងពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅពេលដែលលោកមកចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសនិយាយភាសាបារាំង គឺកិច្ចប្រជុំហ្រ្វង់កូហ្វូនី និងព្រឹត្តិការណ៍អមនេះ ពិតជាអាចជួយកម្ពុជាបានជាច្រើន។

លោក ម៉ាក្រុង និងស្ត្រីទីមួយ បានបំបែកក្បួនពិធីការ និងសន្តិសុខ ដែលមិនធ្លាប់មានថ្នាក់ដឹកនាំបរទេសរូបណាហ៊ានធ្វើបែបនេះនៅលើទឹកដីនៃកម្ពុជាឡើយ។ លោកបានដឹកដៃស្ត្រីទីមួយដើរលេងនៅមុខព្រះបរមរាជវាំង និងមាត់ទន្លេយ៉ាងឆ្ងាយ។ ក្រៅពីនោះ លោក និងស្ត្រីទីមួយ បានទៅនេះទៅនោះដោយបង្ហាញសកម្មភាព ហាក់ដូចជាកម្ពុជាគឺជាទឹកដីដែលលោកទាំងពីរធ្លាប់មកលេងពីមុនអ៊ីចឹងដែរ។

សកម្មភាព និងភាពស្និទ្ធស្នាលដែលលោក ម៉ាក្រុង និងស្ត្រីទីមួយបានបង្ហាញនៅពេលនេះ គឺវិជ្ជមានខ្លាំងបំផុត នោះមិនទាន់គិតដល់កិច្ចព្រមព្រៀងចំនួន ២៩ ដែលបារាំង និងកម្ពុជាបានចុះហត្ថលេខា និងការជួយសម្របសម្រួលដល់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសចំនួន ២៣ ព្រមទាំងគណៈប្រតិភូដល់ទៅ ៨១ ប្រទេស ឱ្យមកស្គាល់កម្ពុជាផងនោះទេ។

ផ្អែកតាមសកម្មភាពនេះ វិស័យទេសចរណ៍កម្ពុជាដែលធ្លាក់ចុះនោះអាចនឹងមានសង្ឃឹម ហើយជនបរទេស ជាពិសេសជនជាតិបារាំង គឺពិតជាមានទំនុកចិត្តនឹងបញ្ហាសន្តិសុខនៅកម្ពុជា ហើយពួកគេនឹងវិលត្រឡប់មកកាន់កម្ពុជាវិញជាក់ជាមិនខាន។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលដែលគេជួយបែបនេះ យើងកុំមានមោទនភាពជ្រុលហើយភ្លេចខ្លួនឱ្យសោះ។ ក្នុងករណីដែលយើងភ្លេចខ្លួន ហើយបណ្ដែតបណ្ដោយនាំឱ្យផលប្រយោជន៍បុគ្គលដឹកមុខផលប្រយោជន៍ជាតិ ស្កែមអនឡាញវិលត្រឡប់មកវិញ ហើយយើងធ្វេសប្រហែសខ្វះការពង្រឹង និងយកចិត្តទុកដាក់បន្ថែមលើការដោះស្រាយបញ្ហា នោះមុខមាត់យើងនឹងអាចបន្តស្រអាប់បន្ថែមទៀត។

សរុបទៅ វត្តមានរបស់លោក ម៉ាក្រុង និងស្ត្រីទីមួយនៅកម្ពុជា គឺជាឱកាសដ៏មានតម្លៃសម្រាប់ការលើកកម្ពស់កិត្យានុភាពជាតិ ការស្ដារទំនុកចិត្តអន្តរជាតិ និងការជំរុញវិស័យទេសចរណ៍ ព្រមទាំងសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរស់រវើកឡើងវិញ។ ប៉ុន្តែ ឱកាសនេះនឹងមានន័យយ៉ាងពិតប្រាកដ លុះត្រាតែកម្ពុជាអាចប្រែក្លាយការគាំទ្រ និងទំនុកចិត្តដែលទទួលបានពីអន្តរជាតិ ឱ្យទៅជាសមិទ្ធផលជាក់ស្ដែង និងយូរអង្វែង។ សូមកុំឱ្យការសាទរមួយគ្រា ក្លាយជាការធ្វេសប្រហែសរយៈពេលវែង។ សូមកុំឱ្យឱកាសមាសដែលកម្ពុជាកំពុងទទួលបាន ក្លាយជាឱកាសដែលបាត់បង់ទៅវិញដោយសារការខ្វះការទទួលខុសត្រូវ។ កម្ពុជាត្រូវចេះទទួលយកឱកាស តែត្រូវចេះថែរក្សាឱកាសផងដែរ។ ការកសាងមុខមាត់ប្រទេសគឺជាការងាររបស់មនុស្សគ្រប់រូប ប៉ុន្តែការរក្សាមុខមាត់ប្រទេស គឺជាកាតព្វកិច្ចដែលមិនអាចមើលរំលងបានឡើយ។

 

Daily Program

Livesteam thumbnail
khmer popup image