រឿងស្រូវអង្ករធ្លាក់ថ្លៃជាបញ្ហាសាកល តែក៏ត្រូវដោះស្រាយឲ្យបានឆាប់
រឿងស្រូវធ្លាក់ថ្លៃនេះទំនងជាបញ្ហាដែលមិនងាយនឹងដោះស្រាយចេញឡើយ ពីព្រោះវាគឺជាបញ្ហាសាកល បណ្តាមកពីបរិមាណផលិតកម្មស្រូវនៅលើពិភពលោកមានទិន្នផលល្អ។
មកដល់ពេលនេះមានការប៉ាន់ប្រមាណថា ទិន្នផលស្រូវនៅលើពិភពលោកនៅក្នុងឆ្នំានេះល្អ ហើយបានផលសឹងតែគ្រប់ប្រទេសរហូតដល់ការិយាល័យកសិកម្មអាមេរិកបានអះអាងថា បរិមាណអាចកើនឡើងជាង៣ លានតោន ដែលនាំឲ្យបរិមាណស្រូវផលិតបាននៅក្នុងរដូវប្រមូលផលនេះកើនឡើងដល់ប្រមាណជា ៥៣០ លានតោន។
ដោយសារតែទិន្នផលស្រូវនេះវាមានស្ថានភាពប្រសើរប្រទេសជាច្រើនដែលធ្លាប់នាំចូលអង្ករគឺកាត់បន្ថយ ឬលុបចោល ដោយសារតែពួកគេអាចប្រមូលផលស្រូវបានប្រសើរដែរ។ សម្រាប់ឥណ្ឌាដែលកាលពីឆ្នាំ២០២៤ អាចនាំចេញបានប្រមាណជា ១៧ លានតោននោះ នឹងបង្កើនបរិមាណនាំចេញអាចលើសពី៥ លានតោននៅក្នុងឆ្នាំ២០២៥នេះ។
ការប៉ាន់ប្រមាណនេះហើយ ដែលនាំឲ្យតម្លៃអង្ករនៅលើពិភពលោកស្រុតចុះនៅដើមឆ្នាំ២០២៥នេះតែម្តង ហើយបញ្ហានេះបានកំពុងតែបង្កភាពតានតឹងមិនថាតែនៅកម្ពុជានោះទេ គឺសូម្បីតែថៃ ដែលកាលពីឆ្នាំ២០២៤ ធ្លាប់នាំចេញបានជិត១០លានតោន ហើយវៀតណាមបាននាំចេញបានជាង៩ លានតោន គឺទម្លាក់ក្តីរំពឹងហើយ ដោយសារតែឥណ្ឌា។
ថៃឆ្នាំនេះរំពឹងថា អាចនឹងនាំចេញអង្ករបានត្រឹមតែ រង្វង់៧,៥ លានតោនប៉ុណ្ណោះ ថយចុះ ២,៥លានតោន។ នៅពេលដែលអង្ករថៃនៅក្នុងស្ថានភាពបែបនេះ វៀតណាមក៏មិនខុសគ្នាដែរ។
កាលពីអង្ករត្រូវប៉ាន់ វៀតណាមនិងថៃមានទឹកមាត់លេប ក៏ហ៊ានមកដល់កម្ពុជាដែលផលិតស្រូវបានច្រើន តែខ្វះសមត្ថភាពកែច្នៃនាំចេញច្រើន ដូច្នេះនៅពេលដែលថៃនិងវៀតណាមមានបញ្ហា តម្លៃស្រូវដែលប្រមូលផល ក៏ត្រូវធ្លាក់ដល់តម្លៃក្រោម១០០០ រៀលនៅក្នុងមួយគីឡូក្រាម រហូតដល់មានបាតុភាពនិងការត្អូញត្អែកើនឡើងនៅក្នុងស្រទាប់មហាជន។
ដំណោះស្រាយដើម្បីឆ្លើយតបនៅក្នុងពេលនេះ គឺមានតែបង្កើនទីកន្លែងស្តុក ប៉ុន្តែបើស្តុកគឺវាប៉ះពាល់ដល់បញ្ហាបង្វិលទុនរបស់កសិករ ដោយសារតែពេលនេះកសិករមួយចំនួនខ្ចីទុនពីអ្នកចងការឬពីស្ថាប័នហិរញ្ញវត្ថុដើម្បីទិញជី និង ប្រេងឥន្ធនៈ ឬជួលគេនៅក្នុងដំណើរសង្វាក់ផលិតកម្មស្រូវនេះ។
ដើម្បីដោះស្រាយបញ្ហានេះ គឺមានតែលក់ខ្លះដោះបំណុល ហើយទុកក្នុងស្តុក ដើម្បីបញ្ចេញនៅពេលដែលតម្លៃស្រូវប្រសើរឡើងវិញ។ ស្រូវជាផលិតកម្មស្បៀងអាហារដែលពិបាកនឹងប៉ាន់ស្មានដោយសារតែវាពាក់ព័ន្ធនឹងធម្មជាតិ ដូច្នេះសង្ឃឹមថា រាជរដ្ឋាភិបាលនឹងរិះគិតនូវសេណារីយូសមស្របដើម្បីឆ្លើយតបនឹងបញ្ហានេះ៕