រឿងរំដោះអ្នកទោសនៅខេត្តស្វាយរៀងមិនគួរកើតទាល់តែសោះ !
ករណីនារីម្នាក់ធ្វើសកម្មភាពជាមួយនឹងរថយន្តមួយគ្រឿងទៅរំដោះអ្នកទោសនៅតុលាការខេត្តស្វាយរៀងកាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជារឿងដែលមិនគួរកើតទាល់តែសោះ ហើយករណីនេះគឺជាករណី ដែលបង្ហាញពីចន្លោះប្រហោងផ្នែកសន្តិសុខដែលសមត្ថកិច្ចពាក់ព័ន្ធនានាចាំបាច់ត្រូវតែពង្រឹងឡើងវិញ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៨ និង ៥៣នាទីព្រឹក ពេលដែល សមត្ថកិច្ចបាននាំក្រុមជនជាប់ឃុំមកកាន់តុលាការខេត្តស្វាយរៀង។ ហើយជនដែលបង្កើតបញ្ហានេះឡើង គឺអ្នកជាប់ឃុំ៦នាក់ និង ស្រ្តីដ៏ស្រស់ស្អាតម្នាក់។
ក្រោយហេតុការណ៍កើតឡើងកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ក្រុមអ្នកជាប់ឃុំពេលដែលដឹកដល់បរិវេណតុលាការខេត្តស្វាយរៀង គឺពួកគេបានដើរសំដៅទៅនារីនោះ ហើយក៏ទទួលបានកាំភ្លើងរួចធ្វើសកម្មភាពបាញ់គំរាមសមត្ថកិច្ច ហើយឡើងរថយន្តបើកចេញ គេចពីកន្លែងកើតហេតុ។
នៅតាមផ្លូវនៃដំណើរការរត់គេចពីសំណាញ់ច្បាប់នោះ ពួកគេក៏បានជាប់ហេតុការណ៍ឡានធ្លាក់ផ្លូវរហូតដល់សមត្ថកិច្ចបានឃាត់ខ្លួនជនដែលជាប់ឃុំនោះបានម្នាក់មកវិញនៅវេលាម៉ោង ១០ និង ៣៦ នាទី រីឯបក្សពួកនិងស្រ្តីម្នាក់នោះបានបន្តគេចខ្លួន។
ដើម្បីតាមចាប់ខ្លួនពួកគេទាំងនោះ សមត្ថកិច្ចក៏បានបន្តសកម្មភាពនិងប្រតិបត្តិការបន្ថែមទៀតហើយក៏បានសម្រេចឃាត់ខ្លួនពួកគេទាំង៦នាក់មកវិញ ដោយរួមទាំងស្រ្តីដែលផ្សំគំនិតផងដែរ។
ករណីនេះអាចមិនមែនគ្នាតែ ៧នាក់នេះទេ គឺអាចមានក្រុមពាក់ព័ន្ធ ដូចនេះ សមត្ថកិច្ចគួរតែបន្ត ស្រាវជ្រាវបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាក៏ដោយរំលត់ករណីនេះឲ្យបាន ហើយដើម្បីកុំអោយករណីនេះក្លាយជាបច្ច័យមួយ ដែលនឹងនាំដល់ការធ្វើសកម្មភាពបែបនេះបន្តទៀតនៅពេលអនាគត។
នៅក្នុងអំឡុងពេលចាប់ពីម៉ោង ៨ និង ៥៣ នាទីព្រឹករហូតដល់ព្រលប់ថ្ងៃដដែល ប្រតិបត្តិការតាមចាប់ខ្លួនពួកគេដំណើរការដោយរលូន គ្មានប្រជាពលរដ្ឋណាម្នាក់រងរបួសឡើយ ប៉ុន្តែនៅក្នុងករណី ដែលហេតុការណ៍នេះកើតឡើង ហើយបង្កគ្រោះមហន្តរាយផ្សេងៗប៉ះពាល់ដល់ប្រជាពរលដ្ឋវាគឺជារឿងមួយផ្សេងទៀត។
ហេតុការណ៍នេះគឺជាមេរៀនថ្មីសម្រាប់សមត្ថកិច្ចយកចិត្តទុកដាក់ហើយត្រូវតែធានាថា ហេតុការណ៍បែបនេះនឹងមិនកើតមានឡើងជាថ្មី នៅទីកន្លែងផ្សេងនៅក្នុងប្រទេស។ ហេតុការណ៍នេះគ្រោះថ្នាក់ណាស់ ហើយគ្រាប់កាំភ្លើងក៏គ្មានភ្នែកដែរ ដូច្នេះដើម្បីកុំអោយមានបញ្ហាគឺគួរតែយកចិត្តទុកដាក់ពង្រឹងសុវត្ថិភាព ពេលដែលដំណើរការដឹកជញ្ជូនចល័តពួកគេទៅវិញទៅមក។ សូមបង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពនិងការពារនៅពេលដឹកជញ្ជូនអ្នកទោស៕