កុំផ្តេសផ្តាស សារព័ត៌មានក៏មានក្រមសីលធម៌វិជ្ជាជីវៈដែរ

រឿងថ្មីនោះគឺពាក់ព័ន្ធនឹងសកម្មភាពរបស់បុគ្គលមួយចំនួន ដែលប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានទៅប្រពឹត្តិអំពើមិនគប្បីហើយផ្សព្វផ្សាយលើបណ្តាញសង្គម​ រហូតដល់ក្រសួងព័ត៌មានចេញវិធានការ ជាបន្ទាន់ ដើម្បីរំងាប់ការរិះគន់។​

ក្រសួងព័ត៌មានបានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។

ប្រភពដដែលបានឲ្យដឹងថា តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ ដែលរស់នៅនិងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

ក្រោយពេលដែលក្រសួងរកឃើញការពិតហើយនោះ ក្រសួងក៏បានចេញវិធានការនៅចំពោះមុខ សម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលនោះភ្លាមៗពីព្រោះនេះជា​កំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។

ទន្ទឹមនឹងនោះក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ ក្រសួងក៏បានបញ្ជូន មន្ត្រីជំនាញនៃក្រសួងព័ត៌មានកោះហៅបុគ្គលនោះនិងអ្នកពាក់ព័ន្ធ មកណែនាំនិងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។

ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន។

សព្វថ្ងៃនេះ ដោយសារមិនបានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈត្រឹមត្រូវ មានបុគ្គលមួយចំនួនបានកំពុងតែបម្រើការនៅក្នុងវិស័យនេះដោយខុសឆ្គងវិជ្ជាជីវៈជាច្រើន។ វិជ្ជាជីវៈសារព័ត៌មាន មិនមែនជាវិជ្ជាជីវៈមួយសាមញ្ញដែលអាចធ្វើបានដោយងាយស្រួលឡើយ វាចាំបាច់ត្រូវរៀន និង ឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ នៅក្នុងករណីដែលមិនបានរៀន និង ឈ្វេងយល់ច្បាស់ហើយប្រព្រឹត្តបែបនេះ គឺជាអំពើខុសឆ្គងធ្ងន់ធ្ងរ។​ ដើម្បីក្លាយជាអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ គឺគួរតែសិក្សាឈ្វេងយល់ពីក្រមសីលធម៌ អំពីបែបបទ អំពីច្បាប់ទម្លាប់នានា ទើបអាចបំពេញការងារនិងចូលរួមបម្រើមហាជនទូទៅបានសមប្រកប៕​

 

Daily Program

Livesteam thumbnail