យុវជនចាប់អារម្មណ៍ចង់រៀនអ្វី ដាក់ពាក្យប្រឡងចូលរៀននោះចុះ ប៉ុន្តែគួរបំប៉នជំនាញ AI បន្ថែម!
មុខវិជ្ជា និងជំនាញដែលសាកលវិទ្យាល័យ ក៏ដូចជាស្ថាប័នអប់រំជំនាញនានាបាន និងកំពុងប្រកាសគឺមានរាប់រយមុខ។ ដូច្នេះ ប្រសិនបើស្រឡាញ់អ្វី ចូលចិត្តអ្វី ហើយខ្លួនចង់ស្រមៃធ្វើអ្វី បើមានទេពកោសល្យ និងគិតថាចាប់អារម្មណ៍ គឺដាក់ពាក្យចូលរួមប្រឡងហើយរៀនចុះ កុំគិតគូរ ឬសូញសាញពេក ប៉ុន្តែត្រូវតែឆ្លៀតបំពេញបន្ថែមនូវជំនាញ AI។
មកដល់ពេលនេះ ជំនាញអ្វីក៏នៅតែសំខាន់ដែរ មិនថាជំនាញនោះគេមើលងាយ ឬមើលស្រាលនោះឡើយ។ ពេលខ្លះ ចំណេះជំនាញដែលគេមើលងាយនេះ នៅពេលដែលយើងចេះប្រាកដ ហើយបូកផ្សំជាមួយជំនាញ AI បន្ថែម យើងអាចនឹងមានភាពងាយស្រួលក្នុងការរកការងារ ឬមានទីផ្សារការងារខ្ពស់ក៏មាន។ ផ្ទុយទៅវិញ ក៏មានមុខវិជ្ជាខ្លះដែលគេចាប់អារម្មណ៍ច្រើន ប៉ុន្តែដល់ពេលរៀនចប់ ព្រោះតែមនុស្សរៀនច្រើនពេក ការងារក៏ពេញ នោះតម្រូវការ និងឱកាសការងារកាន់តែចង្អៀត។
ក្រោយការប្រឡង អ្នកជាប់ និងអ្នកធ្លាក់គឺនៅតែបន្តគិត និងបន្តខំស្វះស្វែងប្រឹងប្រែងទៅមុខបន្ថែមដូចគ្នា។ ធ្លាក់ ឬជាប់គ្រាន់តែជារង្វាស់ចំណេះដឹងនៃការរៀនសូត្រនៅសាលាចំណេះទូទៅ ១២ឆ្នាំ ដែលភាគច្រើនចូលរួមមកតាំងពីអាយុ ៦ឆ្នាំមកនោះប៉ុណ្ណោះ ប៉ុន្តែទៅថ្ងៃមុខ គឺមានតែការខិតខំប៉ុណ្ណោះទើបអាចទៅរួច។
នៅសម័យនេះ គេថាជំនាញ AI វាល្អ ប៉ុន្តែយើងត្រូវដឹងថា សង្គមជាក់ស្តែងមួយមិនមែនរស់បាន និងរីកចម្រើនដោយសារត្រូវការតែអ្នកចេះ AI នោះឡើយ គឺវាត្រូវការជំនាញចម្រុះនានា។ បើយើងចេះតែ AI ហើយអត់មានអ្នកជំនាញខាងបដិសណ្ឋារកិច្ច អត់មានអ្នកផ្តល់សេវាកម្ម អត់មានអ្នកជួយផ្តល់ព័ត៌មាន ឬអត់មានអ្នកចែកចាយទេនោះ សង្គមនោះក៏មិនអាចទៅមុខបានដែរ។ សង្គមមួយគឺត្រូវការមនុស្សរាប់រយជំពូក ហើយត្រូវធ្វើការជាក្រុម ទើបសង្គមអាចដើរទៅមុខយ៉ាងរលូន។
នៅក្នុងស្ថានភាពនេះ ប្អូនៗដែលជាប់ និងធ្លាក់គួរតែពុះពារបន្តរៀនសូត្រ និងកំណត់មុខជំនាញសម្រាប់ចិញ្ចឹមជីវិតឱ្យហើយ។ ដោយសារតែ AI វាលុកលុយនៅក្នុងសង្គមកាន់តែច្រើន យើងក៏គួរតែរៀនប្រើប្រាស់ រៀនស្គាល់ និងរៀនស្វែងយល់ ដើម្បីយើងអាចបន្តមាគ៌ាក្នុងសង្គមយើងនៅពេលអនាគតបាន។
ជាចុងក្រោយ សម្រាប់យុវជនដែលទើបបញ្ចប់ការសិក្សា មិនថាជាប់ ឬមិនជាប់ការប្រឡងក៏ដោយ អ្វីដែលសំខាន់គឺកុំឱ្យលទ្ធផលមួយលើកមកកំណត់ជីវិតរបស់យើងទាំងមូល។ នៅចំពោះមុខយើងនៅមានជំនាញ និងមុខវិជ្ជាជាច្រើនរាប់រយដែលអាចជ្រើសរើសបាន។ ដូច្នេះ ប្រសិនបើមានអ្វីដែលខ្លួនស្រឡាញ់ ចូលចិត្ត មានទេពកោសល្យ និងចង់យកធ្វើជាអាជីព កុំស្ទាក់ស្ទើរពេក ចូរចាប់ផ្តើមរៀន និងខិតខំធ្វើឱ្យខ្លួនឯងក្លាយជាអ្នកជំនាញពិតប្រាកដក្នុងវិស័យនោះ។ សូមកុំភ្លេចថា ការដែលយើងរៀនជំនាញដែលយើងស្រឡាញ់ រៀនឱ្យវាច្បាស់លាស់ និងបំពេញបន្ថែមដោយជំនាញ AI គឺជាវិធីមួយដែលធ្វើឱ្យយុវជនមានភាពរឹងមាំជាងមុន ក្នុងពិភពការងារដែលកំពុងផ្លាស់ប្តូរយ៉ាងលឿនដូចសព្វថ្ងៃនេះ៕
