ពិធីអាពាហ៍ពិពាហ៍កំពុងតាមយាយីប្រាក់ខែទៀតហើយ!
មិនទាន់អស់ដំណក់ទឹកភ្លៀងផង នៅពេលនេះនៅលើតុការងាររបស់ម្នាក់ៗ bắtផ្តើមទទួលបានសំបុត្រអញ្ជើញពិធីសិរីមង្គលអាពាហ៍ពិពាហ៍ពីមិត្តភក្តិ សហការី និងញាតិសណ្តានបណ្តើរៗទៀតហើយ។
ពេលទទួលសំបុត្រអញ្ជើញនេះ ម្នាក់ៗប្រឹងញញឹមទទួល ប៉ុន្តែនៅក្នុងចិត្តក្តុកក្តួល ពីព្រោះតែប្រាក់ចំណូលមិនឡើង ស្របពេលដែលត្រូវប្រឈមមុខនឹងការចំណាយដ៏ក្រាស់ក្រែល និងការរ៉ាប់រងថ្លៃជីវភាពកាន់តែខ្ពស់ឡើងៗ។
នៅក្នុងស្ថានភាពនេះ អ្នកដែលរៀបចំការ មិនថាការខ្លួនឯង ការកូន ឬការចៅនោះទេ បើអាចគួរកុំហៅភ្ញៀវច្រើនពេកអី អាណិតគ្នាខ្លះផង ជាពិសេសអ្នកដែលមានចំណូលទាប។ ប្រាក់ខែត្រឹម ៣០០ ដុល្លារក្នុងមួយខែ បើត្រូវរ៉ាប់រងការមិនបាច់ច្រើនទេ ត្រឹមតែ ៣ រោង ក៏ងងឹតមុខឈឹងដែរ ដូច្នេះគួរអធ្យាស្រ័យ ហើយអញ្ជើញតែអ្នកដែលជិតស្និទ្ធទៅបានហើយ។
នៅពេលទទួលសំបុត្រការ មិនបាច់ចងដៃច្រើនពេកទេ គឺត្រឹមមួយរោង ២៥ ដុល្លារ ហើយបើចាប់ពីពេលនេះទៅ ក្នុងមួយខែទទួលដល់ទៅ ៣ រោង ក៏អស់ ៧៥ ដុល្លារបាត់ទៅហើយ។ ទឹកប្រាក់ ៧៥ ដុល្លារនេះ គឺល្មមសម្រាប់ថ្លៃឈ្នួលបន្ទប់ស្នាក់នៅមួយខែទៅហើយ ដូច្នេះបើរាល់តែខែទទួលតែបែបនេះ តើឱ្យគ្នារស់នៅយ៉ាងណា ខណៈដែលស្ថានភាពសេដ្ឋកិច្ចមិនសូវអំណោយផលដល់ការស្វែងរកចំណូលក្នុងអំឡុងពេលនេះ។
អស់លោកជាសាមីដើមការ ទោះបីជាមានញាតិច្រើន ប៉ុន្តែកុំលោភលន់អី កុំហៅភ្ញៀវច្រើនពេក គឺយកត្រឹមល្មមៗបានហើយ។ អាពាហ៍ពិពាហ៍គឺពិតជាពិធីមង្គល ប៉ុន្តែសេចក្តីសុខ និងមង្គលសម្រាប់គូស្វាមីភរិយាមិនមែនស្ថិតនៅលើការហៅភ្ញៀវច្រើន ឬតិច ធំ ឬតូច អធិកអធម ឬយ៉ាងណានោះទេ គឺសំខាន់លើការចេះស្រឡាញ់គ្នា ចេះគោរព ចេះយោគយល់ ចេះអត់ឱន និងជួយគ្នាទៅវិញទៅមករបស់គូជីវិតទាំងពីរ។
ក្នុងស្ថានភាពដែលជីវភាពរស់នៅកាន់តែមានសម្ពាធ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមិនទាន់មានភាពប្រសើរឡើង ការរៀបចំពិធីអាពាហ៍ពិពាហ៍គួរតែផ្តោតលើភាពសមរម្យ និងលទ្ធភាពជាក់ស្តែងរបស់គ្រួសារ ជាជាងការប្រកួតប្រជែងគ្នារវាងទំហំកម្មវិធី និងចំនួនភ្ញៀវ។ សាមីដើមការគួរយោគយល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់មិត្តភក្តិ សាច់ញាតិ និងសហការី ដោយអញ្ជើញតែអ្នកជិតស្និទ្ធ និងចាំបាច់ប៉ុណ្ណោះ ដើម្បីកុំឱ្យពិធីមង្គលការដែលគួរតែពោរពេញដោយក្តីរីករាយ ក្លាយជាបន្ទុកហិរញ្ញវត្ថុសម្រាប់អ្នកដទៃ។
ជាមួយគ្នានោះ ភ្ញៀវដែលទទួលបានសំបុត្រអញ្ជើញក៏គួរចងចាំដែរថា ការចូលរួមអបអរសាទរមិនគួរត្រូវបានវាស់វែងតាមទឹកប្រាក់ចងដៃនោះឡើយ ព្រោះទឹកចិត្ត និងការជូនពរដោយស្មោះត្រង់មានតម្លៃមិនអាចកាត់ថ្លៃបាន។
សរុបទៅ មង្គលការដ៏មានន័យ មិនមែនស្ថិតនៅលើចំនួនភ្ញៀវ ភាពអធិកអធម ឬទឹកប្រាក់ដែលទទួលបានពីភ្ញៀវនោះទេ ប៉ុន្តែស្ថិតនៅលើសុភមង្គលរបស់គូស្វាមីភរិយា ការចាប់ផ្តើមជីវិតថ្មី និងការរួមរស់ជាមួយគ្នាដោយសេចក្តីស្រឡាញ់ ការគោរព ការយោគយល់ និងការទទួលខុសត្រូវ។ ការរៀបចំពិធីឱ្យសមល្មមតាមលទ្ធភាព និងការចេះគិតគូរដល់ការលំបាករបស់អ្នកដទៃ គឺជាស្មារតីនៃការរស់នៅប្រកបដោយមនុស្សធម៌ និងការយោគយល់គ្នាក្នុងសង្គម។
