ភ្ញៀវទេសចរ កំពុងតែរើបឡើងវិញ កុំភ្លេចចពង្រឹងជំនាញ និងសេវាកម្ម
អ្នកប្រកបរបរទទួលទានដោយវិស័យទេសចរណ៍នៅខេត្តសៀមរាបបានរអ៊ូរទាំច្រើនអំពី បញ្ហាខ្សត់ភ្ញៀវទេសចរបរទេស ប៉ុន្តែពេលនេះ ពោលគឺនៅចុងឆ្នាំភ្ញៀវទេសចរកំពុងតែបង្ហាញអំពី សញ្ញានៃការរើបឡើងវិញ ។
បងប្អូនរអ៊ូរទាំបាន ក៏បន្ត ប៉ុន្តែទន្ទឹមនឹងការរអ៊ូ គួរតែញញឹម និងពង្រឹងសេវាកម្មក៏ដូចជាផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរបរទេសនិងទេសចរនៅក្នុងស្រុកផង ពីព្រោះតែយើងរអ៊ូ មុខស្អុយដាក់ភ្ញៀវ គេអាចមិត្រឹមតែមិនមកលេងកម្ពុជាជាថ្មីទេ ពេលត្រឡប់ទៅវិញគេថែមទាំងទៅនិយាយប្រាប់អ្នកដ៏ទៃមិនអោយមកកម្ពុជាយើងថែមទៀត ។
សូមបងប្អូនពង្រឹងសេវាកម្ម និងលើកកំពស់ការកសាងវិជ្ជាជីវៈនានា ដែលពាក់ព័ន្ធ ធ្វើយ៉ាងណា នៅក្នុងអំឡុងពេលដែលយើងទទួលភ្ញៀវទេសចរនានា គឺអោយពូកគេមានទំនុកចិត្ត ពូកគេសប្បាយ ពូកគេរីករាយ ពូកគេកក់ក្តៅ នោះពេលគេត្រឡប់ទៅវិញគេនឹងមកលេងយើងជាថ្មីម្តងទៀត ហើយបើមិនដូច្នេះទេ ទោះបីជាគេមិនមក តែគេនិយាយអួតពីស្រុកយើង អូតពីសេវាកម្មល្អរបស់យើង ដល់អ្នកដែលគេស្គាល់នោះយើងនឹងកាន់តែប្រសើរ។
តាមរបាយការណ៍គ្រឹះស្ថានអង្គរបានឲ្យដឹងថា នៅក្នុងរយៈពេល១១ ខែនៃឆ្នាំ២០២៣ នេះ តំបន់អង្គរដែលជាមូលដ្ឋាននៃការទាក់ទាញភ្ញៀវទេសចរបរទេសរបស់ខេត្តសៀមរាប គឺបានទទួលភ្ញៀវទេសចរបរទេសដល់ទៅជិត ៧ សែន នាក់ ជាមួយនឹងកំណើនកើនឡើង រហូតដល់ ២១១ ភាគរយធៀបនឹងរយៈពេលដដែលកាលពីឆ្នាំ២០២២ តែនៅតែមិនទាន់អាចប្រៀប បាននឹងតួលេខកាលពីឆ្នាំ២០១៩ មុនការរីករាលដាលនៃមេរោគកូវីដ ១៩ នោះនៅឡើយទេ ។
ជាមួយនឹងការមកដល់នេះ កម្ពុជាអាចរកចំណូលបានប្រមាណជា ជាង ៣២ លានដុល្លារ ពីការលក់សបុត្រភ្ញៀវទេសចរចូលកំសាន្តតំបន់អង្គរ ប៉ុន្តែនៅថ្ងៃដឹកជញ្ជូន ថ្លៃហូបចុក ថ្លៃ សេវាកម្មពាក់ព័ន្ធផ្សេងៗទៀត ។
ផ្អែកតាមតួរលេខនេះ សញ្ញាវិជ្ជមានកំពុងតែវិលមកវិញ ហើយតាមការរំពឹងទុក របស់អ្នកជំនាញដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ក៏បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះការមកដល់ របស់ភ្ញៀវទេសចរបរទេសនៅចុងឆ្នាំនេះផងដែរ ។
សរុបមកវិញដើម្បីជំរុញអោយភ្ញៀវទេសចរបរទេសកាន់តែច្រើនមកលេងកំសាន្តនៅស្រុកយើងបន្ថែមទៀត គឺសេវាកម្ម និង សកម្មភាពចូលរួមនានា របស់យើងទាំងអស់គ្នាពិតជាសំខាន់ណាស់ ដូច្នេះសូមប្រែក្លាយបញ្ហាទៅជាឆន្ទះនិងការអនុវត្តដោយស្នាមញញឹម តស៊ូ ដើម្បីធ្វើយ៉ាងណារុញទាំងអស់គ្នាអោយវិស័យទេសចរណ៍កម្រើកកាន់តែខ្លាំងឆ្ពោះទៅរក កំណើនដែលរឹងមំា និង មានស្ថានភាពកាន់តែប្រសើរ៕