ពីពេលនេះ ដល់ឆ្លងភ្ជុំបិណ្ឌ កុំភ្លេចអ្នកមានគុណ
រហូតដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៣ ទើបពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនឹងត្រូវបញ្ចប់ ដូច្នេះនៅក្នុងអំឡុងពេលនេះ ទោះរវល់យ៉ាងណាសូមឆ្លៀតពេលទៅលេងឪពុកម្តាយជីដូនជីតា ជាពិសេសគឺលោកអ្នកមានគុណនិងបុព្វការីជនដែលនៅរស់រាន្តមានជីវិត។
តាមប្រពៃណីខ្មែរពីបរមបុរាណកាលតរៀងមកពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះគឺជាពិធីមួយ ដែលខ្មែរតែងតែរៀបចំឡើងដើម្បីឧន្ទិសកុសលដល់អ្នកដែលបានទទួលមរណៈកាល ហើយ និងពិធីបុណ្យមួយ ដែលគេរៀបចំឡើងដើម្បីរំលឹកដល់គុណមាតាបិតា និងជីដូនជីតា ដូច្នេះជាជាបុត្រធីតា សូមកុំភ្លេចពួកគេ។
នៅស្រុកខ្មែរយើងខេត្តដែលឆ្ងាយជាងគេមានប្រវែងប្រមាណតែ ៥០០ គីឡូម៉ែត្រទេ ហើយនៅពេលនេះ ដោយសារតែមធ្យោបាយធ្វើដំណើរសំបូរបែប ហើយផ្លូវគមនាគមន៍ក៏សំបូរខ្វាត់ខ្វែង ដូច្នេះ ការធ្វើដំណើរពេលខ្លះត្រឹម ៥០០ គីឡូម៉ែត្រនេះគេអាចនឹងធ្វើដំណើរវិលល្ងាយបាន ដូច្នេះការធ្វើដំណើរលែងជាហេតុផលដែលយើងភ្លេច ឬមិនធ្វើដំណើរទៅលេងទៅសួរសុខទុក្ខ ដល់អ្នកមានគុណយើងឡើយ។
តាមទម្លាប់ នៅក្នុងអំឡុងពេលនេះ កូនចៅ តែងទៅធ្វើបុណ្យឧន្ទិសកុសលដល់ញាតិកាល ដែលបានមរណភាព នៅតាមទីវត្តអារ៉ាម ប្រសិនបើអ្នកនោះគោរពតាមជំនឿលើព្រះពុទ្ធ សាសសនា ហើយអ្នកដែលមានបុព្វការីជនដែលនៅរស់រៀនមានជីវិតគេតែងតែទិញជានំចំណី សំលៀកបំពាក់ ហើយក៏អាចនឹងជូនជាលុយជាកាក់ដល់អ្នកមានគុណ ប៉ុន្តែកុំភ្លេចថា លុយកាករបស់របរពេលខ្លះមិនសំខាន់ទេ សម្រាប់ពួកគេភាគច្រើន ។ អ្វីដែលសំខាន់សម្រាប់ពួកគាត់គឺវត្តមានកូនចៅជួបជុំគ្នា សប្បាយរីករាយ ។
សុភាសិតខ្មែរមួយដែលពោលថា «ធ្វើបុណ្យទាន់ខែភ្លឺ» គឺជាសក្ខីភាពមួយបញ្ជាក់ យ៉ាងច្បាស់ថា ការធ្វើបុណ្យធ្វើទាននេះគឺគប្បីធ្វើជាមួយនឹងឪពុកម្តាយ និងជីដូនជីតា នៅពេលដែលគាត់នៅរស់ ។ ការធ្វើបុណ្យនេះមិនមែនសំដៅទាល់តែយើងមានលុយមានកាក់ នាំគាត់ទៅធ្វើបុណ្យនេះបុណ្យនោះ លើសពីសមត្ថភាពយើងនោះឡើយ។
សុភាសិតនេះ បញ្ជាក់ថា នៅពេលដែលគាត់នៅរស់ ហូបបាន ទទួលទានបាន ដូច្នេះនៅពេលដែលយើង ធំធាត់ចម្រើនវ័យទៅ គឺគួរតែខិតខំទំនុកបម្រុង ផ្គត់ផ្គង់ការហូបចុក ឲ្យបានសមរម្យ ។ យើងត្រូវ ថែរក្សា ដោយក្តីគោរពស្រលាញ់ ដើម្បីអោយសមនឹងការស្រលាញ់ និងលះបង់ចំពោះយើង តាំងពីដឹងថា ចាប់កំណើតមក ។
ការធ្វើកុសលផលបុណ្យនេះ មិនមែនទាល់តែគាត់ទទួលមរណៈកាលទៅបានយើងទៅធ្វើបុណ្យធំដុំនោះឡើយ ។ ការធ្វើបែបនេះគឺជាកំហុសធ្ងន់ណាស់ ហើយក៏មិនមានបុណ្យកុសលដូច ដែលយើងបានធ្វើនៅពេលដែលគាត់នៅរស់បានឃើញ បានដឹង បានទទួលភាពកក់ក្តៅពីកូនៗឡើយ៕