ប្អូនៗសិស្សានុសិស្សល្មម កែសម្រួលបែបបទនៃការសិក្សាហើយស្តាប់គ្រូខ្លះផង !
ទឹកចិត្តជាគ្រូម្នាក់ដែលមានការទទួលខុសត្រូវនិងមានសតិសម្បជញ្ញៈក៏ដូចជាការទទួលខុសត្រូវអ្វីដែលសំខាន់គឺចង់ឲ្យសិស្សានុសិស្សមានចំណេះ ត្រង់ត្រាប់ការពន្យល់ និង បង្កើនការ សិក្សាស្រាវជ្រាវពង្រីកចំណេះខ្លួនឯង ហើយនៅពេលដែលសិស្សណាម្នាក់មិនចេះឬមិនយល់គឺខឹងខ្លួនឯងបំផុត ។
នៅក្នុងស្ថានភាពបែបនេះទើបអ្នកគ្រូម្នាក់ប្រហែលជាពិបាកចិត្តដល់កំពូលមិនមានដំណោះស្រាយ និយាយជាមួយនឹងសិស្សមិនបាន ហើយបានជាគាត់ខឹងដល់ថ្នាក់ប្រមូលសៀវភៅសិស្សសឹងតែមួយថ្នាក់គ្រវែងចោលពីលើចុះក្រោម ហើយត្រូវបានគេផ្សព្វផ្សាយពេញបណ្តាញសង្គម ។
តាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គម សកម្មភាពបែបនេះវាកើតឡើងនៅសាលាមួយ ក្រោយពេលដែល សិស្សស្ទើរមួយថ្នាក់ នៅពេលអ្នកគ្រូឱ្យកត់មេរៀន អត់បានកត់ ទើបគ្រូខឹងបានយកសៀវភៅបោះចេញក្រៅថ្នាក់ ។
រឿងនេះគឺជាសក្ខីកម្មនៃការចាប់ផ្តើមវិវន្តនិងកើតឡើងថ្មីនៅតាមសាលារៀននៅកម្ពុជា។ នៅសម័យហ្វូតូកូពីសិស្សានុសិស្សភាគច្រើនមិនកត់មេរៀនទេ គឺកូពីរហើយបិទ ដល់សម័យនេះ លែងកូពីគេចែករំលែកគ្នា តាមទូរស័ព្ទដៃ ខណៈដែលសម័យមុនគឺសិស្សត្រូវកត់មេរៀនដែលគ្រូអាន ឲ្យកត់ ហើយត្រង់ត្រាប់ស្តាប់គ្រូកត់បន្ថែមពេលគ្រូពន្យល់ ។
នៅសម័យនេះជាសម័យបច្ចេកវិទ្យាឌីជីថល សម័យបញ្ញាសិប្បនិម្មិតប្អូនៗអាចអាង នៅលើទូរស័ព្ទដៃ ប៉ុន្តែកុំភ្លេច ជីវិតប្អូនមិនមែនអាចនៅជាមួយនឹងឧបករណ៍បែបនេះរហូតឡើយ ។ ប្អូនៗគួរតែចេះគួរតែមានគំនិតខ្លួនឯង ដូច្នេះនៅពេលអត់វា គឺប្អូននៅតែអាចយករួចខ្លួនហើយនៅតែមានបំណិនដោះស្រាយបញ្ហាបាន ។
នៅវ័យនេះជាវ័យសិក្សា ទោះជាប្អូនមានហ្វូតូកូពី មានមេរៀនគ្រូបាញ់អោយ មាន AI ជួយធ្វើកិច្ចការផ្ទះជំនួស ប៉ុន្តែកុំភ្លេចនៅក្នុងជីវភាពជាក់ស្តែងមិនមែន AI ជាអ្នករកលុយអោយប្អូននោះទេ គឺប្អូនត្រូវប្រើចំណេះនិងជំនាញពីការៀនដើម្បីទទួលបានការងារយកមកចិញ្ចឹមជីវិត។ ប្អូនៗគួរតែកត់មេរៀន គួរតែធ្វើកិច្ចការផ្ទះ គួរតែអាន និង ទន្ទិញមេរៀន គួរតែធ្វើលំហាត់ដោយខ្លួនឯង ខណៈដែល AI ទុកវាគ្រាន់តែជាជំនួយទៅបានហើយ ។
បើប្អូនអាងបែបនេះ គឺ AI ទេដែលចេះ ហើយពេលគ្រូខឹងគឺប្អូនៗទេដែលខ្មាសគេ ដូច្នេះសូមកែប្រែឥរិយាបទហើយព្យាយាមសិក្សាដោយខ្លួនឯង កុំអាង លើ AI។ សូមចាត់ទុក AI ជាជំនួយទៅបានហើយ៕