អ្នកជក់បារីនៅប្រទេសយើងនៅច្រើន យើងទាំងអស់គ្នាគួរបន្តខិតខំប្រឹងប្រែងបន្ថែមទៀត

បារីនិងថ្នាំជក់គ្រប់ប្រភេទ ជាពិសេសគឺបារីអេឡិចត្រូនិក នៅតែបន្តគំរាមកំហែងសុខភាពសាធារណៈនៅកម្ពុជាបន្តទៀត ពីព្រោះភាគរយនៃពលរដ្ឋយើងដែលនៅជក់បារីគឺនៅតែខ្ពស់គួរសម ដែលយើងទាំងអស់គ្នាត្រូវតែបន្តចូលរួមដើម្បីសង្គមយើងគ្មានបារី ឫគ្មានថ្នាំជក់។

នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានអះអាងថា បារីពិតជាគ្រោះថ្នាក់ចំពោះសុខភាពសាធារណៈប៉ុន្តែទោះជាយ់ាងណាក៏ដោយអ្នកជក់បារីនៅក្នុងប្រទេសគឺនៅតែមានចំនួនច្រើនគួរសម ដែលយើងត្រូវតែយកចិត្តទុកដាក់​។​

ប្រភពដដែលបានបន្តថា ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់និងក្លែងក្លាយ ព្រមទាំងទប់ស្កាត់បារីអេឡិចត្រូនិក ដែលកំពុងបង្កហានិភ័យដល់យុវជន និងសុខភាពសាធារណៈជាកិច្ចការដែលក្រសួងកំពុងតែបន្តធ្វើ ខណៈដែលពេលនេះកម្ពុជានៅមានអ្នកប្រើប្រាស់ថ្នាំជក់១,៦ លាននាក់ទៀត។

ផ្អែកតាមស្ថិតិនេះបើធៀបនឹងប្រជាពលរដ្ឋសរុបប្រមាណជា ១៧លាននាក់ ឃើញថា អត្រាពលរដ្ឋយើងដែលនៅជក់បារីគឺមានប្រមាណជា ៩,៤១ ភាគរយឯណោះ ។​

ពាក់ព័ន្ធនឹងកិច្ចការនេះលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នា ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពង្រឹងកិច្ចសហការពហុវិស័យ និងកំណត់អាទិភាពសម្រាប់ជំហានបន្ត។

លោកបានលើកឡើងថា កម្ពុជាបានសម្រេចសមិទ្ធផលសំខាន់ៗជាច្រើន តាមក្របខណ្ឌអនុសញ្ញារបស់អង្គការសុខភាពពិភពលោក  ហើយបានធ្វើសកម្មភាពជាច្រើន​រួមមានការបោះពុម្ពសារអប់រំសុខភាពលើកញ្ចប់ថ្នាំជក់ ការហាមជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ និងការហាមផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែកម្ពុជាក៏នៅតែមានអ្នកជក់ ដែលទាមទារឱ្យបន្តមានយន្តការសមស្របជាប់លាប់ និងមានប្រសិទ្ធភាព។

កិច្ចការនេះមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារពេលវេលា និងការប្រឹងប្រែង ហើយក៏ត្រូវការនូវការចូលរួមពីសាធារណជននានា នៅក្នុងការបន្តអប់រំ ពង្រឹងការផ្សព្វផ្សាយ ដើម្បីឲ្យយល់ពីគ្រោះថ្នាក់រយៈពេលវែងរបស់បារី ឫ ថ្នាំជក់ ឫ បារីអេឡិចត្រូនិក ។

ការជក់បារី ឫ ថ្នាំជក់ ឫ បារីអេឡិចត្រូនិក វាត្រូវបានគេអះអាងថា ជាឥរិយាបទឡូយ ក្លាហាន សង្ហារ ប៉ុន្តែធាតុពិតជាប្រភពនៃមហារីកសួត ថ្លើម ហើយជាប្រភពចំបងនៃជំងឺសរសៃឈាម បេះដូង និង បញ្ហាជាច្រើនទៀត។ នៅក្នុងគ្រួសារដែលមានអ្នកជាក់បារី អ្នកដែលនៅជុំវិញខ្លួនដែលមិនជក់ ក៏ដោយផ្សែងដែលហ៊ុយចេញក៏នៅតែបន្តធ្វើឲ្យពួកគេរងគ្រោះ ដូច្នេះសូមចូលរួមនិយាយថា ទេចំពោះថ្នាំជក់និងបារីគ្រប់ប្រភេទទាំងអស់គ្នា ។

 

Daily Program

Livesteam thumbnail