UNESCOចាត់ទុកកម្ពុជាជាគំរូ«អភិរក្សនិងអភិវឌ្ឍន៍»រមណីយដ្ឋានបេតិកភណ្ឌពិភពលោក
គណៈកម្មការអចិន្ត្រៃយ៍ទាំង២១ប្រទេស របស់យូណេស្កូ សុទ្ធតែបានឯកភាពថាត្រឹមត្រូវ ក្នុងការផ្លាស់ប្តូរប្រជាជននៅតំបន់អង្គរ ហើយបន្តថា កម្ពុជាបានធ្វើដោយគោរពតាមការស្នើសុំរបស់អង្គការយូណេស្កូ និង ច្បាប់ទម្លាប់អន្តរជាតិ។នេះបើតាម អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ហង់ ពៅ ថ្លែងក្នុងឱកាសធ្វើសន្និសីទស្តីពី «លទ្ធផលនៃកិច្ចប្រជុំលើកទី៤៦ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក» នៅទីក្រុង ញូវដែលី សាធារណរដ្ឋឥណ្ឌា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
គណៈកម្មការអចិន្ត្រៃយ៍ទាំង២១ប្រទេសយូណេស្កូ បានគូសបញ្ជាក់ថា នៅតំបន់អង្គរវត្ត បើធ្វើឲ្យប៉ះពាល់តម្លៃជាសកលនោះ តំបន់នេះនឹងប្រឈមបញ្ហាដាក់ក្នុងបញ្ជីគ្រោះថ្នាក់ និង អាចឈានដល់ការដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ដូច្នេះ ការរៀបចំផ្តាល់ប្តូរប្រជាពលរដ្ឋចេញពីតំបន់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ «អភិរក្ស និង អភិវឌ្ឍន៍»រមណីយដ្ឋានបេតិកភណ្ឌពិភពលោក ហើយកម្ពុជា គឺជាប្រទេសគំរូសម្រាប់ការចូលរួម«អភិរក្ស និង អភិវឌ្ឍន៍»។
តំបន់អង្គរវត្ត ត្រូវបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២។ លុះក្រោយមក ស្រាប់តែមានប្រជាជនតាំងទីលំនៅដោយខុសច្បាប់ ហើយឆ្នាំ២០០៥ យូណេស្កូបានស្នើឲ្យកម្ពុជា ចាត់ចែងរឿងនេះ ខណៈនៅឆ្នាំ២០០៧ ជាថ្មីម្តងទៀត យូណេស្កូស្នើឲ្យគិតគូរពីបញ្ហាពាក់ព័ន្ធនឹងសំណង់នៅលើតំបន់អង្គរនោះ រីឯកម្ពុជាក៏បានធ្វើតាមសំណើនោះ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវទាំងអស់។
ដើម្បីរក្សាតម្លៃជាសកលនៃតំបន់រមណីយដ្ឋានអង្គរបន្តស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ រាជរដ្ឋាភិបាល បានសម្រេចរៀបចំយកប្រជាពលរដ្ឋចេញពីដីតំបន់រមណីយដ្ឋានអង្គរ ដោយផ្តល់ដីនៅតំបន់អភិវឌ្ឍន៍រុនតាឯក និង តំបន់ពាក់ស្នែង នៅឆ្នាំ២០២២ ហើយបច្ចុប្បន្ននេះ ក្លាយជាទីក្រុងដ៏សំខាន់សម្រាប់ថ្ងៃអនាគត បន្ទាប់ពីរៀបចំហេត្ថារចនាសម្ព័ន្ធបានចប់ល្អ ហើយពលរដ្ឋប្រជាពលរដ្ឋ (មួយគ្រួសារទទួលបានដី ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ) និងរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ជាច្រើនមានដូចជាផ្លូវ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្ត និងបណ្តាញលូរំដោះទឹក បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត និងបណ្តាញសេវាទូរស័ព្ទ។
ក្រៅពីនេះ រាជរដ្ឋាភិបាល បាន ផ្តល់បណ្ណក្រីក្រកម្រិត១ ជូនប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តផ្លាស់ទីមករស់នៅលើតំបន់អភិវឌ្ឍន៍ទាំងពីរទីតាំងខាងលើនេះ។
យោងតាមសេចក្តីសម្រេចនៃកិច្ចប្រជុំនៅទីក្រុងញូដែលី ប្រទេសកម្ពុជាបានគោរពអនុវត្តត្រឹមត្រូវតាមបទដ្ឋានគតិយុត្តនានាជាអន្តរជាតិ និងអនុវត្តតាមលក្ខខណ្ឌតម្រូវនានារបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកផងដែរ។ លើសពីនេះ ករណីតំបន់រមណីយដ្ឋានអង្គរ ក៏ត្រូវបានលោកស្រី Audrey Azoulay អគ្គនាយិកាអង្គការយូណេស្កូ លើកឡើងថា សម្រាប់យន្តការអនុវត្តរបស់គណៈកម្មការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិរក្សតំបន់អង្គរ គឺជាគំរូមួយសម្រាប់កិច្ចអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ដែលមកដល់ពេលនេះ យន្តការ ICC Angkor មានអាយុកាល ៣០ឆ្នាំ និងបានបន្តរយៈពេល ១០ឆ្នាំទៅមុខទៀត។
ចំពោះតំបន់រមណីយដ្ឋានអង្គរ គឺជាបេតិកភណ្ឌពិភពលោកដែលផ្ទៃក្រឡាធំជាងគេ និងមានប្រជាជនរស់នៅច្រើនជាងគេ និងបានប្រសិទ្ធនាមថា ជាតំបន់បេតិកភណ្ឌមានជីវិត ព្រោះមានប្រជាពលរដ្ឋរស់នៅ និងបានថែរក្សាជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ពួកគេតាំងពីយូលង់ណាស់មកហើយ ដែលទំនៀមទម្លាប់នេះ ក៏មានឆ្លាក់នៅលើជញ្ជាំងប្រសាទនានាផងដែរ។
ពាក់ព័ន្ធនឹងរមណីដ្ឋានអង្គរនេះដែរ កម្ពុជាបានធ្វើរបាយការណ៍ជាប្រចាំទៅ WHC ហើយកម្ពុជាក៏បានធ្វើតាមការសម្រេចរបស់ WHC ដែលជាស្ថាប័នឯករាជ្យបានសម្រេចផងដែរ ដើម្បីការពាររមណីដ្ឋានអង្គរឱ្យបានឋិតថេរយូអង្វែង។ ចំពោះការប្តូរទីតាំងរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់អង្គរទៅទីតាំងថ្មី ក៏ដើម្បីឱ្យពលរដ្ឋមានសុវត្ថិភាព សុខុមាលភាព និងមានជីវភាពថ្មី ដែលរាជរដ្ឋាភិបាលបានចំណាយលុយយ៉ាងច្រើន សម្រាប់ទីតាំងថ្មី ដែលមានការអភិវឌ្ឍនាពេលបច្ចុប្បន្ន មិនដូចការចោទប្រកាន់របស់មតិមួយចំនួននោះទេ៕