ព្រះមហាក្សត្រ គុណូបការៈដ៏ថ្លៃថ្លារបស់អ្នកម្តាយ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងជ្រាលជ្រៅថា អ្នកម្តាយមានគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល និងមានគុណធ្ងន់មហិមាដែលពុំមានអ្វីអាចប្រៀបផ្ទឹមបានឡើយ។
ក្នុងព្រះរាជសារអបអរសាទរឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ព្រះមហាក្សត្រកម្ពុជាបានមានព្រះរាជបន្ទូលបញ្ជាក់ថា មាតាគ្រប់រូបតែងតែខិតខំចំណាយកម្លាំងកាយកម្លាំងចិត្ត ដើម្បីចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រឱ្យក្លាយជាមនុស្សល្អដោយឥតត្អូញត្អែរឡើយ។ ជាមួយគ្នានេះដែរ អ្នកម្តាយគ្រប់រូបមិនដែលគិតដល់ការនឿយហត់របស់ខ្លួននោះទេ ដោយសារពួកគាត់មានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ដ៏បរិសុទ្ធគឺ មេត្តា ករុណា មុទិតា និងឧបេក្ខា ចំពោះបុត្រគ្រប់រូបយ៉ាងពិតប្រាកដ។
ព្រះអង្គបានមានព្រះរាជបន្ទូលបន្តទៀតថា ដោយសារអ្នកម្តាយមានគុណធ្ងន់មហិមារកអ្វីពិពណ៌នាពុំបានបែបនេះ ដូច្នេះចូរបុត្រគ្រប់រូបត្រូវខិតខំតបស្នងសងនូវឧបការគុណចំពោះអ្នកម្តាយគ្រប់ប្រាណ ដែលជាបុព្វទេវារបស់ខ្លួន។ លើសពីនេះទៅទៀត អ្នកម្តាយមានតួនាទីស្នូលយ៉ាងសំខាន់ក្នុងការអប់រំបុត្រឱ្យក្លាយជាកម្លាំងចលករ ដើម្បីចូលរួមអភិរក្ស ថែរក្សា ការពារ និងលើកស្ទួយអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងជាតិ ជាពិសេសគឺការបណ្តុះនូវវប្បធម៌កតញ្ញូឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូតតទៅ៕