អ្នកនាំពាក្យ៖ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង២៤០នាក់ រយៈពេល១សប្តាហ៍

រយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចក្របខណ្ឌក្រសួងមហាផ្ទៃបន្តបង្ក្រាបបានក្មេងទំនើងចំនួន៦៨ករណី និងឃាត់ខ្លួនសរុបចំនួន២៤១នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ។
លោក ទូច សុខៈ បានឱ្យដឹងកាលពីថ្ងៃទី៣ ខែមិថុនាថា កម្លាំងនគបាលជាតិ ចាប់ពីកម្រិតអគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តបង្ក្រាបក្រុមក្មេងទំនើងចំនួន៦៨ករណី ឃាត់ខ្លួនយុវជនសរុបចំនួន២៤១នាក់ នៅតាមភូមិសាស្រ្តរាជធានី ខេត្តចំនួន១៣។
ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង ព្រះវិហារ បន្ទាយមានជ័យ កំពង់ស្ពឺ ពោធិសាត់ ព្រៃវែង កោះកុង ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងខេត្តតាកែវ។
លោកបានបន្តថា ៖ «ការបង្ក្រាបសកម្មភាពក្មេងទំនើងភាគច្រើនស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញចំនួន២១ករណី ស្មើនឹង៤៩នាក់ កណ្តាលចំនួន៥០នាក់ បន្ទាយមានជ័យចំនួន៣១នាក់ និងខេត្តស្វាយរៀងចំនួន២៣នាក់»។
ចំពោះប្រសិទ្ធភាពនៃការបង្ក្រាបក្មេងទំនើងយ៉ាងសកម្មនៅទូទាំងប្រទេសនេះ តើក្រុមក្មេងទំនើងទាំងនោះនឹងប្រឈមមុខវិធានការអ្វីខ្លះ បន្ទាប់ពីសមត្ថកិច្ចចាប់ឃាត់ខ្លួន?
ទាក់ទងនឹងចំណុចនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ពួកគេនឹងប្រឈមុខវិធានការរដ្ឋបាល និងវិធានការច្បាប់។ វិធានការរដ្ឋបាល គឺការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាមុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ សម្រាប់ករណីស្រាលៗ ប៉ុន្តែត្រូវបានរកឃើញពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ នឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បើតាមអ្នកនាំពាក្យរងដដែល ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, លោក ស សុខា ដោយបានដៅយកបញ្ហាក្មេងទំនើង ជាកិច្ចការអាទិភាពមួយក្នុងចំណោមអាទិភាព៦ ដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ ចាប់ពីដើមនីតិកាលទី៧ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
គួរកត់សម្គាល់ថា ក្នុងចំណោមករណីក្មេងទំនើងទូទាំងប្រទេស រាជធានីភ្នំពេញ មានករណីនេះច្រើនជាងគេ។ សម្រាប់រាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តការរយៈពេល៧ថ្ងៃមកនេះ លោក ស សុខា បានណែនាំឱ្យស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើតេសទឹកមូត្រលើក្រុមក្មេងទំនើងដែលឃាត់ខ្លួនបានសរុប ដោយជាលទ្ធផលបានរកឃើញថាជាង៥០ភាគរយ មានសាធាតុញៀនក្នុងខ្លួន៕
Daily Program
