អគ្គិសនីកម្ពុជា ស្នើឱ្យអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនីក្នុងអំឡុងពេលអាកាសធាតុក្តៅហួតហែង
អគ្គិសនីកម្ពុជា បានស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី ក្នុងអំឡុងចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំងដែលចាប់ពីដើមខែមេសានេះ បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។
នេះបើយោងតាម សេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ស្តីពីការប្រើប្រាស់ថាមពលអគ្គិសនីនៅចុងរដូវប្រាំងដែលមានអាកាសធាតុក្តៅហួតហែងខ្លាំង កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
អគ្គិសនីកម្ពុជាបានលើកឡើងថា អាកាសធាតុ ក្នុងរដូវប្រាំង ឆ្នាំ២០២៤ នេះ ស្ថិតក្នុងបាតុភូត អែលនីញ៉ូ (El Nino) ដែលចាប់ពីដើមខែមេសានេះ សីតុណ្ហភាពកើន កំដៅជាខ្លាំង បណ្តាលឱ្យការប្រើប្រាស់អគ្គិសនីចេញពីប្រព័ន្ធផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជាកើនឡើងប្រមាណជា ៣០% បើប្រៀបធៀបជាមួយឆ្នាំមុន។
ប្រភពដដែលបានបន្តថា ដើម្បីដោះស្រាយបំពេញបង្គ្រប់តម្រូវការប្រើប្រាស់ថាមពលអគ្គិសនីដែលកើនឡើងយ៉ាង គំហុកនេះ អគ្គិសនីកម្ពុជាចាំបាច់ត្រូវផលិតអគ្គិសនីចេញពីរោងចក្រប្រើប្រេងឥន្ធនៈ ដែលចំណាយថ្លៃដើមខ្ពស់ខ្លាំង។
ដូច្នេះ ដើម្បីជួយចូលរួមសន្សំសំចៃកាត់បន្ថយការចំណាយលើការប្រើប្រាស់ថាមពលអគ្គិសនីដែលមានថ្លៃខ្ពស់ក្នុង រយៈពេលខ្លីនេះ ទុកថវិកានេះសម្រាប់បម្រើអ្វីដែលមានប្រយោជន៍វិញ នោះអគ្គិសនីកម្ពុជាស្នើសុំអ្នកប្រើប្រាស់អគ្គិសនី ទាំងអស់ជួយចូលរួមដូចខាងក្រោម៖
១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រូវតាមលក្ខណបច្ចេកទេស ក្នុងនោះ ចំពោះ បរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាដើម
២. បិទ/ផ្ដាច់សម្ភារបរិក្ខារអគ្គិសនី ជាពិសេសបន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ ឱ្យអស់លទ្ធភាព ក្នុងករណីមិនចាំបាច់
៣. បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរចំពោះបន្ទប់ ឬទូរទឹកកក ដែលធ្វើឱ្យខ្យល់ត្រជាក់ចេញ
៤. ជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ណាដែលមានប្រសិទ្ធភាពខ្ពស់ ប្រើប្រាស់ថាមពលអគ្គិសនីតិច។
អគ្គិសនីកម្ពុជា បានលើកឡើងថា ការជួយសន្សំសំចៃថាមពលអគ្គិសនីមិនត្រឹមតែបានកាត់បន្ថយចំណាយក្នុងការ ទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ គឺបានចូលរួមចំណែកជួយកាត់បន្ថយការចំណាយរបស់អគ្គិសនី កម្ពុជាក្នុងការផលិតថាមពលដែលមានថ្លៃដើមខ្ពស់ ជាពិសេសជៀសវាងបញ្ហាខ្វះប្រភពផ្គត់ផ្គង់ក្នុងករណីម៉ាស៊ីនផលិត អគ្គិសនីខ្នាតធំណាមួយខូច ដែលអាចកើតមានឡើងជាយថាហេតុក្នុងស្ថានភាពអាកាសធាតុក្តៅហួតហែងបែបនេះ។
អគ្គិសនីកម្ពុជា សង្ឃឹមលើស្មារតីសហការរបស់អតិថិជន និងសាធារណៈជនទាំងអស់ ក្នុងការចូលរួមអនុវត្ត ការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយកាប្រើប្រាស់អគ្គិសនីឱ្យអស់លទ្ធភាពនៅក្នុងចុងរដូវប្រាំងនេះ៕