​ឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង​កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ​

កាលពី​​រសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ជួបជាមួយនឹង​លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរ​ដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិ​មានសន្តិភាព។​

យោងតាមខ្លឹមសារនៃជំនួបនេះបានឱ្យដឹងថា ​លោក ថងលុន ស៊ីសុលីត បានទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រ​ទេ​សកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះ លោក​ប្រធានរដ្ឋឡាវ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់ស​ម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុ​ខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

បន្ថែមលើនេះ លោក​ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។

លោក ថងលុន ស៊ីសុលីត បានបញ្ជាក់ថា ៖ «ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំ​ពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃ​ការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខា​ងមុខ»​។​

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជា​ជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំប​ន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀ​តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន។

ក្នុងនោះរួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់ស​ម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រ​កួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡា​វពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។

ចំពោះកិច្ចការព្រំដែន លោក​ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀ​មខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។​

ចំពោះមុខសម្តេចធិបតី លោកថងលុន ស៊ីសុលីត បានថ្លែង​បញ្ជាក់ដែរ​ថា ៖ «ទោះបីជាមានប​ញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡា​វនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់កា​រលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ»​៕​

Daily Program

Livesteam thumbnail