លោកស្រី ពេជ ចន្ទមុន្នី៖ យុទ្ធនាការមិនទាន់ចាប់ផ្តើម តែពលរដ្ឋជាង៣ម៉ឺននាក់បានបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រួចហើយ

លោកស្រី ពេជ ចន្ទមុន្នី ភរិយាសម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសឱ្យដឹងថា ទោះបីជាយុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់» មិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ ប៉ុន្តែមូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីប្រជាពលរដ្ឋចំនួន ៣៨ ១៧០ នាក់រួចហើយ ក្នុងនោះ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក។
លោកស្រីបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤នេះថា ៖ «នាងខ្ញុំសូមគោរពថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតីខ្មែរជួយខ្មែរ ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ យ៉ាងច្រើនលើសលប់គួរឱ្យកត់សម្គាល់ បន្ទាប់ពីយុទ្ធនាការនេះត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃមិ្សលមិញនេះ»។
លោកស្រីបានបន្ថែមថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មានរយៈពេល ១ ខែពេញ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ហើយគិតមកដល់ម៉ោង ១៧:០០នេះ ទោះបីជាយុទ្ធនាការមិនទាន់បានចាប់ផ្ដើមជាផ្លូវការនៅឡើយក៏ដោយ មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលថវិកាបរិច្ចាគ ពីបងប្អូនប្រជាពលរដ្ឋចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់៦៥៧.៧៧៧.០៣៤ រៀល និង ៩៦.២១២ ដុល្លារអាម៉េរិក រួចទៅហើយ។ នេះបានសបញ្ជាក់ឱ្យឃើញពីការគាំទ្រយ៉ាងផុលផុសប្រកបដោយស្មារតីសាមគ្គីភាពយ៉ាងរឹងមាំរបស់ប្រជាជាតិខ្មែរទាំងមូល។
លោកស្រី ពេជ ចន្ទមុន្នី ថា ៖ «នាងខ្ញុំសូមអំពាវនាវដល់បងប្អូនសប្បុរសជនដែលមានបំណងចូលរួមបរិច្ចាកក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ»៕
Daily Program
