លីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ ប្តឹងទៅអង្គការសហប្រជាជាតិពីការអនុវត្តកម្ចីបែបកេងប្រវ័ញ្ចក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
កាលពីថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ អង្គការ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ និងអ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមការងារនៃអង្គការសហប្រជាជាតិ ផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស និងអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិចំនួន ៤ រូប ផ្សេងទៀត។
ការដាក់ពាក្យបណ្តឹងនេះ ពាក់ព័ន្ធការអនុវត្តកម្ចីបែបកេងប្រវ័ញ្ច និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមួយចំនួននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ បើយោងតាមសេចក្តីថ្លែងការណ៍របស់អង្គការលីកាដូ។
សេចក្តីថ្លែងការណ៍បានបន្តថា ពាក្យបណ្តឹងនេះ អំពាវនាវដល់អ្នករាយការណ៍ពិសេសទាំងនោះ សូមឱ្យពិនិត្យទៅលើវិបត្តិនៃការជំពាក់បំណុលវ័ណ្ណក និងសូមទាក់ទងបង្កើតកិច្ចសន្ទនាជាមួយក្រុមហ៊ុនជាតិ និងពហុជាតិ វិនិយោគិន រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាតិដែលពាក់ព័ន្ធ។ នេះ
ការទាក់ទងដែលផ្តើមពីអ្នករាយការណ៍ពិសេសនេះ អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់បំផុតនៃវិបត្តិនេះ ទៅលើអ្នកខ្ចីប្រាក់ដែលងាយរងគ្រោះបំផុតនៅកម្ពុជា ដោយអំពាវនាវឱ្យតួអង្គដែលពាក់ព័ន្ធ ត្រូវធ្វើឱ្យវិស័យនេះស្របតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស (UNGPs) ។
ពាក្យបណ្តឹងនេះ ទាក់ទងនឹងសកម្មភាពរបស់ស្ថាប័នហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា ម្ចាស់ភាគហ៊ុននិងអ្នកវិនិយោគអន្តរជាតិរបស់ស្ថាប័នទាំងនេះ ដែលរួមមាន KB Financial Group ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសកូរ៉េខាងត្បូង ធនាគារអភិវឌ្ឍន៍រដ្ឋហូឡង់ FMO ធនាគារ LOLC ដែលមានមូលដ្ឋាននៅប្រទេសស្រីលង្កា និងអ្នកវិនិយោគរដ្ឋ និងឯកជនផ្សេងទៀត ។
អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ បានលើកឡើងថា ស្ថានភាពវិបត្តិមីក្រូហិរញ្ញវត្ថុនៅកម្ពុជា គឺកាន់តែអាក្រក់ទៅៗ បើទោះជាមានការរាយការណ៍ជាសាធារណៈជាច្រើនឆ្នាំ និងទទូចស្នើសុំដល់អ្នកវិនិយោគអន្តរជាតិឱ្យយកចិត្តទុកដាក់លើការផ្តល់ដំណោះស្រាយក៏ដោយ។
អ្នកនាងបញ្ជាក់ថា ៖ «អតិថិជនរបស់យើង បានបាត់បង់ដី ជីវភាព ហើយករណីខ្លះបាត់បង់ទាំងជីវិត ដោយសារការផ្តល់កម្ចីមីក្រូហិរញ្ញវត្ថុបែបកេងប្រវ័ញ្ចទាំងនេះថែមទៀតផង ។ អ្នកទាំងនោះត្រូវការការអនុគ្រោះលើបំណុលរបស់ពួកគេយ៉ាងខ្លាំង ហើយវិនិយោគិនអន្តរជាតិដែលនៅតែបន្តទទួលបានប្រាក់ចំណេញពីកម្ចីបែបកេងប្រវ័ញ្ចទាំងនេះ ត្រូវតែចាប់ផ្តើមផ្តល់ការអនុគ្រោះលើបំណុលដល់ពួកគេ»។
ឥឡូវវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា មានជាង ១៦ ពាន់លានដុល្លារ។ ទំហំប្រាក់កម្ចីជាមធ្យមគឺលើសពី ៥ 000ដុល្លារ ដែលជាទំហំខ្ពស់បំផុតនៅលើពិភពលោក និងច្រើនជាង ៣ ដងនៃប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមនៅក្នុងប្រទេសកម្ពុជា ។
ទន្ទឹមនឹងនេះ ឥណទានក្នុងស្រុកដល់វិស័យឯកជនបានកើនឡើងដល់ជាង ១៧០% នៃផលិតផលសរុបក្នុងស្រុក ក្នុងឆ្នាំ ២០២៣ ដែលធ្វើឱ្យប្រទេសកម្ពុជាឱ្យជាប់ចំណាត់ថ្នាក់លេខ ៤ លើពិភពលោក និងឆ្លុះបញ្ចាំងពីបញ្ហាបំណុលវ័ណ្ណកក្នុងប្រទេសកម្ពុជា ដែលបានគ្របដណ្តប់លើវិស័យមីក្រូហិរញ្ញវត្ថុ ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដែលផ្តល់កម្ចីខ្នាតតូច បន្តដាក់សម្ពាធលើកូនបំណុល ឱ្យលក់ដី ខ្ចីកម្ចីឯកជន និងបញ្ឈប់កូនពីការសិក្សា ដើម្បីរកប្រាក់សងបំណុល ។ ប្រាក់កម្ចីទាំងនេះជារឿយៗធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ត្រី ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភាពក្រីក្រ ។
លោក ម៊ីសូល កាង អ្នកឃ្លាំមើលសាជីវកម្មកូរ៉េអន្តរជាតិ (KTNC Watch) បានឱ្យដឹងថា ការអនុវត្តការផ្តល់ប្រាក់កម្ចីបែបកេងប្រវ័ញ្ចទាំងនេះ នាំឱ្យកូនបំណុល និងគ្រួសាររបស់ពួកគេធ្លាក់ទៅក្នុងភាពក្រីក្រកាន់តែជ្រៅ ហើយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ពួកគេក្នុងការទទួលបាន ម្ហូបអាហារ សុខភាព ការអប់រំ និងការរស់នៅឲ្យបានសមរម្យ។
លោកបានមានប្រសាសន៍បន្ថែមថា ៖ «ដោយអនុលោមតាមគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស គ្រប់តួអង្គទាំងអស់ដែលនៅក្នុងវិស័យនេះ ដែលរួមទាំងក្រុមហ៊ុនមេ អ្នកវិនិយោគ អ្នកផ្តល់ប្រាក់កម្ចី និងរាជរដ្ឋាភិបាល ត្រូវតែចាត់វិធានការជាបន្ទាន់ដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានទាំងនេះ និងផ្តល់ដំណោះស្រាយដល់ជនរងគ្រោះ»។
ក្រុមការងារនៃអង្គការសហប្រជាជាតិផ្នែកធុរកិច្ច និងសិទ្ធិមនុស្ស គឺជាស្ថាប័នរាយការណ៍ពិសេស ផ្នែកសិទិ្ធមនុស្សមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១១ ដើម្បីលើកកម្ពស់ ផ្សព្វផ្សាយ និងអនុវត្តគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ក៏ដូចជាផ្តល់អនុសាសន៍សម្រាប់ការអនុវត្តគោលការណ៍ទាំងនោះ៕