សម្តេចប៉ាបឡេអូ ទី១៤ ជំរុញនិស្សិតចិញ្ចឹមការស្រេកឃ្លានចំពោះសច្ចភាព

សម្តេចប៉ាបឡេអូ ទី១៤ បានជំរុញនិស្សិតសាកលវិទ្យាល័យ ឱ្យចិញ្ចឹមការស្រេកឃ្លានចំពោះសច្ចភាព និងការស្វែងរកអត្ថន័យភាពនៃសេចក្តីពិត។​ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។

ប្រភពដដែលបានលើកឡើងថា នេះជាបន្ទូលរបស់សម្តេចប៉ាបឡេអូនៅពេលដែលទ្រង់យាងចូលរួមបើកពិធីថ្វាយអភិបូជាសម្រាប់និស្សិតសាកលវិទ្យាល័យកាតូលិកនៅទីក្រុងរ៉ូម​កាលពីថ្ងៃទី ២៧ ខែតុលា កន្លងទៅនេះ​។ 

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សព្វថ្ងៃនេះ មនុស្សជាតិបានក្លាយជាអ្នកជំនាញក្នុងព័ត៌មានលម្អិតតូចបំផុតនៃការពិត ប៉ុន្តែមនុស្សជាតិបានបាត់បង់សមត្ថភាពក្នុងការមើលឃើញរូបភាពធំៗ ដែលជាចក្ខុវិស័យដែលភ្ជាប់អ្វីៗជាមួយគ្នាតាមរយៈអត្ថន័យដ៏ធំធេង និងជ្រៅជ្រះ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា តាមទ្រឹស្តីរបស់ព្រះសហគមន៍កាតូលិក គឺតែងតែបង្រៀនហើយអប់រំគ្រិស្តបរិស័ទឲ្យរៀន មើលជីវិត និងស្វែងរកការពិតដោយការសម្លឹងមើលរួមគ្នាលើបញ្ហារួម។

សម្តេចប៉ាបឡេអូ បានពិពណ៌នាអំពីការអប់រំថាជា "ទង្វើសប្បុរសធម៌ពិតប្រាកដ"។ ទ្រង់មានបន្ទូលថា "ការផ្តល់ចំណីដល់ការស្រេកឃ្លានចំពោះសេចក្តីពិត គឺជាកិច្ចការចាំបាច់ ពីព្រោះបើគ្មានសេចក្តីពិត និងអត្ថន័យពិតប្រាកដទេ មនុស្សម្នាក់អាចធ្លាក់ចូលទៅក្នុងភាពសូន្យ"។​

សម្តេចប៉ាបឡេអូបានបន្ថែមថា "អ្វីដែលមនុស្សជាតិទទួលបាននៅពេលស្វែងរកសេចក្តីពិត និងចូលរួមក្នុងការសិក្សា ជួយមនុស្សជាតិឱ្យរកឃើញថា យើងមិនមែនជាសត្វដែលត្រូវបានបោះចូលទៅក្នុងលោកិយដោយចៃដន្យនោះទេ ប៉ុន្តែយើងជាកម្មសិទ្ធិរបស់នរណាម្នាក់ដែលស្រឡាញ់យើង និងមានផែនការនៃសេចក្តីស្រឡាញ់សម្រាប់ជីវិតរបស់យើង៕

Daily Program

Livesteam thumbnail