​ព្រះរាជពិធីដង្ហែនិងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស​ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ​

យោងតាម​សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​​ ដែលចុះហត្ថលេខាដោយ​សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចុះថ្ងៃទី​២១ ខែឧសភា បាន​ឱ្យដឹងថា ដើម្បីរៀបចំព្រះរាជពិធីដង្ហែនិងថ្វាយ ព្រះភ្លើងព្រះបរមសព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យសក្តិសមនឹងព្រះគុណូបការៈដ៏ធំធេងរបស់សម្តេច ដែលបានបូជាថ្វាយចំពោះជាតិ សាសនា ព្រះមហាក្សត្រ។

សារាចរណែនាំ​របស់​​រាជរដ្ឋាភិបាលដោយប្រកាសថ្ងៃកាន់ទុក្ខជាផ្លូវការ លើកទី២ រយៈពេល១ថ្ងៃ គឺថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ហើយ​គ្រប់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជនទាំងអស់ គ្រប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ មួយភាគបីនៃដង ពីលើចុះមកក្រោម។

សារាចរណែនាំបានបន្តថា គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិនិងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែងនិងចាក់ផ្សាយនូវទស្សនីយភាព ផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

​សូមរម្លឹកដែរថា សម្តេចព្រះមហាសង្ឃរាជ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃ ព្រះរាជាណាចក្រកម្ពុជា ​បានយាងចូលព្រះទិវង្គតនៅវត្តឧណ្ណាលោម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលា ម៉ោង១៧:៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្ម៩៣ព្រះវស្សា។

នៅក្នុងសេចក្តីទុក្ខដ៏ក្រៀមក្រំបំផុតនេះ រាជរដ្ឋាភិបាល បានប្រកាសយកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការ ព្រមទាំងបាននិងកំពុងរៀបចំព្រះរាជពិធីបុណ្យ ថ្វាយព្រះបរមសព ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមនិងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ សក្តិសមនឹងព្រះកិត្តិនាមនិងព្រះកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចព្រះមហាសង្ឃរាជ៕

 

Daily Program

Livesteam thumbnail