ប្រធានមណ្ឌលសិប្បកម្ម ដូងតាកែវ ចូលរួមកម្មវិធី ASEAN HERITAGE Train ដើម្បីបង្ហាញពីការកែច្នៃធនធានធម្មជាតិឡើងវិញ
មណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិកនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមកម្មវិធីASEAN HERITAGE Train- Enhancing Connectivity towards Cultural Diversity ដែលបានរៀបចំឡើងរយៈពេល១៨ថ្ងៃ គឺចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។
កម្មវិធីនេះបានចាប់ផ្តើមដំណើរការនៅប្រទេសឡាវ រួចបន្តឆ្លងកាត់ប្រទេសថៃ និងបញ្ចប់នៅប្រទេសម៉ាឡេស៊ី។ គោលបំណងកម្មវិធីនេះ គឺដើម្បីលើកកម្ពស់ភាពសុខដុមរមនាក្នុងតំបន់ និងពង្រឹងការផ្លាស់ប្តូរវប្បធម៌នៅតាមបណ្តោយផ្លូវដ៏គួរឱ្យទាក់ទាញ ដោយមានការចូលរួមក្នុងសកម្មភាពផ្សេងៗ រួមមាន ការសម្តែងជាសាធារណៈ ការតាំងពិព័រណ៌ សិក្ខាសាលា និងបទពិសោធធ្វើម្ហូបជាដើម។
លោក មាគ ស៊ន ប្រធានមណ្ឌលសិប្បកម្មដូងតាកែវ បានប្រាប់RVA Khmer កាលពីថ្ងៃទី២៨ ខែកក្កដាថា កម្មវិធី ASEAN HERITAGE Train ជាកម្មវិធីមួយដែលបង្កើតឡើងដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនងក្នុងប្រទេសដែលជាសមាជិកអាស៊ានដើម្បីឱ្យមានការជួបជុំគ្នារវាងវប្បធម៌នៃប្រទេសនីមួយៗ។ អ្វីដែលសំខាន់ក្នុងការអភិវឌ្ឍន៍ផ្នែកទេសចរណ៍ផងដែរ។
លោកបានបញ្ជាក់ថា ៖ «គោលដៅសំខាន់នៅក្នុងកម្មវិធីនេះគឺគេបានជ្រើសរើសតំណាងពីប្រទេសមួយៗដែលមាន៣ផ្នែកសំខាន់ៗដែលក្នុងនោះរួមមាន ផ្នែករបាំប្រពៃណី ម្ហូបអាហារ និងការកែច្នៃ។ ក្នុងចំណោមតំណាង៣នាក់ពីប្រទេសកម្ពុជា មានចុងភៅ ដែលមកពីខេត្តសៀមរាប, អ្នករាំរបាំមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងខាងសិប្បកម្មកែច្នៃ មកពីមណ្ឌលសិប្បកម្មដូងដើម្បីចូលរួមធ្វើបទបង្ហាញសម្រាប់កម្មវិធីអាស៊ាននេះ»។
បើតាមលោក មាគ ស៊ន កម្មវិធីនេះបានចាប់ផ្តើមធ្វើឡើងនៅប្រទេសឡាវ ដែលមានប្រធានបទសំខាន់គឺការកែច្នៃធនធានធម្មជាតិឡើងវិញ ដូចជាពីសំរាម ឬពីអ្វីដែលត្រូវបានគេបោះចោលហើយយកមកធ្វើការកែច្នៃឡើងវិញ ក្នុងនោះក៏មានការតាំងពិព័រណ៌ផលិតដែលបានកែច្នៃឡើងវិញផងដែរ។
លោកបានថ្លែងថា ៖ «នៅប្រទេសឡាវ យើងបានជ្រើសរើសប្រធានបទពីការកែច្នៃផ្លែដូង ហើយសម្រាប់ចូលដល់ប្រទេសថៃគឺមានការផ្លាស់ប្តូរតាមរយៈការធ្វើម្ហូបអាហារតាមតំណាងប្រទេសនីមួយៗ ដែលប្រទេសយើងបានជ្រើសរើសនូវមុខម្ហូបមួយផងដែរគឺ នំបញ្ចុកខ្មែរយើងដើម្បីបង្ហាញដល់ប្រទេសផ្សេងៗ ហើយក្នុងនោះក៏មានការចាប់អារម្មណ៍ច្រើនផងដែរ»។
ចំណែកនៅប្រទេសម៉ាឡេស៊ី គឺមានការផ្លាស់ប្តូរពីវប្បធម៌ របាំប្រពៃណី និងសម្លៀកបំពាក់ប្រពៃណី ដែលបានផ្លាស់ប្តូរជាមួយនឹងប្រទេសម៉ាឡេស៊ី។
លោក មាគ ស៊នថា ៖ «យើងឃើញថានៅក្នុងកម្មវិធីនេះមានការទទួលស្វាគមន៍បានយ៉ាងល្អពីម្ចាស់ផ្ទះទាំងបីប្រទេសនេះ តាមរយៈអាជ្ញាធរ និងការផ្តល់ភាពកក់ក្តៅពីបណ្តាប្រទេសអាស៊ាននេះបានយ៉ាងល្អ»។
«ខ្ញុំ ក្នុងនាមមណ្ឌលសិប្បកម្ម ដូងតាកែវ ក្នុងនាមព្រះសហគមន៏កាតូលិកនៅកម្ពុជា ពិតជាមានមោទនភាព និងមានកិត្តិយសបំផុតដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជ្រើសរើសសិប្បកម្មរបស់យើងខ្ញុំ ដែលជាស្នាដៃបង្កើតឡើងដោយលោកអភិបាលអូលីវីយេ អភិបាលព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ ក្នុងនាមតំណាងប្រទេសកម្ពុជារបស់យើងដើម្បីបង្ហាញអំពីស្នាដៃ ការកែច្នៃផលិតផល អោយប្រទេសទាំងនៃរដ្ឋ អាស៊ាន បានឃើញ»។ នេះបើតាមការបន្ថែមរបស់លោក មាគ ស៊ន។
«ខ្ញុំសូមសំដែងនូវក្តីអំណរសប្បាយ និងអរព្រះគុណព្រះជាម្ចាស់សំរាប់ផលផ្លែមួយនេះ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ»៕