ឯកអគ្គរដ្ឋទូតចិន កំពុងជួយផ្សព្វផ្សាយកសិផលកម្ពុជាទៅកាន់ពិភពលោក
ខណៈពេលដែលកសិផលកម្ពុជាកំពុងឆ្ពោះការនាំចេញទៅកាន់ប្រទេសចិន និងពិភពលោកកាន់តែច្រើន អ្នកចម្បាំងចចក ឬឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កំពុងសរសើររស់ជាតិឆ្ងាញ់នៃកសិផលកម្ពុជា និងបានជួយផ្សព្វផ្សាយទៅកាន់ពិភពលោក។
នៅក្នុងវីដេអូ ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃសៅរ៍ លោក វ៉ាង បានលើកឡើង ៖«ថ្ងៃនេះចុងសប្តាហ៍ មានពេលទំនេរខ្ញុំដើរលេងផ្សារទំនើបនៅកម្ពុជា។ ការដើរផ្សារទំនើបរបស់ខ្ញុំមិនត្រឹមតែដើរមើលប៉ុណ្ណោះទេ ក៏ជាផ្នែកមួយក្នុងការស្វែងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាជនផងដែរ»។
លោកឯកអគ្គរដ្ឋទូតចិន បន្តថា ៖«ទីនេះអាចបង់ប្រាក់តាមកម្មវិធី WeChat។ ពិតជាមានភាពងាយស្រួលណាស់។ ថ្ងៃនេះខ្ញុំទទួលបានទំនិញច្រើន មកភ្លក់ផលិតផល Made in Cambodia រសជាតិឆ្ងាញ់។ សូមស្វាគមន៍អ្នកទាំងអស់គ្នាមកភ្លក់គ្រាប់ស្វាយចន្ទីខ្មែរ»។
ជាមួយនឹងសារដ៏ខ្លីនិងមានអត្ថន័យនេះ លោក វ៉ាង ក៏បានចែករំលែកនូវវីដេអូឃ្លីបផ្សព្វផ្សាយអំពីស្ថានភាពការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងសម័យបច្ចេកវិទ្យា ការអភិវឌ្ឍ និងការវេចខ្ចប់កែច្នៃកសិផលកម្ពុជាស្របតាមស្តង់ដារ ដែលមានរយៈពេលប្រមាណជា ១នាទីផងដែរ។
តាមរយៈសារនិងវីដេអូដែលលោកបានចែករំលែកនៅលើបណ្តាញសង្គមត្រឹមរយៈពេល៨ ម៉ោង វីដេអូឃ្លីបនិងសារនេះត្រូវបានចែកករំលែកបន្តបានប្រមាណជា៩៩៧ shares ហើយមានអ្នកចូលបញ្ចេញយោបល់ទាំងភាសាខ្មែរ ចិន និង អង់គ្លេសជាច្រើនបន្ថែមទៀត ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអោយដឹងថា ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៦,១ លានតោន កើនឡើង ៥៦ភាគរយ បើធៀបជាមួយនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ប្រភពបានបន្ថែមថា ការនាំចេញកសិផលទទួលបានប្រាក់ចំណូលសរុបប្រមាណ ២.៨ ពាន់លានដុល្លារអាមេរិក កើនឡើង ១៨ ភាគរយពីចំនួន ២.៤ ពាន់លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ របាយការណ៍បានចង្អុលបង្ហាញថា ការនាំចេញកសិផលមិនមែនអង្ករមានតម្លៃ ២,១៦៥ លានដុល្លារអាមេរិក ខណៈដែលការនាំចេញអង្ករ និងស្រូវមានទឹកប្រាក់ ២៨៧ លានដុល្លារ និង ៤០៥លានដុល្លារអាមេរិក។
ប្រទេសចិន វៀតណាម ថៃ និងកូរ៉េជាអ្នកនាំចូលទំនិញកសិកម្មរបស់កម្ពុជា។ របាយការណ៍បានឲ្យដឹងថា ផលិតផលកសិកម្មរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសប្រមាណ ៨០ ជុំវិញពិភពលោក។ មុខទំនិញកសិកម្មសំខាន់ៗសម្រាប់នាំចេញរួមមាន អង្ករ កៅស៊ូ ដំឡូងមី ស្វាយ ចេកស្រស់ ម្រេច គ្រាប់ស្វាយចន្ទី វែង ពោត ដូងប្រេង ជាដើម។
រាជរដ្ឋាភិបាលបានប្រកាសអនុវត្តគោលនយោបាយយុទ្ធសាស្ត្រថ្មី សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មក្នុងគោលបំណងប្តូរពីគ្រួសារ មកធ្វើកសិកម្មបែបពាណិជ្ជកម្ម និងលើកកម្ពស់ចំណូលកសិករតាមរយៈផលិតផលតម្លៃបន្ថែម។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នាពេលថ្មីៗនេះថា គោលនយោបាយនេះ គឺសំដៅលើកកំពស់ការអនុវត្តកសិកម្មតាមបែបប្រពៃណីឱ្យកាន់តែទំនើប។ កសិកម្មនៅតែជាកត្តាជំរុញដ៏សំខាន់មួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។ ឥឡូវនេះ យើងបានដាក់ចេញនូវគោលនយោបាយបន្ថែម ដើម្បីពង្រឹងសក្តានុពលកសិកម្មរបស់យើង ដោយជួយកសិករទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីវិស័យកសិកម្ម៕