ឧកញ៉ា ឡេង ចាន់ណា ដែលល្បីទូទាំងប្រទេសក្នុងករណីឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួនហើយ
ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់ រាប់លានដុល្លារនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះនៅខេត្តសៀមរាប។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឱ្យដឹងថា សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននរគបាលខេត្តសៀមរាប បានឃាត់ខ្លួនឈ្មោះ ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្ខពួក តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។
ប្រភពដដែលបានបញ្ជាក់ថា ៖ «ការចាប់ខ្លួននេះ ផ្អែកតាម ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹងមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទល្មើសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។
សេចក្តីជូនដំណឹងបានបន្ថែមថា ជនសង្ស័យ និងបក្ខពួក នឹងត្រូវបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធី។
សូមរម្លឹកដែរថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រជាពលរដ្ឋដែលអះអាងថា ពួកគាត់ជា ជនរងគ្រោះពីការឆបោកដោយឈ្មោះ ឡេង ចាន់ណា នាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយស្រែកទាមទារឱ្យ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាបចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបុគ្គលនេះផងដែរ។
ប្រជាពលរដ្ឋបានប្ដឹងឈ្មោះ ឡេង ចាន់ណា និងបក្សពួកមកអយ្យការអមសាលាដំបូងខេត្ត សៀមរាបចំនួន ៤ សំណុំរឿង រួមមាន៖ សំណុំរឿងព្រហ្មទណ្ឌលេខ ២៣១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌលេខ ២៣៨ ចុះថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤, សំណុំរឿងព្រហ្មទណ្ឌ លេខ ២៦៥ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤, និង សំណុំរឿងព្រហ្មទណ្ឌលេខ ២៦៦ ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។
នាពេលកន្លងមកមានការផ្សព្វផ្សាយថា បុគ្គល ឡេង ចាន់ណា បានលើកឡើងនូវឈ្មោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថាសម្តេចធិបតី បានជាប់ពាក់ព័ន្ធនឹង ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឡេង ចាន់ណា។
ប៉ុន្តែករណីនេះ ត្រូវបានក្រុមអ្នកនាំពាក្យនាយករដ្ឋមន្ត្រី បញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មិនដែលគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមាន សមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ សម្តេចធិបតី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕