អ្នកថតរូបជនជាតិដើមភាគតិចប្រើប្រាស់រូបភាពដើម្បីការពារព្រៃឈើ និងបេតិកភណ្ឌនៅបង់ក្លាដែស

អ្នកថតរូបជនជាតិដើមភាគតិចកាតូលិកវ័យក្មេងម្នាក់នៅប្រទេសបង់ក្លាដែស កំពុងប្រើប្រាស់ការនិទានរឿងដែលមើលឃើញតាមរយៈរូបភាព ដើម្បីថែរក្សាបេតិកភណ្ឌនៃសហគមន៍របស់គាត់ និងទាក់ទាញចំណាប់អារម្មណ៍ទៅលើការគំរាមកំហែងកាន់តែខ្លាំងឡើងចំពោះមាតុភូមិដូនតារបស់ខ្លួន។

លោក ជេចុង ណូរ៉ិក (Jajong Nokrek) សមាជិកនៃសហគមន៍ជនជាតិដើមភាគតិច ហ្គារ៉ូ (Garo) ឬ មែនឌី (Mandi) បានបង្ហាញរូបថតរបស់គាត់ជាច្រើន ដែលរូបថតទាំងនោះគឺបញ្ជាក់អំពីរឿងរ៉ាវនៃព្រៃឈើ និងមនុស្ស ក្នុងទីក្រុងដាកា។

រូបថតទាំងនេះកត់ត្រាអំពីជីវិត ប្រពៃណី និងទំនាក់ទំនងខាងវិញ្ញាណរបស់ជនជាតិមែនឌី ជាមួយព្រៃមួយកន្លែងនៅកណ្តាលប្រទេសបង់ក្លាដែស ដោយគេដឹងថា តំបន់នេះជាជម្រករបស់ជនជាតិនេះជាង ៣ ម៉ឺននាក់ ដែលភាគច្រើនជាគ្រីស្តបរិស័ទ ហើយនៅតែជាចំណុចកណ្តាលនៃអត្តសញ្ញាណ និងរបៀបរស់នៅរបស់ពួកគេ។

តាមរយៈរូបភាពរបស់គាត់ លោក ណូរ៉ិក ចាប់យកទាំងភាពស្រស់ស្អាតនៃទំនាក់ទំនងរបស់សហគមន៍ជាមួយព្រៃឈើ និងការគំរាមកំហែងកាន់តែខ្លាំងឡើង ដែលបង្កឡើងដោយការកាប់បំផ្លាញព្រៃឈើ ការដកហូតដីធ្លី ចម្ការដំណាំ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

លោកបាននិយាយថា ការខូចខាតជាបន្តបន្ទាប់ចំពោះព្រៃឈើនៅទីនោះ មិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនាគតរបស់សហគមន៍ជនជាតិដើមភាគតិចដែលពឹងផ្អែកលើវាផងដែរ។ លោកបាននិយាយថា៖ «ការការពារព្រៃឈើនេះគឺចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ប្រជាជននៅទីនោះ ហើយនោះជាអ្វីដែលខ្ញុំចង់បញ្ជាក់តាមរយៈការតាំងពិព័រណ៍នេះ»។

លោកបានអះអាងថា ជនជាតិភាគតិចនៅទីនោះពិតជាមានទំនាក់ទំនងជាពិសេសជាមួយព្រៃឈើ មិនត្រឹមតែជាបរិស្ថានវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាជាស្មារតី វប្បធម៌ និងប្រពៃណីនៅទីនោះផងដែរ។

អស់ជាច្រើនជំនាន់មកហើយ ព្រៃនៅទីនោះបានផ្តល់អាហារ រុក្ខជាតិឱសថ និងធនធានកសិកម្ម ខណៈពេលដែលវាជាឃ្លាំងនៃការចងចាំ ជំនឿ និងប្រពៃណី។ ពិធីបុណ្យ បទចម្រៀង រឿងរ៉ាវ និងទំនៀមទម្លាប់បានអភិវឌ្ឍយ៉ាងជិតស្និទ្ធជាមួយទេសភាពនៅព្រៃនោះ ប៉ុន្តែទីនោះកំពុងតែរងនូវការរំខានដោយសកម្មភាពផ្សេងៗ។

លោកបានលើកឡើងថា ការបំផ្លិចបំផ្លាញបរិស្ថាន និងការបាត់បង់វប្បធម៌មិនអាចញែកដាច់ពីគ្នាបានទេ។ នៅពេលដែលដីធ្លីផ្លាស់ប្តូរ ភាសា ជំនឿ និងចក្ខុវិស័យនាពេលអនាគតរបស់ប្រជាជននៅទីនោះ ក៏ផ្លាស់ប្តូរដែរ។

Daily Program

Livesteam thumbnail
khmer popup image