អ៊ុយក្រែន ការវាយប្រហាររបស់រុស្ស៊ីដែលធ្វើឲ្យមនុស្សស្លាប់ សំដៅលើទីក្រុងគៀវ ឌីនីប្រូ និងខាកគៀវ

អាជ្ញាធរអ៊ុយក្រែន បានរាយការណ៍ ឲ្យដឹងថា​ ការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ីប្រឆាំងនឹង អ៊ុយក្រែន កាលពីថ្ងៃទី២ ខែមិថុនា បានធ្វើឲ្យ​មានមនុស្សស្លាប់ ៩នាក់ ដែលមាន ៤នាក់ ស្ថិត​នៅរដ្ឋធានីគៀវ ដោយត្រូវនឹងមីស៊ីល​បាលីស្ទីក។

នៅលើបណ្តាញសង្គមតេឡេក្រាម ចៅហ្វាយក្រុង គៀវ លោកវីតាលី គ្លីតឆ្កួ បានថ្លែងប្រាប់ឲ្យ​ដឹង​ថា ៖ ”ការស្លាប់របស់មនុស្ស ៤នាក់ នៅក្នុងរដ្ឋធានីត្រូវបានបញ្ជាក់”។ វាក៏មានអ្នករបួស ៥១​នាក់ ដែល ៣នាក់ គឺជា កុមារ នៅក្នុងការវាយប្រហារលើសង្កាត់ជាច្រើននៅរដ្ឋធានី។ ប្រធាន​រដ្ឋបាលយោធានៃរដ្ឋធានី លោកទីមួ ត្កាតឆេនកូ នៅលើតេឡេក្រាម បាន​ធ្វើ​ការ​ព្រមាន​ថា ៖ “សត្រូវបានវាយប្រហារដោយប្រើមីស៊ីលបាលីស្ទីក”។

នៅភាគខាងកើតនៃប្រទេស នៅទីក្រុងឌីនីប្រូ អាជ្ញាធរបានបង្ហាញថា មានមនុស្សស្លាប់ ៥​នាក់ និង ២៥នាក់ បានរងរបួស។ ប្រធានរដ្ឋបាលយោធានៅក្នុងតំបន់ លោកអូឡិចសាន ហ្គានចា បានបញ្ជាក់ថា ៖ “តុល្យការនៃការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងឌីនីប្រូ នៅបន្ត​កាន់​​ធ្ងន់ធ្ងរឡើងៗ។”

នៅលើតេឡេក្រាម ចៅហ្វាយក្រុង ខាកគៀវ លោកអ៊ីហ្គ័រ តេរ៉េខូវ បានបញ្ជាក់ថា ៖ “មនុស្ស ១០​នាក់ ក៏បានរងរបួសនៅទីក្រុងខាកគៀវ ដែលមានម្នាក់ គឺជាកុមារ។” ទីក្រុងនេះត្រូវរង​ការ​វាយ​ប្រហារដោយដ្រូនចំនួន ១៥ ​និង មីស៊ីល ២គ្រឿង។

ចំណែកអភិបាលតំបន់គូស្ក៍ ខាងភាគីរុស្ស៊ី លោកអាឡិចសាន ឃីនឆ្តេន បានរៀបរាប់ថា ជន​ស៊ីវិល​ម្នាក់ត្រូវបានសម្លាប់ការពីថ្ងៃចន្ទ នៅក្នុងតំបន់គូស្ក៍ នៅជិត​ព្រំដែននៅក្នុងការវាយ​ប្រហារ​​នៃដ្រូនអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់កាលពីថ្ងៃសុក្រថា ទីក្រុង​មូស្គួត្រៀមសម្រាប់ការវាយប្រហារថ្មីដ៏សម្បើមប្រឆាំងនឹអ៊ុយក្រែន នៅខណៈដែលរុស្ស៊ី អំពាវនាវ​​ឲ្យអ្នកការទូតបរទេសឲ្យចាកចេញពីទីក្រុងគៀវ។

ទីក្រុងមូស្គូ ដែលបានបាញ់ដាក់អ៊ុយក្រែនស្ទើតែរាល់យប់ ក៏បានពង្រីកវិសាលភាព​នៃការវាយ​ប្រហារ​របស់ខ្លួននៅពេលថ្ងៃតាំងពីច្រើនខែមកហើយ។​ វាបង្កឲ្យមានការឆ្លើយតបពីទីក្រុងគៀវ ដែល​​បានពង្រីកការវាយប្រហាររបស់ខ្លួនដែរ មានជាអាទិ៍ ការវាយប្រហាររយៈចម្ងាយឆ្ងាយ​ប្រឆាំង​នឹងរុស្ស៊ី។

កាលពីខែឧសភា ចំនួនមីស៊ីលដែលរុស្ស៊ីបាញ់មកលើអ៊ុយក្រែន មានច្រើនខ្លាំងដែរ​ចាប់តាំងពី​ការ​ផ្ទុះសង្រ្គាម គឺ ២១១ គ្រឿង ក្នុងមួយខែ ដែលមីស៊ីលបាលីស្ទីករយៈចម្ងាយមធ្យម អូរ៉េនីក ដែល​គេអាចដាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ត្រូវបានប្រើប្រាស់ជាលើកទី៣ ចាប់តាំងពីការចាប់​ផ្តើម​ការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន នៅឆ្នាំ២០២២។

យោងតាមកម្រងទិន្នន័យ​ដែលបានផ្សព្វផ្សាយប្រចាំថ្ងៃ បានឲ្យដឹងថា រុស្ស៊ីក៏បានវាយប្រហារ​ដោយ​​ដ្រូន​រយៈចម្ងាយឆ្ងាយចំនួន ៨១៥០ គ្រឿង ប្រឆាំងនឹងអ៊ុយក្រែនកាលពីខែឧសភា ដែល​មាន ២៤% ច្រើនជាងមុននៅខែមេសា។ 

ចំនួន​ជាឯកតកម្មនៃការវាយប្រហារដោយដ្រូនរយៈចម្ងាយឆ្ងាយប្រឆាំងនឹងអ៊ុយក្រែន ត្រូវបាន​កត់ត្រា ទោះបីមានបទឈប់បាញ់រយៈពេល ៣ថ្ងៃ ចាប់ចេញពីថ្ងៃទី៩ ខែឧសភា ដែលបាន​ផ្តល់​​ក្តីសង្ឃឹមមួយរយៈពេលខ្លីក្នុងការចាប់ផ្តើមដំណើរការនៃកិច្ចចរចាដើម្បីបញ្ចប់​សង្រ្គាម។

ទីក្រុងមូស្គូ និងទីក្រុងគៀវ បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភការឈប់បាញ់ ដែល​ត្រូវបានប្រកាសដោយប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ។ កាលពីពាក់​កណ្តាល​ខែ ឧសភា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារដ៏អាក្រក់មួយមក​លើរដ្ឋធានី​អ៊ុយក្រែន នៅពេលដែលមីស៊ីលមួយបានបំផ្លាញមួយផ្នែកដ៏ធំនៃអគារលំនៅដ្ឋាន ដែល​បាន​ធ្វើ​​ឲ្យ​មនុស្សជាង ២០​នាក់ បាន​ស្លាប់។

Daily Program

Livesteam thumbnail