អ៊ីរ៉ង់ ៖ “ភ្នំកាំបិត” គឺជាមណ្ឌលនុយក្លេអ៊ែរ ដែលបានលាក់នៅក្រោមដី ដែលលោក ដូណាល់ ត្រាំ គំរាមថានឹងវាយប្រហារ

ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បានប្រកាស នៅ​ថ្ងៃអង្គារ ទី២១ ខែកក្កដា ថា សហរដ្ឋអាម៉េរិក នឹងវាយប្រហារ “ក្នុងពេលឆាប់ៗនេះ” នៅ​តំបន់ “ភ្នំកាំបិត” ដែលស្ថិត​នៅ​ជិត​មជ្ឈមណ្ឌលបំប្លែងអ៊ុយរ៉ានីយ៉ូម ណាតានហ្ស៍ ដែលបាន​ទទួល​រងការខូចខាតយ៉ាងខ្លាំង កាល​ពី​ការវាយប្រហារលើកមុននៅប្រទេសអ៊ីរ៉ង់។

កាលសប្តាហ៍មុន នៅថ្ងៃទី១៣ ខែកក្កដា មេដឹកនាំអាម៉េរិក បានគំរាមនឹងបំផ្លាញ​មជ្ឈមណ្ឌល​នៅភ្នំកាំបិតនេះ។ នៅអំឡុងកិច្ចសម្ភាសន៍ជាមួយអ្នកវិភាគនយោបាយ ហ៊ូ ហេវីត លោក​ដូណាល់ ត្រាំ បានបញ្ជាក់ថា ៖ “យើងនឹងបំផ្លាញភ្នំកាំបិត។ និយាយនេះ ឲ្យ​ជនជាតិ​អ៊ីរ៉ង់​ត្រៀម​ខ្លួន។ យើងនឹងព្យាយាមវាយប្រហារនៅភ្នំកាំបិតនៅពេលលើកក្រោយ។”

មជ្ឈមណ្ឌលភ្នំកាបិតមិនមែនទីក្រុងវ៉ាស៊ីនតុនដាក់គោលដៅវាយប្រហារដោយចៃដន្យនោះទេ។ គូ អ៊ី កូឡាង ហ្គា ឡា ជាភាសាពែរ្ស៍ ដែលមានន័យថា ជាមជ្ឈមណ្ឌលមានការការពារដ៏រឹង​មាំ ដែលជា​ជម្រក​នៃ​រចនា​សម្ព័ន្ធរូងក្រោមដីពីរ ដែលបានជីកទៅក្រោមលាក់យ៉ាងជ្រៅ។

សារព័ត៌មានរ៉យទ័រ បានធ្វើសេចក្តីលំអិតថា ភ្នំនេះស្ថិតនៅចម្ងាយ ២២០ គីឡូម៉ែត្រ ភាគខាង​ត្បូង​​ទីក្រុងតេអេរ៉ង់ ហើយមានចម្ងាយត្រឹមតែ ២គីឡូម៉ែត្រប៉ុណ្ណោះ ពីមជ្ឈមណ្ឌលរចនា​សម្ព័ន្ធ​នុយក្លេអ៊ែរ ណាតាន់។ ភ្នំមានកំពូលកម្ពស់ប្រហែល ១៦០០ ម៉ែត្រ។  មជ្ឈមណ្ឌលនេះ ដែល​ជា​និមិត្ត​រូបនៃកម្មវិធីនុយក្លេអ៊ែរ អ៊ីរ៉ង់ និង​មានរោងចក្របំប្លែងសារធាតុ អ៊ុយរ៉ានីយ៉ូម២ ត្រូវ​បាន​វាយ​ប្រហារដោយការទម្លាក់គ្រាប់បែក ក្នុងសង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បាន​ចាប់ផ្តើមធ្វើ នៅថ្ងៃទី២៨ ខែកុម្ភៈ និងនៅក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ កាលពី​ឆ្នាំ​មុន។ ទី​ភ្នាក់ងារអន្តរជាតិនៃថាមពលអាតូមិក (AIEA) បានប្រកាសថា រោងចក្របំប្លែងតម្លើងកម្រិត​សារធាតុអ៊ុយរ៉ានីញ៉ូម ស្ថិតនៅលើដី ត្រូវបានបំផ្លាញ។ ចំណែករោងចក្រនៅក្រោមដី​ប្រហែល​​ជាត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

យោងតាមវិទ្យាស្ថាន​សម្រាប់វិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិ (ISIS) ដែលមានក្រុមអ្នក​រិះគិត​អាម៉េរិកផ្តោចលើ​ការមិនសាយភាយអាវុធនុយក្លេអ៊ែរ និងបានផ្សព្វផ្សាយអត្ថបទមួយ​អំពី​រចនាសម្ព័ន្ធមណ្ឌលនេះ បានឲ្យដឹងថា រចនាសម្ព័ន្ធរូងក្រោមដី​ដែលកំពុង​សាងសង់ នៅភ្នំ​កាំបិតមិនត្រូវបានវាយប្រហារនៅក្នុងសង្គ្រាមទាំងពីរនោះឡើយ។ វិទ្យាស្ថាន​សម្រាប់​វិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិ (ISIS) ដែលបានធ្វើការវិភាគរូបភាពនានា​កាល​ពី​ពេលថ្មីៗ ពីផ្កាយរណប និងដែលចុះកាលបរិច្ឆេទ​នៅថ្ងៃទី៩ ខែកក្កដា បានបង្ហាញថា វា​មានផ្លូវច្រកចូល ២​ជួរ ដែលនឹងនាំទៅកាន់មណ្ឌលរចនាសម្ព័ន្ធមួយ ដែលស្ថិតនៅជម្រៅយ៉ាង​ហោច​ណាស់ ១០០ ម៉ែត្រ ពីក្រោមភ្នំ។ ក្រុមអ្នករិះគិតបានរៀបរាប់បន្ថែមថា ភាពខុស​គ្នា​នៃ​កម្ពស់​ប្រហែល ៥០ ម៉ែត្រ រវាងច្រកចូលទាំងនេះ អាចបង្ហាញថា រចនាសម្ព័ន្ធមជ្ឈមណ្ឌល​មាន​ច្រើនជាន់ថ្នាក់ ។

កាលពីខែកញ្ញា ឆ្នាំ២០២០ ប្រធានកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ សម័យនោះ លោកអាលី អាកបា សាឡឺហ៊ី បានប្រកាសថា អ៊ីរ៉ង់បានចាប់ផ្តើមសាងសង់ “សាលមួយដែលទំនើបជាង និង​ធំជាង​មុន និងពេញលេញជាង នៅគ្រប់វិមាត្រ នៅចំកណ្តាលភ្នំ ជិតមណ្ឌលណាតាន់ សម្រាប់​ផលិត​ម៉ាស៊ីន​បំប្លែងសារធាតុ អ៊ុយរ៉ានីយ៉ូម កម្រិតខ្ពស់។

យោងតាមការវាយតម្លៃនៃវិទ្យាស្ថាន​សម្រាប់វិទ្យាសាស្រ្ត និងសន្តិសុខអន្តរជាតិ (ISIS) បាន​ឲ្យ​ដឹងថា វាក៏មានការលំបាកនឹងដឹងថាតើ អ៊ីរ៉ង់នៅតែមានគម្រោងតម្លើងរោងចក្រចម្រុះទ្រង់​ទ្រាយ​ធំ​ទូលាយ ឬអត់ ពីព្រោះកម្មវិធីម៉ាស៊ីនបំប្លែងអ៊ុយរ៉ានីយ៉ូមរបស់ខ្លួនត្រូវ​បានបំផ្លាញ​រួច​ហើយ ហើយ​ជាពិសេស ក៏រួមបញ្ចូលទាំងសមត្ថភាពក្នុងការផលិតគ្រឿងបន្លាស់ដែលចាំបាច់​សម្រាប់​ប្រើប្រាស់ក្នុងរោងចក្រ​បែបនេះផង”។

 

Daily Program

Livesteam thumbnail