អាម៉េរិកផ្តល់ជំនួយជាង១៧លានដុល្លារដល់កម្ពុជាគាំទ្រផ្នែក«សុខភាព និងសុខុមាលភាព»
សហរដ្ឋអាម៉េរិក នៅថ្ងៃទី ២២ តុលានេះ បានប្រកាសអំពីការផ្តល់មូលនិធិចំនួនជាង ១៧ លានដុល្លារដល់ប្រទេសកម្ពុជា សម្រាប់គម្រោងថ្មី ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា។អ្នកស្រី Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាម៉េរិក(USAID) បានប្រកាសអំពីគម្រោងថ្មីៗនេះ ដើម្បីគាំទ្រផ្នែកសុខភាព និង សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ជាជំនួយថ្មីរយៈពេល ៥ ឆ្នាំ ដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា RVAKhmer ទទួលបាននៅថ្ងៃទី២២ ខែតុលា គម្រោងរបស់ទីភ្នាក់ងារ ផ្តល់ជំនួយ USAID ដែលមានឈ្មោះថា USAID’s Community Mobilization Initiatives to End Tuberculosis 2 (COMMIT 2) នឹងត្រូវអនុវត្តដោយអង្គការ KHANA ជាសម្ព័ន្ធភាពនៃអង្គការមិនមែនរដ្ឋា ភិបាលកម្ពុជា ធ្វើការផ្នែកជំងឺអេដស៍។ USAID សន្យាផ្តល់មូលនិធិចំនួន ៤ លានដុល្លារ សម្រាប់ឆ្នាំដំបូងនៃគម្រោងនេះ។ តាមរយៈ COMMIT 2 ជំនួយនេះស្ថិតក្នុងចំណោមជំនួយធំបំផុត ដែល USAID បានផ្តល់ដល់ អង្គការក្នុងស្រុកមួយនៅកម្ពុជា ហើយ USAID នឹងសហការជាមួយកម្ពុជា ដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្ម ដោយធ្វើការនៅក្នុង និង ជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង កែលម្អការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេង និងបង្កើនការទទួលបានការបង្ការថែទាំជំងឺរបេង។
លោកស្រីនាយិកា Power ក៏បានប្រកាសអំពីការសន្យាផ្តល់មូលនិធិចំនួនជាង ១ លានដុល្លារ សម្រាប់ការងារ សហការជាមួយនឹងអង្គការ UNICEF និង រាជរដ្ឋាភិបាលកម្ពុជា។ ការសហការនេះ រួមមានការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ និង ជាតិអាសេនិក ក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ លទ្ធផលនៃការអង្កេតនេះ នឹងជួយរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើការសម្រេចចិត្តដោយផ្អែកលើភស្តុតាង ដើម្បីកែលម្អគោលនយោបាយ ស្តង់ដារ និងបទបញ្ជាទាក់ទងនឹងសារធាតុលោហៈធ្ងន់ៗ ដើម្បីឱ្យប្រជាជនកម្ពុជាមានសុខភាពល្អ ហើយអាចបំពេញការងារដោយពេញលេញ។
ជាចុងក្រោយ លោកស្រី Power បានប្រកាសអំពីការផ្តល់មូលនិធិថ្មីចំនួន ១២ លានដុល្លារ ដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋាន។ រហូតមកដល់ពេលនេះ ដៃគូរបស់សហរដ្ឋអាម៉េរិក បានបោសសម្អាតមីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ១,៥ លាន នៅលើទំហំផ្ទៃដីប្រមាណ ២៣០ ០០០ (ម្ភៃបីម៉ឺន) Acre នៅកម្ពុជា ហើយការបន្តការងារនេះនឹងជួយសង្គ្រោះជីវិត និងធ្វើឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព ហើយប្រជាជនមានសុខភាពល្អ។
អាម៉េរិក បានអះអាងថា ការវិនិយោគទាំងនេះជំរុញផលប្រយោជន៍រួម ហើយវាបង្ហាញពីភាពជាដៃគូជ្រាលជ្រៅរវាង USAID និងប្រជាជនកម្ពុជា។ USAID នៅតែមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួន ដោយកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា រួមទាំងលុបបំបាត់ជំងឺរបេងឲ្យអស់ កុំឲ្យគំរាមកំហែងសុខភាព នៅត្រឹមឆ្នាំ ២០៣០ ការពារការប៉ះពាល់ដោយសារតែកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ ក្នុងចំណោមម្តាយនិងកុមារ និងពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហានៃការគំរាមកំហែងមកលើសុខភាពសាធារណៈនាពេលអនាគត៕