គ្រីស្តបរិស័ទអន្តរភូមិភាគឈ្វេងយល់ពិធីបុណ្យសពនិងរបៀបអនុវត្តន៍
 
  សិក្ខាសាលាសម្រាប់គ្រូអប់រំជំនឿអន្តរភូមិភាគលើប្រធានបទ "ការរៀបចំបុណ្យសព" តាមព្រះសហគមន៍កាតូលិក ដែលប្រព្រឹត្តទៅពី ថ្ងៃទី ២៧-៣០ ខែតុលា ឆ្នាំ២០២៥ នៅមណ្ឌលសកម្មភាពព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
សិក្ខាសាលានេះ រៀបចំដោយមណ្ឌលអប់រំជំនឿសន្តអ៊ីរ៉ាណេ ក្រោមអធិបតីភាពរបស់លោកអភិបាល សិលា សួន ហង្សលី ដែលមានអ្នកចូលរួមប្រមាណ១០០នាក់ មកពីព្រះសហគមន៍នានាក្នុងប្រទេស។
លោកអភិបាលមានប្រសាសន៍ថា៖ យើងបើកសិក្ខាសាលាឈ្វេងយល់អំពីពិធីបុណ្យសពដោយស្តាប់វាគ្មិនរបស់យើងនីមួយៗទាំងព្រះពុទ្ធសាសនា ទាំងគ្រីស្តសាសនា ហើយនិងទាំងរបៀបដែលយើងធ្លាប់ប្រារព្ធពិធីបុណ្យកន្លងមក ក្រោយមកយើងនឹងសម្រេចថា យើងចង់រៀបចំកម្មវិធីបុណ្យយ៉ាងម៉េចដើម្បីឲ្យល្អប្រសើរជាង។
លោកអភិបាលបន្ថែមថា «នៅក្នុងសិក្ខាសាលានេះ ជាសិក្ខាសាលាអន្តរភូមិភាគដែលមានសារៈសំខាន់មែន ដូច្នោះខ្ញុំ សង្ឃឹមថាសិក្ខាសាលានេះ នឹងជួយផ្ដល់ផលផ្លែដ៏ល្អសម្រាប់យើងទាំងអស់គ្នា»។
ក្នុងនោះដែរ លោកហ្រ្វង់ស័រ អេមេល្សដាល អ្នកទទួលខុសត្រូវមណ្ឌលអប់រំជំនឿឱ្យដឹងថា យើងមានគំនិតបង្កើតសិក្ខាសាលាយ៉ាងតិចមួយឆ្នាំម្ដងអំពីពិធីបុណ្យ ដើម្បីរិះគិតពិចារណាថាតើធ្វើយ៉ាងម៉េចក្នុងព្រះសហគមន៍កាតូលិក ឲ្យធ្វើពិធីបុណ្យសពត្រឹមត្រូវ ដោយនឹកគិតដល់វប្បធម៌ខ្មែរ ជាពិសេសយើងបានបោះពុម្ពសៀវភៅថ្មីមួយទៀតអំពីពិធីបុណ្យសព ដែលចេញមកពីព្រះសហគមន៍កាតូលិកនៅទីក្រុងរ៉ូម។
ជាពិសេសសិក្ខាសាលានេះ មានគោលដៅមួយទៀតគឺពង្រឹងជំនឿរបស់គ្រីស្តបរិស័ទ ឲ្យជឿជាក់ថា ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ ហើយអស់អ្នកដែលរួមស្លាប់ជាមួយព្រះគ្រីស្ត និងរស់ជាមួយព្រះអង្គក្នុងជីវិតអស់កល្បជានិច្ច។
នៅតាមភូមិដែលមានព្រះសហគមន៍តូចៗ គ្រីស្តបរិស័ទមិនសូវមានពិសោធន៍ ធ្វើបុណ្យសពប៉ុន្មានទេ ហើយពេលបូជាចារ្យមិននៅ ពួកគាត់មិនដឹងថាត្រូវធ្វើអ្វីខ្លះ។ នេះជាការបញ្ជាក់របស់លោកបូជាចារ្យ ហ្រ្វង់ស័រ។
តាមរយៈសិក្ខាសាលានេះ លោកមានសង្ឃឹមថា តាមគ្រីស្តបរិស័ទដែលចូលរួម អាចណែនាំពិធីបុណ្យសព នៅពេលមានគ្រីស្តបរិស័ទទទួលមរណភាព ព្រោះយល់របៀបនៃការរៀបចំពិធី។
កម្មវិធីរយៈពេលបីថ្ងៃនេះ មានវាគ្មិន លោកកែវហេង មកពីនាយកដ្ឋានស្រាវជ្រាវផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម នៃក្រសួងធម្មការនិងសាសនា ចែករំលែកអំពីពិធីបុណ្យសពតាមបែបប្រពៃណីខ្មែរ។ វាគ្មិនមួយរូបទៀតគឺលោកបូជាចារ្យ អាល់ប៊ែតូ កាការ៉ូ ស្ដីអំពីជីវិតអស់កល្បជានិច្ចដែលសង្កត់ធ្ងន់អំពីពិធីបុណ្យសពជាការប្រកាសដំណឹងល្អ អំពីព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ។ លោកបូជាហ្វ្រង់ស័រ និងលោកបូជាចារ្យសេរ៉ាល់ វ៉ូសាំងលើកឡើងអំពីពិធីបុណ្យសពតាមបែបគ្រីស្ដសាសនា។
លោកសេរ៉ាល់បានលើកឡើងថា សព្វថ្ងៃនេះ តាមព្រះសហគមន៍នៅប្រទេសកម្ពុជាមាន មានជនជាតិខុសគ្នា និងរបៀបគិតនិងធ្វើពិធីផ្សេងពីគ្នា យើងមានការពិបាកក្នុងការបង្រូមធ្វើពិធីតែមួយ តែសំខាន់យើងមានជំនឿតែមួយ និងគោលការណ៍របស់ពិធីមួយៗជួយពង្រឹងជំនឿរបស់គ្រីស្តបរិស័ទ និងជាការប្រកាសជំនឿដល់អ្នកចូលរួម ជារឿងសំខាន់ ហេតុនេះយើងត្រូវយល់ច្បាស់នូវអ្វីដែលយើងធ្វើ ដោយមានសេរីភាពខ្លះ និងការបត់បែនតាមកន្លែងនីមួយៗ។
លោកបន្តទៀតថា សម្រាប់គ្រីស្តបរិស័ទ ត្រូវរិះគិតនិងយកចិត្តទុកដាក់អំពីរបៀបដែលគេត្រូវសម្ដែងជំនឿ និងកិច្ចការដែលគេត្រូវធ្វើឲ្យបានត្រឹមត្រូវ និងកុំឲ្យប្រតិកម្មដល់អ្នកដទៃ និងសង្គមជុំវិញ ហើយព្រះសហគមន៍ទាំងមូលត្រូវគាំទ្រ និងជួយដល់ព្រះសហគមន៍តូចៗ ព្រោះគេមិនសូវមានកម្លាំង។ អ្នកស្រីភ្ញី មន្ថា មកពីព្រះសហគមន៍បាត់ដំបង បានឱ្យដឹងថា ក្នុងរយៈពេលដែលចូលរួមសិក្ខាសាលាអំពីកម្មវិធីបុណ្យសពនេះ ជួយឲ្យយល់ច្បាស់អំពីអត្ថន័យនៃពិធីបុណ្យសព ហើយក៏បានយល់អំពីការរៀបចំ ស្គាល់ពីជំនឿ និងមានទំនាក់ទំនងល្អ។
«សិក្ខាសាលានេះគឺល្អមែនទែនដែលធ្វើឲ្យយើង និងបងប្អូនយើងទាំងអស់ដែលបានចូលរួមបីថ្ងៃនេះ ដូចថាអនុវត្តទៅបង្ហាញជំនឿបានច្បាស់ហើយយល់អំពីអត្ថន័យនៃពិធីបុណ្យសព។» អ្នកស្រីបន្តថា ពេលយើងត្រឡប់ទៅវិញ យើងនឹងរៀបចំបុណ្យសពឲ្យបានល្អប្រសើរជាងមុន។ ដូនជី តេរេសា ឃឹម សុខា និយាយថា ក្នុងនាមជាដូនជី បូជាចារ្យ ជាអ្នកណែនាំ សិក្ខាសាលានេះ ជួយច្រើនដើម្បីអោយយើងចេះរៀបចំ ពិធីបានល្អ។ ដូនជីរូបនេះ សំណូមពរ ឱ្យព្រះសហគមន៍ ចាប់ផ្ដើមរៀបចំសៀវភៅ និងរបៀបត្រឹមត្រូវសម្រាប់ធ្វើពិធីបុណ្យសពឲ្យមានរបៀបរៀបរយ។ យើងគួរតែមានចម្រៀង និងការណែនាំឲ្យគ្រីស្តបរិស័ទយល់និងដឹងត្រូវធ្វើអ្វីខ្លះពេលមានពិធីបុណ្យសពដោយត្រឹមត្រូវ។
ដូនជីសុខាបន្ថែមថា «ខ្ញុំគិតថា បើព្រះសហគមន៍យល់ព្រម សូមឲ្យមានក្រុមអាចារ្យតាមព្រះសហគមន៍ ដែលត្រូវការអប់រំបន្ថែមដើម្បីឲ្យពួកគាត់យល់កាន់តែជ្រៅ និងឲ្យគាត់អនុវត្តផ្ទាល់។»
 
   
   
   
   
   
   
   
   
   
   
   
  Daily Program
 
 
             
     
 
   
  