អាជ្ញាធរកម្ពុជាបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនជនសង្ស័យជាង ២០ ០០០ នាក់ក្នុងឆមាសទី១ ឆ្នាំ២០២៦
ក្នុងអំឡុងពេល ៦ ខែដំបូងនៃឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានចុះឆែកឆេរទីតាំងឆបោកតាមប្រព័ន្ធអនឡាញចំនួន ៤៨៨ កន្លែង និងបានឃាត់ខ្លួនជនសង្ស័យចំនួន ២០,៩២៦ នាក់ មាន ៣៨ សញ្ជាតិ។
ប្រតិបត្តិការបង្ក្រាបទាំងនេះ ដឹកនាំដោយក្រសួងមហាផ្ទៃ ដោយមានការគាំទ្រពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត។
ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួន ជនសង្ស័យចំនួន ២,៦៣៧ នាក់ តំណាងឱ្យ ២៦ សញ្ជាតិ ត្រូវបានបញ្ជូនទៅតុលាការ ខណៈដែលបុគ្គលចំនួន ១,៦៦៦ នាក់ មកពី ១៤ សញ្ជាតិ បានចុះកិច្ចសន្យាអប់រំ និងធានាមិនប្រព្រឹត្តបទល្មើសសារជាថ្មី មុនពេលត្រូវបានដោះលែង។ ចំពោះករណីដែលនៅសេសសល់ គឺកំពុងស្ថិតក្រោមនីតិវិធីច្បាប់ និងការចាត់ការជំនាញយ៉ាងសកម្ម។
ក្នុងរយៈពេលដូចគ្នានេះ មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងចំនួន ២៨,៥១២ កន្លែង ដែលស្ថិតក្រោមអនុក្រឹត្យលេខ ០៣ ដោយគ្របដណ្តប់លើបុគ្គលជាង ១០០,០០០ នាក់ និងបានអនុវត្តការត្រួតពិនិត្យតាមផ្លូវសាធារណៈជាង ២១,០០០ លើក ដែលពាក់ព័ន្ធនឹងមនុស្សចំនួន ៤៤,០០០ នាក់។
ប្រតិបត្តិការទាំងនេះបានឈានទៅដល់ការរកឃើញវត្ថុតាង ជនសង្ស័យ និងជនបរទេសខុសច្បាប់ (គ្មានឯកសារ) ចំនួន ២,៣៤០ នាក់ មកពី ២០ សញ្ជាតិ។
សរុបរួមមក កម្ពុជាបានបណ្តេញជនបរទេសចេញពីប្រទេសចំនួន ៤៦,៤៧៤ នាក់ ក្នុងឆមាសទី១ នៃឆ្នាំនេះ រួមទាំងបុគ្គលចំនួន ១៦,៨៧៤ នាក់ មកពី ៣៤ សញ្ជាតិ ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber-fraud)។
កម្លាំងជំនាញក៏បានស្វែងរកឃើញជនរងគ្រោះនៃបទល្មើសចំនួន ៣០ នាក់ផងដែរ ដោយក្នុងនោះ ២៥ នាក់រងគ្រោះដោយសារការកេងប្រវ័ញ្ចផ្លូវភេទ និង ៥ នាក់រងគ្រោះដោយសារការជួញដូរមនុស្ស។
អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១៨ នាក់ កំណត់មុខសញ្ញាចំនួន ៨ នាក់ផ្សេងទៀតដើម្បីចាប់ខ្លួន ពិនិត្យ និងដំឡើងកាមេរ៉ាសុវត្ថិភាពចំនួន ៤៥៧ គ្រឿង នៅតាមទីតាំងបង្ក្រាបចំនួន ២០១ កន្លែង បិទទីតាំង ឬត្រួតពិនិត្យការស្ម័គ្រចិត្តបិទទីតាំងមិនអនុវត្តតាមបទដ្ឋានចំនួន ៥២១ កន្លែង និងបានបើកការស៊ើបអង្កេតករណីលាងលុយកខ្វក់ចំនួន ៨៥ ករណី។
យុទ្ធនាការបង្ក្រាបនេះបានបន្តរហូតដល់ខែសីហា ឆ្នាំ២០២៦ ដោយអាជ្ញាធរបានចុះឆែកឆេរមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមបច្ចេកវិទ្យាបន្ថែមចំនួន ៨៥ កន្លែង ឃាត់ខ្លួនជនសង្ស័យចំនួន ១,២៥៥ នាក់ មកពី ១៣ សញ្ជាតិ និងបណ្តេញចេញចំនួន ៥៧៤ នាក់ មកពី ១១ សញ្ជាតិ។
បន្ថែមពីនេះ ម្ចាស់អចលនទ្រព្យ និងអ្នកគ្រប់គ្រងដែលបានបរាជ័យក្នុងការរាយការណ៍ ឬប្រកាសអំពីស្នាក់នៅរបស់ជនបរទេសតាមអនុក្រឹត្យលេខ ០៣ ត្រូវបានពិន័យជាប្រាក់សរុបចំនួន ៨២២.២៤ លានរៀល (ប្រហែល ២០៥,៥៦០ ដុល្លារអាមេរិក)៕
