ពិធីអបអរសាទរខួប ២៥ ឆ្នាំ នៃបេសកកម្មសមាគមសាសនទូតកូរ៉េ (KMS) នៅកម្ពុជា
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ នៅក្នុងបរិវេណព្រះវិហារសន្តយ៉ូសែប (ផ្សារតូច) មានការរៀបចំពិធីអភិបូជាយ៉ាងមហោឡារិក ដើម្បីអរព្រះគុណព្រះជាម្ចាស់ និងអបអរសាទរខួប ២៥ ឆ្នាំ (២០០១–២០២៦) នៃបេសកកម្មរបស់សមាគមសាសនទូតកូរ៉េ (Korean Mission Society - KMS) នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកអភិបាល ភីទ័រ សួន ហង្សលី អភិបាលព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម និងជាអភិបាលឧបត្ថម្ភកភូមិភាគភ្នំពេញ លោកឪពុក បូណាវ៉ង់ទូរ៉ា ចុង (Fr. Bonaventura Jung) ប្រធានសមាគមសាសនទូតកូរ៉េ ដែលបានអញ្ជើញមកពីប្រទេសកូរ៉េផ្ទាល់ ព្រមទាំងលោកបូជាចារ្យ បព្វជិតបព្វជិតា និងបងប្អូនគ្រិស្តបរិស័ទមកពីបណ្តាព្រះសហគមន៍នានាយ៉ាងច្រើនកុះករ។
នៅក្នុងពិធីនេះក៏មានការដង្ហែ «ធាតុវិសុទ្ធ» របស់លោកសន្ត អង់ដ្រេ គីម និងសាសនទូត MEP ដូចជាលោកអភិបាល អាំងប៊ែរ (Imbert) និងលោកឪពុក សាស្តង់ (Chastan) ដែលបានបូជាជីវិតនៅលើទឹកដីកូរ៉េផងដែរ។
ថ្លែងក្នុងសុន្ទរកថាអបអរសាទរ លោកឪពុក បូណាវ៉ង់ទូរ៉ា ចុង ប្រធានសមាគមសាសនទូតកូរ៉េ បានសម្តែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះព្រះជាម្ចាស់ ព្រមទាំងលោកអភិបាលទាំងពីរអង្គ បូជាចារ្យ និងគ្រីស្តបរិស័ទកម្ពុជា។ លោកឪពុកបានរំឭកអនុស្សាវរីយ៍កាលពី ២៨ ឆ្នាំមុន (ឆ្នាំ ១៩៩៨) នៅពេលលោកបានរួមដំណើរជាមួយលោកអភិបាល រ៉េណេ ឌុយប៉ុង (René Dupont, អតីតអភិបាលភូមិភាគអានដុង ប្រទេសកូរ៉េ) មកធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់នៅកម្ពុជារយៈពេល ៣សប្តាហ៍។ លោកឪពុកបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជានាពេលបច្ចុប្បន្ន បើធៀបនឹងអតីតកាល។
លោកឪពុកបានរំឭកថា នៅឆ្នាំ ២០០១ តាមការអញ្ជើញរបស់លោកអភិបាល អានតូនី សមាគមសាសនទូតកូរ៉េបានបញ្ជូនបូជាចារ្យដំបូងចំនួន ២ អង្គ មកកាន់ភូមិភាគកំពង់ចាម។ រយៈពេល ២៥ ឆ្នាំកន្លងមកនេះ គឺជាមាគ៌ាមួយដែលឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែដោយសារព្រះគុណ និងការដឹកនាំរបស់ព្រះជាម្ចាស់ ទើបសមាគមអាចរួមដំណើរជាមួយព្រះសហគមន៍កម្ពុជាយ៉ាងរឹងមាំរហូតមកដល់បច្ចុប្បន្ន។
ក្នុងធម្មទេសនានាឱកាសនោះ លោកអភិបាល អូលីវីយ៉េ បានថ្លែងកោតសរសើរចំពោះការរៀបចំពិធីយ៉ាងស្រស់បំព្រង ដោយមានការតុបតែងលម្អផ្កា «អរតង់ស្យា» (Hortensia) ពណ៌នៃព្រះនាងម៉ារី។ លោកបានគូសបញ្ជាក់អំពីអត្ថន័យដ៏ជ្រាលជ្រៅនៃពណ៌ក្រហមដែលប្រើប្រាស់ក្នុងអភិបូជាថ្ងៃនេះថា ជាទូទៅខួប ២៥ ឆ្នាំតែងតែប្រើពណ៌សដើម្បីសម្តែងអំណរសប្បាយ ប៉ុន្តែការជ្រើសរើសពណ៌ក្រហម គឺដើម្បីរំឭកដល់បុណ្យមរណសាក្សីកូរ៉េ ដែលជា៎ឫសគល់ពោរពេញដោយអត្ថន័យនៃជីវិតសាសនទូត។
លោកអភិបាលអូលីវីយ៉េ ក៏បានរំឭកពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃព្រះសហគមន៍កូរ៉េ ដែលកកើតឡើងដំបូងដោយសារគ្រីស្តបរិស័ទធម្មតាបាននាំយកព្រះគម្ពីរពីប្រទេសចិនមកផ្សព្វផ្សាយ ដោយគ្មានវត្តមានបូជា ចារ្យនោះឡើយ រហូតដល់ត្រូវការជំនួយពីក្រុមសាសនទូត MEP។ ទោះបីឆ្លងកាត់ការបៀតបៀន និងការកាប់សម្លាប់រាប់ម៉ឺននាក់យ៉ាងវេទនាបំផុតក្នុងសតវត្សរ៍ទី ១៧–១៨ យ៉ាងណាក៏ដោយ ក៏គ្រីស្តបរិស័ទកូរ៉េនៅតែប្រកាន់ខ្ជាប់នូវជំនឿយ៉ាងមុតមាំ។ លោកអភិបាលអូលីយ៉េបានសង្កត់ធ្ងន់ថា គំរូដ៏អង់អាចនេះបានក្លាយជាកម្លាំងចិត្ត និងជាគ្រាប់ពូជដ៏ពិសិដ្ឋ ឆ្នាំ២០១៤ សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូនជំរុញឱ្យព្រះសហគមន៍កាតូលិកកម្ពុជាធ្វើការស្រាវជ្រាវ និងចងក្រងឯកសារស្តីពីមរណសាក្សីនៅកម្ពុជា ហើយបានបញ្ចប់ និងបញ្ជូនទៅកាន់បុរីវ៉ាទីកង់កាលពីពេលថ្មីៗនេះ។
ចំពោះបេសកកម្មសព្វថ្ងៃ លោកអភិបាល អូលីវីយ៉េ បានរំឭកថា ការធ្វើជាមរណសាក្សីក្នុងសម័យបច្ចុប្បន្ន មិនមែនជាការបង្ហូរឈាមទៀតឡើយ ប៉ុន្តែជាការលះបង់ប្រចាំថ្ងៃ ដូចព្រះបន្ទូលរបស់ព្រះយេស៊ូថា «ត្រូវលះបង់ខ្លួនឯងចោល ហើយលីឈើឆ្កាងរាល់ថ្ងៃ»។ ការលះបង់នោះ គឺការចាកចេញពីស្រុកកំណើត មកសម្របខ្លួនរៀនភាសាខ្មែរ យល់ដឹងពីទំនៀមទម្លាប់ ប្រពៃណី និងពុទ្ធសាសនា ដើម្បីរួមរស់ជាមួយប្រជាជនសាមញ្ញតាមភូមិស្រុក។ លោកបានថ្លែងអំណរគុណដល់លោកឪពុកនៃក្រុម KMS ទាំងអស់ ដែលកំពុងបម្រើការនៅតំបន់បាសាក់ និងភ្នំពេញ ព្រមទាំងក្រុមសាសនទូតទាំងអស់ដែលកំពុងបម្រើការយ៉ាងសកម្មនៅភូមិភាគកំពង់ចាម និងភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោកបូជាចារ្យ យ៉ូហាន ផាក (Fr. John Park) ជាបូជាចារ្យដែលបានមកដល់ប្រទេសកម្ពុជាដំបូង ក្នុងឆ្នាំ២០០១ បានចែករំលែកនូវអនុស្សាវរីយ៍កាលពីលោកមកដល់ប្រទេសកម្ពុជាដំបូង ដោយបានរៀបរាប់អំពីបរិយាកាសព្រលានយន្តហោះពោធិ៍ចិនតុង និងទីក្រុងភ្នំពេញកាលពីសម័យនោះ ដែលពោរពេញដោយធូលីដីហុយត្រឡោម គ្មានទាំងកៅអីអង្គុយរង់ចាំ ដោយកាលនោះមានលោកអភិបាល អានតូនី ទៅឈររង់ចាំទទួលផ្ទាល់។ ក្រោយពីរៀនភាសាខ្មែរអស់រយៈពេលមួយឆ្នាំ លោកឪពុកបានប្តូរទៅជួយការងារនៅក្រុងកំពង់ចាម និងបន្តដំណើរទៅកាន់ព្រះសហគមន៍ស្ទឹងត្រែង។ បរិយាកាសជនបទដ៏ស្ងប់ស្ងាត់នៅស្ទឹងត្រែងកាលណោះ បានធ្វើឱ្យលោកមានអារម្មណ៍ដូចជិះម៉ាស៊ីនពេលវេលាត្រឡប់ទៅកាន់កុមារភាពក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ នៅជាយក្រុងសេអ៊ូល ដែលផ្តល់នូវភាពកក់ក្តៅ និងជិតស្និទ្ធ បើទោះបីកាលនោះគ្រីស្តបរិស័ទចូលរួមអភិបូជាមានត្រឹមតែពី ១០ ទៅ ៣០ នាក់ក្តី។
សមាគមសាសនទូតកូរ៉េ (Korean Mission Society - KMS) ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៥ ដោយក្រុមលោកអភិបាលកាតូលិកនៅប្រទេសកូរ៉េ។ បច្ចុប្បន្ន សមាគមមានបូជាចារ្យសរុបប្រមាណ ៨០ អង្គ កំពុងបំពេញបេសកកម្មនៅតាមបណ្តាប្រទេសនានាជុំវិញពិភពលោក រួមមាន៖ ប្រទេសប៉ាពួនូវែលហ្គីណេ (១៩៨១) កោះតៃវ៉ាន់ (១៩៩០) ប្រទេសចិន (១៩៩៦) ប្រទេសកម្ពុជា (២០០១) ប្រទេសម៉ូសំប៊ិក (២០០៤) ប្រទេសហ្វីលីពីន (២០០៧) ប្រទេសម៉ិកស៊ិក (២០១០) សហរដ្ឋអាមេរិក (២០១២)និងប្រទេសថៃ (២០២៦)។
នៅលើទឹកដីកម្ពុជា គិតត្រឹមឆ្នាំ ២០២៦ នេះ សមាគម KMS មានបូជាចារ្យចំនួន ១០ អង្គ និងសាសនទូតគ្រីស្តបរិស័ទចំនួន ២ នាក់ កំពុងបម្រើការយ៉ាងសកម្មនៅក្នុងភូមិភាគភ្នំពេញ និងភូមិភាគកំពង់ចាម។ ក្រៅពីកិច្ចការ ក្នុងព្រះសហគមន៍ ក្រុមគ្រួសារសាសនទូតកូរ៉េក៏បានបង្កើត «អង្គការកូមីសូ» (KOMISO) ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាក្រីក្រ តាមរយៈការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន និងការផ្តល់សេវាថែទាំសុខភាពដល់សហគមន៍។
ពិធីអបអរសាទរខួប ២៥ ឆ្នាំនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងពោរពេញដោយក្តីសង្ឃឹម ដោយបន្សល់ទុកនូវការប្តេជ្ញាចិត្តថ្មីមួយទៀត ក្នុងការបន្តសហការ រួមដំណើរ និងលះបង់ដើម្បីនាំយកសេចក្តីស្រឡាញ់ មេត្តាករុណា និងដំណឹងល្អរបស់ព្រះជាម្ចាស់ មកបម្រើដល់សង្គម និងប្រជាជនកម្ពុជាជានិរន្តរ៍តទៅមុខទៀត៕
