អាកាសធាតុក្តៅហើយស្ងួតដូចសព្វថ្ងៃ ប្រយ័ត្នគ្រោះអគ្គីភ័យ!
នៅក្នុងខណៈដែលកម្ពុជាកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃអាកាសធាតុក្តៅបំផុតប្រចាំឆ្នាំនៅ ពេលសព្វថ្ងៃនេះសូមលើកកំពស់ និងប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យជាយថាហេតុជាពិសេស នៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅចុងសប្តាហ៍នេះ។
អាកាសធាតុប៉ុន្មានថ្ងៃនេះក្តៅខ្លាំងណាស់ដោយពេលខ្លះវាអាចលោតឡើងរហូតដល់លើសពី ៤០ អង្សាសេ ជាពិសេសនៅពេលដែលយើងធ្វើដំណើរចេញក្រៅចន្លោះចាប់ពីម៉ោង ១ទៅ ម៉ោង៤ ដូច្នេះស្ថានភាពនេះគឺគ្រោះថ្នាក់ណាស់ប្រសិនបើមានបញ្ហាផ្ទុះសេខ្សែភ្លើង ឆ្លងចរន្ត អគ្គិសនី ឬក៏សកម្មភាពធ្វេសប្រហែសណាមួយបានកើតមានឡើង។
ម្យ៉ាងវិញទៅ តាមក្បូនតម្រាប្រពៃណីខ្មែរនៅពេលដែលទទួលទេវតាឆ្នាំថ្មីនៅឆ្នាំនេះគឺនៅយប់រាងជ្រៅបន្តិចដូច្នេះយើងទាំងអស់គ្នាអាចនឹងមានបញ្ហាងងុយគេង ប៉ុន្តែសូមលើកកំពស់ការ ប្រុងប្រយ័ត្នណាបងប្អូន។ នៅពេលដែលអុធទៀតធូបនានា គឺសូមប្រុងប្រយ័ត្នចាំភ្លើងរលត់ ឬទៀនធូបឆេះអស់រលត់ចាំចូលគេង។ សូមកុំធ្វេសប្រហែសដុតទៀនធូបចោលហើយនាំគ្នាប្រាស់ខ្លួនសម្រាន្ត។
ការប្រហែសតែមួយនាទីយើងអាចក្លាយជាអ្នករងគ្រោះបាន អាកាសធាតុក្តៅបែបនេះស្ងួតខ្លាំង ងាយឆេះបំផុតនៅពេលដែលមានភ្លើងមានអ្វីដែលបង្កជាគ្រោះអគ្គិភ័យ។
គ្រោះអគ្គិភ័យនេះប្រហែសមិនបានឡើយ ខណៈដែលកាលពីឆ្នាំ២០២៣កន្លងទៅ គ្រោះថ្នាក់អគ្គិភ័យបានកើតឡើងចំនួន ៧៦១ លើកនៅទូទាំងប្រទេស ដែលករណីនេះកើនឡើង ១៤៣ លើក បើប្រៀបទៅនឹងឆ្នាំ ២០២២។
គ្រោះអគ្គិភ័យនៅអំឡុងពេលនោះបានបណ្តាលឱ្យស្លាប់មនុស្សចំនួន ៥៤ នាក់ និងរបួសមនុស្ស ៩៧ នាក់ រួមនឹងបង្កឱ្យខូចខាតផ្ទះអស់ចំនួន៥៧៩ខ្នងផងដែរ។
សូមប្រុងប្រយ័ត្នទាំងអស់គ្នាជាពិសេសបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះឈើ ពីព្រោះវាងាយស្រួលឆេះបំផុត ហើយនៅពេលឆេះគឺវាឆេះលឿន ពិបាកនឹងបាញពន្លត់ ឬមានវិធានការសង្រ្គោះ។
សរុបមកវិញសូមប្រជាពលរដ្ឋទាំងអស់មិនថាផ្ទះឈើ ឬថ្មទេ ត្រូវតែប្រុងប្រយ័ត្ន និងបង្កើនការការពារក្នុងអំឡុងរដូវប្រាំងជាពិសេសគឺពេលវេលាដែលអាកាសធាតុក្តៅហើយស្ងួតដូចសព្វថ្ងៃនេះ។ ស្ថាប័នធំៗមានក្រុមហ៊ុនឯកជនក្រសួងមន្ទីរជាដើមសូមដកភ្លើងបិទភ្លើង ដើម្បីជាការសន្សំសំចៃផង និង ជាការប្រុងប្រយ័ត្នគ្រោះអគ្គីភ័យដោយចៃដន្យផងដែរ៕