អភិបាលព្រះសហគមន៍កាតូលិកកម្ពុជា អំពាវនាវ ឲ្យគ្រីស្តបរិស័ទ ខិតខំជួយ ជនភៀសសឹកនិងអធិដ្ឋាន សុំសន្តិភាព
ក្នុងសារខ្លីមួយ ដែលចេញផ្សាយតាម បណ្តាញសង្គម ផ្ទាល់ របស់ លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ បាន ជំរុញ ឲ្យព្រះសហគមន៍ នីមួយៗ រៀបចំពិធីថ្វាយអភិបូជា និង អធិដ្ឋានអង្វរ សុំសន្តិភាព បន្ទាប់ពីមានផ្ទុះជម្លោះជាថ្មី នៅតាមបណ្តោយព្រំដែន កម្ពុជា -ថៃ។
លោកអភិបាល ព្រះសហគមន៍ភូមិភាគភ្នំពេញ បាន សរសេរថា ស្ថិត ក្នុងស្ថានការណ៍ដ៏តានតឹងនេះ យើងនៅតែបន្តអធិដ្ឋានអង្វរ សុំឲ្យមាន សន្តិភាពកាន់ ឆាប់ៗឡើង «ខ្ញុំសូមអញ្ជើញ ព្រះសហគមន៍តាម តំបន់ នានា រៀបចំ ពិធី ថ្វាយអភិបូជា ពិធីអធិដ្ឋាន សម្រាប់សន្តិភាព ជាពិសេសក្នុងរដូវរង់ចាំ នេះ ដែលយើងកំពុងរង់ចាំព្រះយេស៊ូជាព្រះអម្ចាស់នៃសន្តិភាពយាងមក»។
លោក បាន ប្រាប់ទៀតថា ក្រុម លោកអភិបាល ព្រះសហគមន៍កាតូលិក កម្ពុជា និងថៃ បានរៀបចំសារអំពាវនាវរួមមួយ ដើម្បី សុំឲ្យ មាន បទ ឈប់បាញ់បន្ទាន់ ប៉ុន្តែ សារនេះ ត្រូវ រង់ចាំការអនុញ្ញាតចុងក្រោយពីលោក អភិបាលនៃប្រទេស ថៃ ដើម្បីផ្ញើ សេចក្តីអំពាវនាវនេះចេញទៅ។
ជាមួយគ្នានេះ លោកគង្វាលព្រះសហគមន៍កាតូលិក បាន សំណូមពរ ឲ្យគ្រីស្តបរិស័ទ ព្យាយាមឱ្យ អស់ពីសមត្ថភាព ដើម្បីរួមចំណែកក្នុងកិច្ចខិតខំ និង គំនិតផ្តួចផ្តើមផ្សេងៗ សម្រាប់ការគាំទ្រដល់ បងប្អូន ជនភៀសសឹកនៅតាម ព្រំដែន។
នៅពេលនេះ លោក កំពុង ធ្វើដំណើរ នៅក្នុង ខេត្ត សៀមរាប ហើយ បានទៅ វត្ត រាជបូណ៌ និង បាន ប្រគេន ថវិកាមួយចំនួន ថ្វាយ សម្តេចព្រះព្រហ្ម រតនមុនី ពិន សែម សិរីសុវណ្ណោ ព្រះចៅអធិការវត្តរាជបូណ៌ក្នុង នាម ព្រះសហគមន៍កាតូលិកកម្ពុជា សម្រាប់ ជួយដល់ ជន ភៀសសឹកផងដែរ។
ចាប់តាំង ពី ថ្ងៃទី ៧ ខែធ្នូ រហូត មក ដល់ ពេលនេះ នៅតាម បណ្តោយព្រំដែន កម្ពុជា និងថៃ ប្រវែង ប្រមាណ ជាង ៥០០គីឡូម៉ែត្រ ត្រូវ ទទួល រងនូវ ការ បាញ់ប្រហារដោយ អាវុធធន់ធ្ងន់ជាច្រើនសា ជាថ្មី ដែលបណ្តាលឲ្យប្រជាជន ស៊ីវិលកម្ពុជា ត្រូវភៀសខ្លួន ទៅកាន់ទីតាំងសុវត្ថិភាព។
រហូតមកដល់ ពេលនេះ នៅខាងកម្ពុជា មាន ជនស៊ីវិល ស្លាប់ ចំនួន ១០នាក់ ក្នុងនោះមានទារកម្នាក់ មាន អ្នករបួស ៦០នាក់ និងមានជនភៀសសឹកចំនួន ៥៥៧៤៣គ្រួសារ ស្មើនឹង១៩២១៧៣នាក់។ នេះបើតាម ទិន្នន័យ របស់ ក្រសួង ការពារជាតិនាថ្ងៃទី ១១ ខែធ្នូនេះ៕