ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសថៃនឹងមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសឱ្យដឹងថា តបតាមការអញ្ជើញរបស់លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា, លោក វ៉ាន់មូហាម៉ាត់ណ មៈថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភាថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ មកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភានៅថ្ងៃទី១៩ ខែមីនា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាន់មូហាម៉ាត់ណ មៈថា នឹងចូលជួបសម្តែងការគួរសម ជាមួយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទី, លោក ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីន ព្រះរាជាណាចក្រកម្ពុជា។
លោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ នឹងជួបសវនាការ និង ពិភាក្សាការងារទ្វេភាគីជាមួយលោក ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃ នឹងចូលរួមក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជាលើកទី៨ផងដែរ៕