សិស្សនិងនិសិ្សត​ដុនបូស្កូទទួល​សញ្ញាបត្របច្ចេកទេស​

សិស្ស​និង​និស្សិត​ជាង​១០០០នាក់ ទទួល​សញ្ញាបត្រ ពី​សាលា​បច្ចេកទេស​ដុន​បូស្កូភ្នំពេញ និង​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោក កាលពីថ្ងៃទី​២៨ ខែ​មីនាកន្លងទៅ​នៅ​បរិវេណសាលា​ដុបូស្កូ​ភ្នំពេញ ភូមិក្រុងថ្មី សង្កាត់​គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់​លោក​ហេង សួរ ​​រដ្ឋមន្ត្រី​នៃក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ ​រួមនិង​គណៈគ្រប់គ្រងសាលា​ និងចូលរួម​ពី​​អាណាព្យាបាលសិស្ស​ជាច្រើន​រូប។

អ្នកស្រី ផាត ណារី មកពីខេត្តត្បូងឃ្មុំ ជាអតីតនិស្សិតជំនាន់ទី២៧ នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោក ​ បច្ចុប្បន្នជាបុគ្គលិកផ្នែកបញ្ជាទិញ​នៅក្រុមហ៊ុនឯកជនមួយកន្លែង ឲ្យដឹងថា ក្រោយបញ្ចប់ការសិក្សានៅសាលា នាង​ងាយស្រួលរកការងារបានធ្វើ ព្រោះ​ស្ថាប័ន​ជាច្រើន​ពេញ​ចិត្ត​នឹង​ទទួល​ឲ្យ​ធ្វើ​ការ ហើយ​ទទួលបានប្រាក់ខែសមរម្យ។

ណា​រី​ បាន​ឲ្យដឹងទៀតថា ជោគជ័យទាំងនេះ គឺ​បាន​មក​ពី​ការខិត​ខំ​របស់​នាង​ និង​សាលា​ផងដែរ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​បង្រៀន ជាពិសេស​ក្នុង​ពេល​មានជំងឺ​កូវីដ​១៩​រាតត្បាត។

កញ្ញា ឆូវ ឆៃគីន មកពីខេត្តបាត់ដំបង ជាអតីតនិស្សិត​ជំនាន់ទី២៦​នៃ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ដុនបូស្កូ​ទួលគោកដែរនោះ​បាន​ឲ្យដឹងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំង ព្រោះខ្ញុំទទឹមរង់ចំាពេលវេលានេះយូរមកហើយ»។

ឆៃគីន​បន្ថែម​ថា មេរៀនពីសាលាបាន​ជួយ​ដល់​នាង​ជាច្រើន​ដើម្បី​យក​ទៅ​អនុវត្តនៅកន្លែងការងារ ហើយចំណុច​ខ្វះខាតផ្សេងទៀត នាង​បាន​​រៀនបន្ថែមពីកន្លែងការងារ។

ដូនជី ម៉ារី តំាង សុវឌ្ឍនៈ ជានាយិកា​សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោក មាន​ប្រសាសន៍ថា  ថ្ងៃនេះបងស្រីមានអំណរសប្បាយមែនទែនដែរបានឃើញកូនៗទំាងអស់គ្នាជោគជ័យនៅក្នុងការសិក្សា ក៏ដូចជាជោគជ័យនៅក្នុងអាជីពរបស់ខ្លួន។

ដូនជី​បាន​ផ្ដាំផ្ញើ​ទៅកាន់កូនសិស្សចាស់ទំាងអស់ថា សូម​ឲ្យ​កូន​សិស្សទាំងអស់ រក្សា​នូវ​តម្លៃគុណធម៌នៃការរស់នៅ​ ដែល​ទទួលពីសាលាដុនបូស្កូ យក​ទៅ​អនុវត្ត​ក្នុង​សង្គម កន្លែង​ធ្វើ​ការងារ «ព្រោះនេះជាទ្រព្យសម្បត្តិរបស់កូន ហើយកូនត្រូវបង្ហាញ ព្រោះយើងមិនអាចយកទ្រព្យសម្បត្តិរបស់យើងទៅជីកកប់បានទេ តែយើងត្រូវតែបង្ហាញទៅអ្នកដទៃដែលរស់នៅជុំវិញខ្លួនយើងឃើញ»។

ដូនជី​បន្ថែមថា ឆ្នាំ២០២៤នេះកូនសិស្សនិស្សិតដែលទទួលសញ្ញាបត្របច្ចេកទេស ក្នុងមូលនិធិដុនបូស្កូទំាងមូល មាន​ដុនបូស្កូភ្នំពេញ និង ទួលគោក សរុបចំនួនជាង ១៨០០នាក់ ដោយឡែកសិស្សដុនបូស្កូទួលគោកមានចំនួន៣៥០នាក់ ដែល​បាន​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​​២០១៥-២០២០។

លោក​​ហេង សួរ ​​​រដ្ឋមន្ត្រី​នៃក្រសួងការងារ​និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ក្នុងអង្គពិធីថា លោក​សូម​អរគុណ​ដល់​មូលនិធិ​ដុនបូស្កូ ក្រុម​បព្វ​ជិត-ជិតា​​ដុន​បូស្កូ​ដែលបាន​ជ្រើសរើស​កម្ពុជា ជាកន្លែង​បំពេញ​បេសកកម្ម​ ព្រោះមាន​ប្រទេស​ជាច្រើនក្នុងពិភពលោក​ដែល​ត្រូវការ​។ នេះ «មានន័យថា គាត់ចង់ជួយកម្ពុជា និង ស្រឡាញ់​កម្ពុជា។  ស្មារតី និងទឹកចិត្ត​​នេះ គឺ​ដក់ជាប់នៅក្នុង​ចិត្ត​យុវជន និងកុមារ​នៅកម្ពុជា​ជាពិសេស គឺ​សិស្ស និង​និស្សិត​ដុនបូស្កូ» 

លោក​បន្ត​ថា ការរៀន​វិជ្ជាជីវៈ គឺ​ជាទុន​មួយ​ដែល​យុវជន​អាច​ចាប់​យក​ជំនាញ​ការងារ​បាន​ឆាប់​រហ័សជាង​រៀន​ចំណេះ​ទូទៅ។ លោក​ប្រាប់ថា «ការមានការងារ គឺជាក្ដីសុបិនរបស់ខ្លួន ដើម្បីមានចំណូលទ្រទ្រង់ខ្លួនឯង»

លោក​រដ្ឋ​មន្ត្រី​បាន​ផ្តល់​អនុសាសន៍​ដល់​សិស្ស​និង​និស្សិត​ទាំង​អស់​ ត្រូវចេះសង្កេត​ចាប់យកចំណុចមួយចំនួន​របស់មនុស្ស​ខ្លាំង ហើយ​រៀន​ពីគេ  ដើម្បី​បំពេញចំណុចខ្វះខាត​របស់ខ្លួន​។ ដោយ​លោក​បញ្ជាក់​ថា  «កុំមើលចំណុច ដែលគេ​ធ្វើ​ខុស និង​មិនល្អ ទោះបីមនុស្ស​ម្នាក់ជោគជ័យ យើងមិនអាច​យក​តាម​គេ​ទាំងស្រុង​នោះ​ទេ [] នេះ ជា ចំណុច​សាមញ្ញ​មួយ ត្រូវ​ប្រកាន់​យក ដើម្បី​បំពេញចំណុច​ខ្វះ​ខាត​របស់ខ្លួនឯង»។ 

លោ​ក​រំលឹកថា នៅ​ពេល​ជោគជ័យ​ក្នុង​ការងារ​ត្រូវ​ធ្វើ​ជា​គំរូ ដល់​យុវជន​ដទៃ​ទៀត​និង​ប្រកាស​អំពី​ផល​ដែល​បានទទួល​ពីរៀន​វិជ្ជាជីវៈ​ដល់​អ្នកជិត​ខាង​ និង​កុំ​ភ្លេច​គុណ​​មាតាបិតា  គ្រូបង្រៀន បព្វជិត-ជិតា ដែលបាន​ខិតខំ​អប់រំទូន្មាន ផ្ដល់នូវ​ចំណេះជំនាញ ឱ្យយើង​ក្លាយ​ជា​មនុស្ស​ជោគជ័យក្នុង​សង្គម។

សាលាបច្ចេកទេស​​ដុនបូស្កូ​ផ្នែក​បុរស​បាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៩១ ផ្សារដែក​និង​អគ្គិសនី ហើយ​បច្ចុប្បន្ន​មាន​ ជំនាញជាច្រើន​ដែល​បាន​បើក​នៅ សាខា​ចំនួន​៣ គឺនៅ​ខេត្ត​កែប មានជំនាញ​រដ្ឋបាល​និង​លេខាធិការ ទំនាក់ទំនងសង្គម និង​គេហកិច្ច រីឯខេត្តព្រះសីហនុ​មានជំនាញ​ អគ្គិសនី យន្តសាស្ត្រ​ទូទៅ យន្តសាស្ត្ររថយន្ត លេខាធិការ និ​ងទេសចរណ៍ និង​នៅ​ភ្នំពេញ​មាន អគ្គិសនី​ អេឡិចត្រូនិក ក្រលឹង-ផ្សារ កុំព្យូទ័រ ជួសជុលរថយន្ត​ និងមេកានិច។

ចំណែក​ដុន​បូស្កូ​ផ្នែកនារី បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩២។ សាលា​បណ្តុះ​បណ្តាលវិជ្ជាជីវៈដុនបូស្កូទួលគោកខាង​នារី​មាន​ជំនាញដូចជា គណនេយ្យ​ និង​គ្រប់គ្រងការិយាល័យ សិល្បៈចំអិនអាហារ​ ដុតនំនិង​ធ្វើ​បង្អែម គេហកិច្ច ម្ហូបអាហារ​និង​ភេសជ្ជៈ ផលិតកម្មម្ហូបអាហារ និងសម្អាងកាយ៕

ដោយកែវ កញ្ញា

Daily Program

Livesteam thumbnail