សាកលវិទ្យាល័យ Malaya Scholar ព្រមាន FABC ឲ្យប្រយ័ត្នអំពី បែកបាក់នៅក្នុងសង្គមអាស៊ី
ការបែកបាក់មតិជាក្រុមផ្នែកនយោបាយ ពូជសាសន៍ និងមនោគមវិជ្ជាដែលកំពុងកើនឡើង ជំនួសឱ្យការបោះបង់សាសនា ឬការធ្វើទុក្ខបុកម្នេញ កំពុងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតចំពោះព្រះសហគមន៍នៅអាស៊ី នេះបើយោងតាមការលើកឡើងរបស់ បណ្ឌិតឆុង ពី យី (Choong Pui Yee) សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យ Malaya។
នៅក្នុងការថ្លែងសុន្ទរកថានាថ្ងៃទី ២៣ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) លោកស្រីឆុង បានព្រមានថា ការបែកបាក់ក្នុងសង្គមទាំងនេះអាចជ្រៀតចូលទៅក្នុងព្រះសហគមន៍បានយ៉ាងងាយស្រួល។
អ្នកស្រីលើកឡើងថា «ការបែកបាក់ផ្នែកនយោបាយ ពូជសាសន៍ និងសង្គម មិនបានទប់ទល់ត្រឹមទ្វារព្រះវិហារនោះទេ»។
បណ្ឌិតឆុង បានពន្យល់ថា ការផ្លាស់ប្តូរសង្គមយ៉ាងឆាប់រហ័ស ជាតិនិយមសាសនា និងពពុះព័ត៌មានឌីជីថល កំពុងជំរុញឱ្យមាន «ឥទ្ធិពលនៃការបែកបាក់មតិ» ដែលនៅក្នុងនោះ មតិខុសគ្នាត្រូវបានចាត់ទុកដូចជាសត្រូវ។
លោកស្រីបានកត់សម្គាល់ថា «នៅពេលរឿងនេះកើតឡើង ការសន្ទនាគ្នានឹងក្លាយជារឿងលំបាក ដោយសារតែមនុស្សឈប់ស្តាប់គ្នាទៅវិញទៅមក» ។
ដើម្បីទប់ទល់នឹងបញ្ហានេះ លោកស្រីបានជំរុញឱ្យព្រះសហគមន៍ឈរលើជំហផ្ទាល់ខ្លួន ចៀសផុតពីភក្តីភាពផ្នែកនយោបាយ និងពូជសាសន៍ ដោយរក្សាអត្តសញ្ញាណរបស់ខ្លួនឱ្យស្របតាមព្រះគ្រីស្ត និងបម្រើយ៉ាងសកម្មក្នុងនាមជាអ្នកសម្របសម្រួលនៅក្នុងសង្គមដែលកំពុងបែកបាក់។
«ព្រះសហគមន៍គួរតែបង្ហាញថា ការខ្វែងគំនិតគ្នាមិនចាំបាច់នាំទៅរកការចងអាឃាតនោះទេ» លោកស្រីបានថ្លែង ដោយសង្កត់ធ្ងន់ថា គ្រីស្តបរិស័ទត្រូវតែបញ្ជាក់ពីឯកភាពរបស់ពួកគេលើសពីអ្វីៗទាំងអស់។ «ព្រះសហគមន៍ត្រូវបានអំពាវនាវឱ្យបញ្ជាក់ពីអត្តសញ្ញាណរបស់ខ្លួនជាសហគមន៍ដែលរួមគ្នាជាធ្លុងមួយនៅក្នុងអង្គព្រះគ្រីស្ត»។
លោកស្រីបានបញ្ចប់ដោយពោលថា ការឆ្លើយតបរបស់ព្រះសហគមន៍ចំពោះការបែកបាក់មតិ មិនអាចចាក់ឫសនៅក្នុងអំណាចនយោបាយ ឬជ័យជម្នះផ្នែកមនោគមវិជ្ជានោះទេ។ ផ្ទុយទៅវិញ ការចូលរួមចំណែកដ៏លេចធ្លោរបស់ខ្លួន គឺការអំពាវនាវនៃដំណឹងល្អចំពោះសេចក្តីស្រឡាញ់ ក្តីមេត្តា ការអត់ទោស និងការសម្រុះសម្រួល។
ការឆ្លុះបញ្ចាំងរបស់លោកស្រីបានរំលឹកដល់ក្រុមលោកអភិបាល និងប្រតិភូទាំងឡាយដែលបានជួបជុំគ្នានៅទីក្រុងហ្សាការតា ដើម្បីធានាថា លក្ខណៈស៊ីណូដាល ត្រូវបានរស់នៅក្នុងជីវិតពិត មិនត្រឹមតែតាមរយៈរចនាសម្ព័ន្ធ និងដំណើរការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការបណ្តុះសហគមន៍ដែលភាពខុសគ្នាមិនក្លាយជាការបែកបាក់ ហើយកន្លែងដែលការរួបរួមគ្នានៅតែមានកម្លាំងរឹងមាំជាងជម្លោះ៕