សហរដ្ឋអាមេរិកបន្តអំពាវនាវ កម្ពុជា-ថៃ បញ្ចប់អរិភាព
លោក Tommy Pitott អ្នកនាំពាក្យរងក្រសួងកាបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែធ្នូ (ម៉ោងនៅសហរដ្ឋអាមេរិក) បានបន្តអំពាវនាវកម្ពុជា-ថៃឲ្យបញ្ចប់អរិភាព ដោយអនុវត្តយ៉ាងពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលរួមមានយន្តការដើម្បីពន្លឿនការដោះមីនមនុស្សធម៌ និងដោះស្រាយបញ្ហាព្រំដែនផងដែរ។
ក្រសួងលើកឡើងថា៖ «យើងសូមស្វាគមន៍ចំពោះមេដឹកនាំអាស៊ានដែលមកជួបជុំគ្នានៅសប្តាហ៍នេះ ដើម្បីគាំទ្រដល់ប្រទេសកម្ពុជា និងថៃក្នុងការគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះ»។
ក្រសួងបានចេញសេចក្តីថ្លែងការណ៍នេះ មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលរៀបចំឡើងនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃចន្ទទី២២ខែធ្នូឆ្នាំ២០២៥នេះ។
ដោយមានការចូលរួមទាំងពីសំណាក់ភាគីអាមេរិកនិងចិនផងនោះ ជំនួបនេះនឹងក្លាយជាវេទិកា នាំឲ្យស្ថានការណ៍កម្ពុជា-ថៃ ធូរស្រាល កាត់បន្ថយភាពតានតឹង ឈានឆ្ពោះទៅរកបទឈប់បាញ់ជាផ្លូវការ។
យោងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអោយដឹងថា កងកម្លាំងយោធាថៃបានបង្កើនការវាយប្រហាររបស់ខ្លួនមកលើ តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកព្រលឹមថ្ងៃនេះ។
យោធាថៃបានដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ F-16 នៅម៉ោង ៥:០២ ព្រឹក ដោយបានទម្លាក់គ្រាប់បែកចំនួន ៤ គ្រាប់ ចំតំបន់បឹងត្រកួន។ ក្រសួងបានបន្ថែមទៀតថា នៅម៉ោង ៥:៤៩ ព្រឹក កងកម្លាំងថៃបានបន្តបង្កើនការបាញ់ប្លោងយ៉ាងខ្លាំងក្លាមកលើតំបន់ដដែលនេះ៕