សវនាការលើសកម្មជនចលនាមាតាធម្មជាតិ នឹងធ្វើឡើងម្តងទៀត នាថ្ងៃទី៥ ខែមិថុនា

សាលាដំបូងរាជធានីភ្នំពេញ នឹងធ្វើសវនាការពេញមួយថ្ងៃទៅលើសកម្មជនចលនាមាតាធម្មជាតិ នៅដើមខែមិថុនា ឆ្នំា២០២៤ខាងមុខនេះ បន្ទាប់ពីសវនាការកន្លះថ្ងៃ នាថ្ងៃទី២៩ ខែឧសភានេះ។
កញ្ញា ភួន កែវរស្មី ដែលត្រូវជាប់ចោទមួយរូបក្នុងចំណោមជនជាប់ចោទទាំង៨រូប បានប្រាប់ឱ្យដឹងបន្ទាប់ពីចេញពីសវនាការនាថ្ងៃនេះថា សវនាការលើកក្រោយនឹងធ្វើឡើងនាថ្ងៃទី៥ ខែមិថុនាឆ្នាំ២០២៤ ដែលនឹងត្រូវធ្វើពេញមួយថ្ងៃតែម្តង។
កញ្ញាថា ៖ «សវនាការលើកក្រោយ ត្រូវចៅក្រមសម្រេចថានឹងធ្វើពេញមួយថ្ងៃ ដោយចាប់ផ្តើមពេលព្រឹកម៉ោង៨៖៣០នាទី និងពេលថ្ងៃនៅម៉ោង២រសៀល។ ពួកយើងក៏មានការបារម្ភដែរ ក្នុងនាមជាកូនក្តី ជាជនជាប់ចោទ យើងមិនចង់ឱ្យធ្វើសវនាការមួយថ្ងៃពេញទេ ព្រោះយើងនឹងមានការនឿយហត់ក្នុងការចោទសួរនូវបញ្ហាមួយចំនួនដែលយើងមិនបានប្រព្រឹត្តខុសច្បាប់»។
កញ្ញា ភួន កែវរស្មី បានបន្ថែមថា ៖ «ប៉ុន្តែចៅក្រមសបានសម្រេចហើយថានឹងធ្វើសវនាការមួយថ្ងៃពេញនៅដើមខែក្រោយនេះ។ ចឹង យើងសង្ឃឹមថាបងប្អូននឹងមកគាំទ្រ និងលើកទឹកចិត្តដល់យើងខ្ញុំបន្តទៀត ព្រោះរឿងក្តីនេះនឹងមិនងាយបញ្ចប់ត្រឹមសវនាការមួយថ្ងៃលើកក្រោយទៀតនេះទេ»។
យុវជន យ៉ីម លាងហ៊ី បានប្រាប់ថា សវនាការនៅថ្ងៃទី២៩នេះ បានសួរដេញដោលតែលោកម្នាក់ប៉ុណ្ណោះក្នុងចំណោមសកម្មជនចលនាមាតាធម្មជាតិដែលបានចូលសវនាការ ហើយលោកក៏បានបញ្ជាក់ប្រាប់តុលាការផងដែរពីសកម្មភាពរបស់លោកគឺ ដើម្បីតែការពារធនធានធម្មជាតិប៉ុណ្ណោះ។
លោកបានថ្លែងថា ៖ «ខ្ញុំចូលរួមសកម្មភាពចលនាមាតាធម្មជាតិ គឺដើម្បីការពារបរិស្ថាន គឺជាការបំពេញកាតព្វកិច្ចក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ខ្ញុំយល់ថាមានតែអ្នកដែលនៅស្ងៀមមើលតែការវិនាសអន្តរាយទៅវិញទេដែលបានប្រព្រឹត្តហិង្សាស្ងៀមស្ងាត់ដែលមិនបានបំពេញតួនាទីជាពលរដ្ឋ»។
លោក យ៉ីម លាងហ៊ី បានបន្តថា ៖ «ខ្ញុំធ្វើការ មិនមែនដើម្បីបង្ហាញថាខ្លួនឯងចង់បានពានរង្វាន់ ដើម្បីខ្លួនឯងចង់បានការគាំទ្រនោះឡើយ។ ខ្ញុំចង់បញ្ជាក់ថា អ្វីដែលខ្ញុំធ្វើគឺក្នុងនាមខ្ញុំជាពលរដ្ឋ ដើម្បីបរិស្ថាន ដើម្បីពិភពលោកប៉ុណ្ណោះ»។
សូមរម្លឹកថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ម៉ោង៨កន្លះព្រឹក សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងសកម្មជនចលនាមាតាធម្មជាតិ ពីបទ «រួមគំនិតក្បត់» និង « ប្រមាទព្រះមហាក្សត្រ» ចំនួន៨នាក់ ក្នុងនោះអវត្តមាននៅសវនាការចំនួន៣នាក់៕




Daily Program
