សម្តេចប៉ាប ឡេអូ ១៤ អធិដ្ឋាន សូមឱ្យកម្ពុជា និងថៃ ខិតខំរកផ្លូវ ដើម្បីសន្តិភាព និងការផ្សះផ្សា
បុរីវ៉ាទីកង់៖ ក្នុងឱកាសពិធីប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” ក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត ចេញពីវិសាលវិហារ Saint Peter’s Basilica សម្តេចប៉ាបឡេអូ ១៤ បានលើកឡើងជាពិសេសពីទំនាក់ទំនងរវាងកម្ពុជា និងថៃ។
សម្តេចប៉ាប បានមានបន្ទូលអធិដ្ឋានថា៖ «យើងសូមទូលអង្វរព្រះអម្ចាស់ សូមឱ្យចំណងមិត្តភាពដ៏យូរលង់រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជាត្រូវបានស្តារឡើងវិញ ហើយសូមឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តខិតខំប្រឹងប្រែងឆ្ពោះទៅរកការផ្សះផ្សា និងសន្តិភាព។»
គួរបញ្ជាក់ថា ប្រទានព្រះពរ ដល់ទីក្រុងរ៉ូម និងពិភពលោកទាំងមូល “Urbi et Orbi” គឺជាពរជ័យដ៏ខ្ពង់ខ្ពស់បំផុតដែលសម្តេចប៉ាបតែងតែប្រទានក្នុងឱកាសបុណ្យព្រះយេស៊ូប្រសូត និងបុណ្យចម្លង (Easter) ដែលជានិមិត្តរូបនៃក្តីសង្ឃឹម និងការបង្រួបបង្រួមមនុស្សជាតិទូទាំងសកលលោក។