សម្តេចប៉ាប៖ ពិភពលោកបច្ចុប្បន្ន ត្រូវការសន្តិភាពបំផុត

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូបានបន្តគោរពអញ្ជើញមនុស្សជាតិគ្រប់គ្នាឱ្យអធិដ្ឋានសុំសន្តិភាពនៅក្នុងពិភពលោករបស់យើងនៅពេលនេះហើយជំរុញឱ្យមនុស្សជាតិ កុំភ្លេចអ៊ុយក្រែន ប៉ាឡេស្ទីន អ៊ីស្រាអែល មីយ៉ាន់ម៉ា និងប្រទេសទាំងអស់ដែលរងទុក្ខដោយសារជម្លោះ និងហិង្សា។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបបានលើកឡើងជាថ្មីម្តងទៀតបែបនេះនៅក្នុងកម្មវិធីអប់រំជំនឿប្រចាំសប្តាហ៍ ជាមួយនឹងគ្រីស្តបរិស័ទរាប់សិបនាក់ដែលបានប្រមូលម្តុំគ្នានៅទីលានសន្តសិលា។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «ចូរយើងទាំងអស់គ្នាអធិស្ឋានសុំសន្តិភាព យើងត្រូវការសន្តិភាព ពិភពលោករបស់យើងកំពុងមានសង្រ្គាម»។
សាររបស់សម្តេចប៉ាបបែបនេះនៅពេលដែល មរណៈបុគ្គលគឺបានកើតមានជាបន្តបន្ទាប់ដោយសារតែការវាយ ប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅអ៊ុយក្រែន ជម្លោះដែលពិបាកផ្សះផ្សានៅមជ្ឈឹមបូពារ ជាមួយនឹងវិបត្តិផ្ទៃក្នុង និងស្ថានភាពរបស់ដ៏សែនទារុណរបស់ជនជាតិរ៉ូហ៊ីងយ៉ានៅមីយ៉ានម៉ា។
សម្តេចប៉ាបបានមានបន្ទូលថា ៖ «សូមយើងកុំឱ្យបំភ្លេចអ្នកធ្វើទុក្ករកម្មនៅអ៊ុយក្រែនដែលកំពុងរងទុក្ខវេទនាយ៉ាងខ្លាំង។ សូមកុំភ្លេចប៉ាឡេស្ទីននិង អ៊ីស្រាអែល សូមកុំភ្លេចមីយ៉ាន់ម៉ា ហើយកុំឱ្យយើងភ្លេចប្រទេសជាច្រើនដែលកំពុងមានសង្រ្គាម»។
សម្តេចប៉ាបបានអំពាវនាវថា ៖ «បងប្អូនប្រុសស្រី យើងត្រូវអធិដ្ឋានសុំសន្តិភាពក្នុងគ្រាសង្រ្គាមលោកនេះ»។
សម្តេចប៉ាបបានមានបន្ទូលថា សន្តិភាពគឺជាអ្វីដែលមនុស្សម្នាក់ៗអាចកសាងបានដោយការរួមចំណែករបស់ពួកគេផ្ទាល់ សូម្បីតែកូនក្មេងក៏ដោយ៕
Daily Program
